ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 67 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

កវីទំនុកតម្កើងបានច្រៀងពីក្ដីស្រឡាញ់និងភាពស្មោះត្រង់នៃព្រះ ដោយសារតែសម្ពន្ធមេត្រីរបស់ព្រះបានតាំងឡើងតាមរយៈពង្សខ្សែសវតារបស់ ស្ដេច ដាវីឌ។ តើមាននរណាមួយអាចប្រៀបផ្ទឹមស្មើនឹងព្រះអម្ចាស់បាន?

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ប្រវត្តិនៅពីក្រោយនៃទំនុកតម្កើងនេះ នោះគឺថាប្រជារាស្រ្ដបានជាប់ជាឈ្លើយនៅស្រុកបាប៊ីឡូន។ ទីក្រុងយេរូសាឡឹមបានស្ថិតក្នុងសភាពបាក់បែកខ្ទេចខ្ទី ដោយព្រោះតែស្ដេចដ៏អាក្រក់របស់ខ្លួន ត្រូវបានចាប់យកទៅឃុំឃាំង។ តែទោះជាយ៉ាងនេះក្ដី កវីទំនុកតម្កើងចាប់ផ្ដើមដោយការប្រកាសពីក្ដីស្រឡាញ់ និងភាពស្មោះត្រង់របស់ព្រះ។ សម្ពន្ធមេត្រីនៃព្រះរវាងញាតិសន្ដានរបស់ ស្ដេច ដាវីឌ នោះមិនអាស្រ័យទៅលើភាពស្មោះត្រង់របស់ពួកគេចំពោះព្រះនោះទេ ប៉ុន្តែគឺវាអាស្រ័យទៅលើធម្មជាតិនិងចរិតលក្ខណៈរបស់ព្រះជាម្ចាស់នោះវិញ។ នៅក្នុងរបៀបដូចគ្នានេះ ជំនឿរបស់កវីទំនុកតម្កើងពុំពឹងផ្អែកទៅលើស្ថានភាពទាំងឡាយដែរ ប៉ុន្តែជំនឿនោះបានបណ្ដាក់ជាប់ឱ្យនឹងថ្កល់ក្នុងចរិតលក្ខណៈរបស់ព្រះទៅវិញ។ អនាគតកាលរបស់ប្រជារាស្រ្តអ៊ីស្រាអែល គឺសោះកក្រោះណាស់ ប៉ុន្តែពួកគេគឺស្ថិតនៅក្រោមការមើលថែរក្សារបស់ព្រះដ៏អស្ចារ្យ ដ៏ខ្លាំងក្លា ដ៏មានគ្រប់ព្រះចេស្ដា ដ៏សុចរិត ដ៏យុត្តិធម៌ និងពោរពេញដោយក្ដីស្រឡាញ់នោះវិញ។ ទោះបើពួកគេមានអារម្មណ៍ថាព្រះ ដូចជាដកហូតសម្ពន្ធមេត្រីរបស់ព្រះអង្គក្ដី ក៏ព្រះអង្គពុំធ្វើយ៉ាងដូច្នោះឡើយ។ ព្រះបន្ទូលសន្យាបានសម្រេចនៅគ្រាចុងក្រោយ ដោយនោះគឺជាការគ្រងរាជ្យនៃអង្គព្រះយេស៊ូ(វ) ក្នុងនាមព្រះអង្គជាព្រះមហាក្សត្រដ៏គង់នៅអស់កល្បជានិច្ច។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

ផ្លូវអារម្មណ៍នោះពិតជាចម្លែកណាស់។ ម្ដងវាអាចនាំឱ្យយើងមានអារម្មណ៍ពោរពេញដោយក្ដីសោមនស្សរីករាយ តែមួយភ្លែតទៀត វាក៏បែរទៅជាធ្វើឱ្យយើងធ្លាក់ក្នុងក្ដីអស់សង្ឃឹមតែមួយពព្រិចភ្នែក ប៉ុន្តែអ្វីៗដែលកំពុងតែកកើតមានឡើងចំពោះអ្នក ឬនៅជុំវិញអ្នក ពុំប៉ះពាល់ដល់ចរិតលក្ខណៈដ៏មិនចេះផ្លាស់ប្រែរបស់ព្រះបានឡើយ។ ចូរមើលទៅខាងក្រោយ ក្នុងទំនុកតម្កើង ៨៩ ឡើងវិញ រួចគូសចំណាំពីឈ្មោះ និងគុណសម្បត្តិរបស់ព្រះ នៅក្នុងអត្ថបទគម្ពីរនោះ។ តើមានផ្នែកណាខ្លះ ក្នុងចំណោមចរិតលក្ខណៈរបស់ព្រះ ដែលមានន័យយ៉ាងជាក់លាក់ទៅកាន់រូបអ្នក នៅថ្ងៃនេះ? តើមានព្រះនាមណាមួយរបស់ព្រះ ដែលអ្នកត្រូវការស្រែកទូលអង្វររក ដោយគិតពីស្ថានភាពបច្ចុប្បន្នរបស់អ្នក? ចូរចងចាំថាស្ថានភាព និងអារម្មណ៍របស់អ្នកវាអាចឆ្លាស់ចុះឡើង ប៉ុន្តែភាពស្មោះត្រង់នៃព្រះ គឺពុំប្រែប្រួលសោះឡើយ។

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org