ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ដោយសារតែព្រះទ្រង់គង់នៅអស់កល្បជានិច្ច នោះមួយពាន់ឆ្នាំប្រៀបបានទៅនឹងមួយថ្ងៃអញ្ចឹងចំពោះព្រះអង្គ។ លោក ម៉ូសេ ចង់រស់តាមថ្ងៃកំណត់របស់គាត់ ពេញដោយប្រាជ្ញា ហើយគាត់ចង់ទទួលបានពីក្ដីស្រឡាញ់នៃព្រះ នៅក្នុងថ្ងៃនៃជីវិតទាំងប៉ុន្មានដែលនៅសេសសល់របស់គាត់។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទំនុកតម្កើង ៩០ ជាចំណុចចាប់ផ្ដើមនៃសៀវភៅទីបួន នៃកម្រងកណ្ឌគម្ពីរទំនុកតម្កើង ដែលត្រង់នេះ គឺជាទំនុកចម្រៀងរបស់ប្រជារាស្រ្ដអ៊ីស្រាអែល ក្នុងគ្រាដែលពួកគេបានចំណាយពេលដើរឆ្លងកាត់ទីរហោស្ថាន។ ដោយព្រោះតែភាពបះបោរប្រឆាំងរបស់ពួកគេ នោះព្រះជាម្ចាស់បានបដិសេធមិនអនុញ្ញាតឱ្យនរណាម្នាក់ លើសពីអាយុ ២០ ឆ្នាំ អាចចូលទៅកាន់កាប់ទឹកដីសន្យាបានឡើយ (ជនគណនា ១៣៖១៤)។ រាល់គ្រប់អំពើបាបរបស់គេទាំងប៉ុន្មាន ត្រូវបានលាតត្រដាងនៅចំពោះព្រះ។ ពួកគេត្រូវធ្វើដំណើរពីទីកន្លែងមួយ ទៅកាន់ទីកន្លែងមួយទៀត អស់រយៈពេល ៤០ ឆ្នាំ ដោយត្រូវសម្លឹងមើលនូវមនុស្សពេញវ័យទាំងប៉ុន្មាន កាន់តែចាស់រហូតដល់ពួកគេអស់អាយុជីវិត។ លោក ម៉ូសេ ចង់ទទួលបាននូវទស្សនៈដ៏អស់កល្បនៃព្រះ ទៅក្នុងរបៀបរស់នៅ សម្រាប់ថ្ងៃទាំងប៉ុន្មានដែលនៅសេសសល់របស់គាត់នៅលើផែនដីនេះ។ សូម្បីតែត្រូវដើរឆ្លងកាត់ទីវាលរហោស្ថាន នោះក៏អាចនាំឱ្យគាត់មានចិត្តស្កប់ស្កល់ និងចិត្តពេញដោយអំណរបានដែរ ប្រសិនបើក្ដីស្រឡាញ់ និងក្ដីសន្ដោសមេត្តារបស់ព្រះ បានដៅទៅលើថ្ងៃទាំងប៉ុន្មាននោះ។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
ជីវិតពិតជាខ្លីណាស់។ ហើយថ្ងៃទាំងឡាយដែលនៅសេសសល់ នោះក៏អាចមានពេញដោយវិបត្តិ បញ្ហា និងការឈឺចាប់ផងដែរ។ ជួសដោយរឿងអស់ទាំងនោះ អ្នកអាចរស់នៅក្នុងជីវិតដ៏មានន័យ ប្រសិនបើអ្នករស់នៅមានគំនិតប្រកបដោយទស្សនៈដ៏អស់កល្បជានិច្ចរបស់ព្រះ សម្រាប់ថ្ងៃនីមួយៗដែលអ្នកនៅមាន។ ព្រះអង្គទតឃើញពីជីវិតរបស់អ្នក តាំងពីទីចាប់ផ្ដើមរហូតដល់ទីបញ្ចប់ ហើយព្រះអង្គជ្រាបថាបំណែកជីវិតទាំងឡាយរបស់អ្នក ត្រូវផ្គូរផ្គងគ្នាយ៉ាងម៉េច សម្រាប់គោលបំណងដែលព្រះអង្គមានក្នុងជីវិតរបស់អ្នក។ គ្មានអ្វីមួយ ដែលអ្នកនិយាយ ឬធ្វើ អាចលាក់បាំងពីព្រះបានឡើយ—ការអានពីព្រះបន្ទូលរបស់ព្រះអង្គប៉ះពាល់ទៅលើរបៀបរស់នៅរបស់អ្នក ដើម្បីឱ្យអ្នកអាចរស់នៅប្រកបដោយប្រាជ្ញា និងរស់នៅឱ្យបានត្រឹមត្រូវ ជាប្រយោជន៍ឱ្យអ្នកអាចរស់នៅពីមួយថ្ងៃទៅមួយថ្ងៃបានជាទីគាប់ព្រះទ័យដល់ព្រះ។ ក្នុងខណៈពេលដែលអ្នករៀនទុកចិត្តលើព្រះ នោះអ្នកនឹងស្វែងរកឃើញនូវភាពស្កប់ស្កល់ដ៏ស្ថិតស្ថេរ នៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះអង្គ បើទោះជាមានរឿងអ្វីកើតឡើងក៏ដោយ។ មិនថាជាអ្នកនៅសល់ប៉ុន្មានឆ្នាំក្នុងជីវិតរបស់អ្នកនោះទេ គឺថ្ងៃនីមួយៗទាំងនោះ ត្រូវបានដៅដោយព្រះហស្ដព្រះ។ តើអ្នកនឹងរស់នៅប្រកបដោយប្រាជ្ញា និងរស់នៅឱ្យបានត្រឹមត្រូវដែរឬទេនៅក្នុងថ្ងៃនេះ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









