ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
កវីទំនុកតម្កើងបានរស់នៅក្នុងទីជម្រកនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយក៏បានស្នាក់អាស្រ័យនៅក្នុងស្រមោលនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ គាត់បានទទួលស្គាល់ ហើយបានស្រែករកព្រះ ដែលព្រះអង្គបានសន្យាថានឹងគង់នៅជាមួយគាត់ក្នុងគ្រារូបគាត់មានទុក្ខលំបាក។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ព្រះជាម្ចាស់បានប្រទានព្រះបន្ទូលសន្យាយ៉ាងពិសេស ទៅកាន់ប្រជាជាតិអ៊ីស្រាអែល។ ព្រះបន្ទូលសន្យាអស់ទាំងនោះបានស្ដែងជាភស្ដុតាងនៅក្នុងអត្ថបទគម្ពីរថ្ងៃនេះ។ ចូរនឹកស្រមៃពីការការពារពីស្ថានសួគ៌យ៉ាងដូចនេះ ដោយមនុស្សមិនត្រូវការភ័យខ្លាចចំពោះគ្រោះកាច បញ្ហាសត្វចង្រៃ ឬការវាយប្រហាររបស់ខ្មាំងសត្រូវ – ដរាបណាពួកគេនៅមានជីវិត ក្រោមការស្ដាប់បង្គាប់នៃព្រះដ៏មានគ្រប់ទាំងព្រះចេស្ដា។ ព្រះបន្ទូលសន្យារបស់ព្រះបានគ្របបាំងពួកគេ ប្រៀបដូចជាស្លាបរបស់មេមាន់ ពាំងពីលើកូនមាន់។ កវី (អនាមិក) នៃទំនុកតម្កើងនេះ បានរស់នៅប្រកបដោយសុខសន្តិភាព ក្រោមព្រះបន្ទូលសន្យាទាំងនេះ។ គាត់ពុំចាំបាច់រត់ទៅរកព្រះ នៅពេលដែលទុក្ខលំបាកកើតឡើងឡើយ ដោយព្រោះគាត់បានស្ថិតនៅជាប់នឹងព្រះអង្គរួចជាស្រេច នៅពេលដែលគ្រាលំបាកកើនឡើង។ ព្រះជាម្ចាស់ពុំបានដកគាត់ចេញពីរាល់ទុក្ខលំបាកនោះទេ ប៉ុន្តែព្រះអង្គបានសន្យាថានឹងគង់នៅជាមួយគាត់ គឺនៅចំកណ្ដាលនៃបញ្ហាទាំងនោះផងវិញ។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
ព្រះយេស៊ូ(វ) ពុំដែលសន្យាទៅដល់អ្នកដើរតាមព្រះអង្គ ថាជីវិតរបស់គេនឹងបានស្រណុកសុខស្រួល ដោយសារតែពួកគេបានប្ដូរជីវិតមករស់នៅឱ្យបានគាប់នឹងព្រះហឫទ័យរបស់ទ្រង់នោះឡើយ។ តាមពិតទៅ ព្រះអង្គមានបន្ទូលផ្ទុយស្រឡះពីនេះទៅវិញ។ គ្រីស្ទបរិស័ទនៅគ្រប់ជំនាន់និងសម័យកាល ពួកគេត្រូវរងការបៀតបៀន ដោយព្រោះតែជំនឿដែលពួកគេមាននៅក្នុងអង្គព្រះគ្រីស្ទ។ សូម្បីតែនៅសព្វថ្ងៃនេះ អ្នកប្រហែលជាធ្លាប់ស្គាល់និងឮពីអ្នកដើរតាមព្រះដ៏ស្មោះត្រង់និងពេញដោយការគោរពកោតខ្លាចព្រះ ដែលរូបគេកំពុងតែរងវិបត្តិនៃជំងឺដ៏ធ្ងន់ធ្ងរ ឬប្រឈមនឹងទុក្ខសោកនាដកម្មណាមួយហើយមើលទៅ។ តែទោះជាយ៉ាងណាមិញ យើងមានព្រះបន្ទូលសន្យា ថាព្រះទ្រង់ស្ដាប់យើងនៅពេលដែលយើងអធិស្ឋាន (១ យ៉ូហាន ៥៖១៤-១៥) ហើយព្រះអង្គគង់នៅជាមួយយើង នៅក្នុងរាល់គ្រប់ភាពលំបាកទាំងឡាយដែលយើងត្រូវប្រឈម (ម៉ាថាយ ២៨៖២០)។ វាពិតជាអាចទៅរួច ដោយថាយើងអាចសម្រាក ដោយមិនចាំបាច់ភ័យខ្លាច នៅក្នុងសេចក្ដីសុខសាន្តរបស់ព្រះ ទាំងដឹងថាគ្មានអ្វីមួយ អាចមកប៉ះពាល់ដល់អាយុជីវិតរបស់យើងបានទេ លុះត្រាតែព្រះពេញដោយក្ដីស្រឡាញ់របស់យើង ទ្រង់អនុញ្ញាតតែប៉ុណ្ណោះ។ តើអ្នកកំពុងតែស្ថិតនៅជាប់នឹងព្រះអង្គដែរឬទេនៅថ្ងៃនេះ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









