ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
កវីទំនុកតម្កើងបានលើកសរសើរតម្កើងព្រះជាម្ចាស់ ក្នុងនាមព្រះអង្គជាអ្នកចម្បាំងដ៏អង់អាចអស្ចារ្យ ដ្បិតទ្រង់បានការពារ និងបានរំដោះប្រជារាស្រ្តរបស់ព្រះអង្គនៅក្នុងទីចម្បាំង ទាំងដឹកនាំពួកគេឱ្យទៅកាន់ជ័យជម្នះលើពួកខ្មាំងសត្រូវទាំងឡាយរបស់ពួកគេ។ ព្រះអង្គពិតជាសក្តិសមទទួលបានការលើកសរសើរតម្កើង។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទំនុកតម្កើងនេះអបអរសាទរចំពោះភាពស្មោះត្រង់របស់ព្រះ ដែលមានមកលើប្រជារាស្រ្ដរបស់ព្រះ ហើយបានពិនិត្យមើលទៅលើជ័យជម្នះពីអតីតកាល ដែលពួកគេបានយកឈ្នះទៅលើខ្មាំងសត្រូវ។ លក្ខណៈពិសេសបែបជាពាក្យទំនាយនៃទំនុកតម្កើងនេះ ក៏បានសម្លឹងមើលទៅកាន់រយៈកាល ១ ពាន់ឆ្នាំ នៅពេលដែលព្រះគ្រីស្ទនឹងបង្ហាញពីសិទ្ធិអំណាចរបស់ព្រះអង្គនៅលើផែនដីទាំងមូលផងដែរ។ ព្រះយេស៊ូ(វ) ដែលជាព្រះតែមួយ ព្រះអង្គសក្ដិសមនឹងទទួលនូវរាល់ការថ្វាយបង្គំ នឹងត្រូវបានទទួលស្គាល់ ក្នុងនាមព្រះអង្គជាព្រះមហាក្សត្រ ដ្បិតទ្រង់បានប្រទានការរំដោះ និងសេចក្ដីសង្គ្រោះទៅដល់ប្រជារាស្រ្តរបស់ព្រះអង្គ។ ព្យុះយាត្រានៃភាពជោគជ័យរបស់ពួកអ្នកជឿ នឹងបានក្លាយជាការថ្វាយបង្គំយ៉ាងស្ញប់ស្ញែងទៅដល់ព្រះអម្ចាស់ ហើយពួកគេនឹងបន្តលើកសរសើរតម្កើងនិងគោរពស្ដាប់បង្គាប់ព្រះ។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
ពេលខ្លះជីវិតប្រៀបបានដូចជាសង្គ្រាម ដោយព្រោះស្ថានភាព និងមនុស្សទាំងឡាយ គេហាក់បីដូចជាពួតដៃគ្នា មកប្រឆាំងទាស់នឹងរូបយើង។ ចូរចងចាំថា ទោះបីជាពិភពលោកបច្ចុប្បន្ននេះមិនទាន់ទទួលស្គាល់ថាព្រះគ្រីស្ទជាព្រះមហាក្សត្រក៏ដោយ ក៏ព្រះជាម្ចាស់នៅតែជាព្រះគ្រប់គ្រងនៅលើរាល់អ្វីៗទាំងអស់។ ក្នុងនាមជាប្រជារាស្រ្តរបស់ព្រះ យើងគួរតែថ្វាយបង្គំព្រះ ដ្បិតព្រះអង្គទ្រង់ជាព្រះអម្ចាស់ ហើយសិទ្ធិអំណាចគ្រប់គ្រងរបស់ព្រះអង្គ គឺមាននៅក្នុងគ្រប់ស្ថានភាពទាំងអស់។ នៅពេលដែលជីវិតរបស់យើងវិលវល់ ហើយតែងតែធ្លាក់ចុះ នោះចូរបែរទៅរកព្រះមហាក្សត្រ (ព្រះ) ដែលជាអម្ចាស់គ្រប់គ្រងលើរាល់គ្រប់ស្ថានភាព។ គ្មានអ្វីដែលអាចនាំឱ្យព្រះភ្ញាក់ផ្អើល ឬភ័ន្តច្រឡំបានឡើយ។ ចម្បាំងដែលអ្នកនឹងត្រូវប្រឈមនៅថ្ងៃនេះ គឺជាឱកាស ដើម្បីឱ្យព្រះអាចបង្ហាញពីសិទ្ធិអំណាចរបស់ព្រះអង្គ។ ចូរជ្រើសរើសផ្ដោតចិត្តទៅលើព្រះ ហើយនិងការផ្គត់ផ្គង់របស់ព្រះអង្គ។ ចូរអនុញ្ញាតឱ្យសមត្ថភាពនិងអំណាចចេស្ដារបស់ព្រះផ្ដល់ឱ្យអ្នកមាននូវទំនុកចិត្ត ហើយដឹកនាំអ្នកទៅរកការថ្វាយបង្គំដែលមានពេញដោយជ័យជម្នះនោះចុះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More