ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
លោក អេសាភ ធ្លាប់រងការល្បួងដោយច្រណែនចង់បានភាពចម្រុងចម្រើននៃពួកមនុស្សអាក្រក់។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
លោក អេសាភ ពិតជារងទុក្ខយ៉ាងទារុណ ដោយព្រោះតែភាពចម្រុងចម្រើន ដែលមានសភាពខុសប្លែកគ្នារវាងពួកមនុស្សអាក្រក់ ហើយនិងវិបត្តិបញ្ហានៃពួកអ្នកសុចរិត។ ដោយឡែកពីទង្វើក្រអឺតក្រទមរបស់ពួកមនុស្សអាក្រក់ដែលមានចំពោះព្រះ និងការប្រព្រឹត្តយ៉ាងឃោរឃៅទៅកាន់មនុស្សដទៃ មនុស្សដែលមិនគោរពកោតខ្លាចព្រះ ពួកគេមើលទៅហាក់បីដូចជាមិនសូវមានទុក្ខកង្វល់អីច្រើន ហើយថែមទាំងពួកគេមានភាពសប្បាយរីករាយក្រៃក្នុងជីវិត ទាំងប្រកបដោយសុខភាពល្អ ហើយនិងទ្រព្យសម្បត្តិថែមទៀត។ ចំពោះជីវិត លោក អេសាភ ផ្ទាល់វិញ គាត់បានរងគ្រោះដោយវិបត្តិបញ្ហានិងគ្រោះថ្នាក់ជាច្រើន។ គាត់បិះនឹងធ្លាក់ទៅក្នុងក្ដីល្បួងនៃការច្រណែនចំពោះភាពចម្រុងចម្រើនរបស់ពួកគេទាំងអស់បាត់ទៅហើយ ប៉ុន្តែគាត់បាននៅនឹកចាំពីព្រះជាម្ចាស់ ដ្បិតព្រះអង្គនឹងវិនិច្ឆ័យទោសពួកមនុស្សមិនគោរពកោតខ្លាចព្រះ ប៉ុន្តែពួកមនុស្សសុចរិត គេនឹងបាននៅក្រោមការការពាររបស់ព្រះ។ ជីវិតដែលគោរពកោតខ្លាចព្រះរបស់ លោក អេសាភ បានតបស្នងដល់គាត់វិញ ដោយផលប្រយោជន៍ដ៏នៅអស់កល្ប ដើម្បីបានដល់កូនចៅរបស់គាត់ ដែលពួកគេសុទ្ធសឹងក្លាយជាអ្នកចម្រៀង នៅអំឡុងពេលមានការភ្ញាក់ដឹងខ្លួនឡើងវិញដ៏ធំអស្ចារ្យ នៅក្នុងសម័យកាលនៃប្រជាជាតិអ៊ីស្រាអែល ដែលពួកគេបានក្លាយទៅជាពួកអ្នកដឹកនាំប្រជារាស្រ្តព្រះ ឱ្យថ្វាយបង្គំ នៅពេលដែលគ្រឹះនៃព្រះវិហារបានចាប់ផ្ដើមសាងសង់ (អែសរ៉ា ៣៖១០)។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
ព្រះជាម្ចាស់ទ្រង់យុត្តិធម៌ ហើយព្រះអង្គយកព្រះទ័យទុកដាក់ចំពោះជីវិតដែលយើងរស់នៅ។ ព្រះអង្គក៏ជាព្រះតែមួយ ដែលមានសិទ្ធិអំណាចពិតប្រាកដ។ ទោះបីជាការអាក្រក់មើលទៅដូចជាគ្មានផលអាក្រក់កើតឡើង ហើយពួកមនុស្សមិនគោរពកោតខ្លាចព្រះ ហាក់បីដូចជាឡើងគ្រប់គ្រងយ៉ាងអធិកអធមនោះក៏ដោយ ក៏យើងអាចសម្រាកក្នុងទំនុកចិត្ត ថាព្រះជាម្ចាស់ទ្រង់ជ្រាបហើយរាប់ទង្វើទាំងប៉ុន្មានរបស់ពួកគេ។ ម្ចាស់គ្រប់គ្រងលើរាល់គ្រប់អ្វីៗទាំងអស់នឹងធ្វើជាទីជម្រកដល់អ្នក ប្រសិនបើអ្នកជ្រើសរើសយកការសម្រាកនៅក្នុងព្រះអង្គ។ ប្រសិនបើអ្នកជ្រើសរើសប្រឆាំងទាស់នឹងព្រះ នោះព្រះអង្គនឹងក្លាយជាអ្នកប្រឆាំងទាស់លើរូបអ្នកវិញ។ សម្រាក ឬប្រឆាំងទាស់ –តើអ្នកនឹងជ្រើសរើសយកមួយណា នៅថ្ងៃនេះ? តើអ្នកនឹងស្វែងរកការកម្សាន្តចិត្តនៅក្នុងសិទ្ធិអំណាចរបស់ព្រះ ជំនួសដោយការព្រួយបារម្ភអំពីភាពចម្រុងចម្រើនរបស់ពួកមនុស្សមិនគោរពកោតខ្លាចព្រះ ដែរឬយ៉ាងណា? ព្រះជាម្ចាស់កំពុងតែទតមើល។ ព្រះអង្គនឹងមិនបរាជ័យក្នុងការនាំមកនូវភាពយុត្តិធម៌ដល់អ្នកឡើយ។ ហើយព្រះអង្គនឹងប្រទាននូវព្រះពរដ៏អស់កល្បជានិច្ចសម្រាប់ការស្ដាប់បង្គាប់របស់អ្នកជាក់ជាមិនខាន។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









