ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 54 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ដាវីឌ បានទូលសួរដល់ព្រះ ដើម្បីសុំឱ្យព្រះអង្គសង្គ្រោះគាត់ពីការវាយប្រហារនិងការប្រមាថជាញឹកញយពីខ្មាំងសត្រូវរបស់គាត់។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

យើងមិនច្បាស់ថា ដាវីឌ បានតាក់តែងទំនុកតម្កើងនេះ នៅពេលណានោះទេ ប៉ុន្តែទុក្ខព្រួយនិងកង្វល់របស់គាត់ គឺកើនឡើងសែនខ្លាំងនៅពេលនោះ រហូតដល់គាត់មានអារម្មណ៍ថាខ្លួនគាត់ដូចជាកំពុងលង់ទឹក។ ប្រឈមនឹងខ្មាំងសត្រូវដែលបានស្អប់រូបគាត់ ដោយគ្មានហេតុផលច្បាស់លាស់ នោះ ដាវីឌ បានបែរទៅរកព្រះសម្រាប់ជំនួយ។ សេចក្ដីអធិស្ឋានរបស់គាត់ បរិយាយយ៉ាងលម្អិតអំពីភាពឈឺចាប់ ដែលគាត់ធ្លាប់ទទួលរង ប៉ុន្តែក្នុងខណៈពេលដែលគាត់ស្រែករកព្រះ ដើម្បីជួយដោះស្រាយ និងជួយការពាររូបគាត់ នោះមានរឿងគួរឱ្យចាប់អារម្មណ៍មួយបានកើតឡើង – គាត់បានស្វែងរកឃើញទំនុកចិត្ត ថាព្រះជាម្ចាស់គឺជាម្ចាស់គ្រប់គ្រងលើរាល់គ្រប់ស្ថានភាព។ ការសម្គាល់ដឹងយ៉ាងដូច្នេះ បានកើនឡើងយ៉ាងហូរហៀរ ប្រៀបដូចទឹកជំនន់ ជន់ជោរនៅក្នុងរូបគាត់ ទាំងធ្វើឱ្យគាត់បានបន្ទាបខ្លួន នៅក្នុងព្រះវត្តមាននៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ នៅត្រង់ចំណុចនោះ សេចក្ដីអធិស្ឋានដែលពេញដោយភាពឈឺចាប់របស់ ដាវីឌ បានក្លាយទៅជាចម្រៀងសរសើរតម្កើង ទៅវិញ។ ជំនួយរបស់គាត់នឹងបានមកពីព្រះ ដែលជាអម្ចាស់រក្សានូវព្រះបន្ទូលសន្យារបស់ព្រះអង្គ។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

មនុស្សយើងជាច្រើនបានបែរអារម្មណ៍របស់ខ្លួនទៅរកព្រះ នៅក្នុងគ្រាដ៏ខ្មៅងងឹតទាំងឡាយនៃជីវិត។ យើងអធិស្ឋានយ៉ាងលម្អិតពីបញ្ហារបស់យើង ទាំងរៀបរាប់ប្រាប់ដល់ព្រះយ៉ាងជាក់លាក់ពីអ្វីដែលយើងគិតចង់ឱ្យព្រះធ្វើសម្រាប់រូបយើង។ ទោះជាយ៉ាងនេះក្ដី ជារឿយៗ យើងរើខ្លួនចេញ មុននឹងសេចក្ដីអធិស្ឋានរបស់យើងដើរទៅដល់ទីបន្ទាបខ្លួន ដូចដែល ដាវីឌ បានធ្វើ នៅក្នុងអត្ថបទនៅថ្ងៃនេះ។ ការអធិស្ឋានជាមួយនឹងភាពបន្ទាបខ្លួន តម្រូវឱ្យយើងហ៊ានទទួលស្គាល់ថាព្រះជ្រាបពីរបៀបដោះស្រាយចំពោះស្ថានភាពរបស់យើង ជាជាងរូបយើងទៅដោះស្រាយរឿងអស់ទាំងនោះដោយខ្លួនឯងទៅទៀត។ យើងត្រូវតែហ៊ានលះចោលការគ្រប់គ្រង និងការបញ្ជាទាំងឡាយរបស់យើង។ ព្រះជាម្ចាស់ជ្រាបទាំងស្រុងពីស្ថានភាពរបស់អ្នក មុននឹងរូបអ្នកបានអធិស្ឋានទៅទៀត តែទោះជាយ៉ាងនេះក្ដី នៅពេលណាដែលអ្នកទទួលយកទីតាំងនៃការបន្ទាបខ្លួននៅចំពោះព្រះភក្រ្តរបស់ព្រះ នោះនឹងមានរឿងពេញដោយអំណាចចេស្ដាកើតឡើង – ក្ដីឈឺចាប់ផ្ទាល់ខ្លួន អាចក្លាយទៅជាហេតុផល ដើម្បីនាំឱ្យអ្នកអាចលើកសរសើរតម្កើងព្រះ ដែលមានតែព្រះអង្គមួយប៉ុណ្ណោះ ដែលអាចរកយុត្តិធម៌ និងផ្ដល់ការកម្សាន្តចិត្តឱ្យរូបយើងបាន។ តើអ្នកនឹងបន្ទាបខ្លួន ទាំងហ៊ានទទួលស្គាល់ពីសិទ្ធិអំណាចរបស់ព្រះ នៅលើជីវិតរបស់អ្នក ហើយនិងទុកចិត្តលើព្រះអង្គ ទោះបីជាស្ថានភាពទាំងឡាយរបស់អ្នកពិតជាលំបាកយ៉ាងណាក៏ដោយ ដែរឬទេ?

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org