ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ដាវីឌ បានលើកសរសើរតម្កើងព្រះ ដ្បិតព្រះអង្គជាអ្នកផ្គត់ផ្គង់នូវរាល់ការល្អទាំងឡាយ បូករួមទាំងចម្រូតដ៏ធំ ដើម្បីទ្រទ្រង់ដល់ប្រជារាស្រ្តរបស់ព្រះអង្គ។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
នៅក្នុងទំនុកតម្កើងនៃផលចម្រូតនេះ ដាវីឌ បានអរព្រះគុណដល់ព្រះ សម្រាប់កិច្ចប្រោសលោះ ដែលព្រះបានបង្ហាញទៅដល់ប្រជារាស្រ្តរបស់ទ្រង់ តាមរយៈសកម្មភាពជាក់លាក់ទាំងនេះ៖ ព្រះអង្គកំពុងតែឆ្លើយតបសេចក្ដីអធិស្ឋាន កំពុងតែអត់ឱនទោស កំពុងតែបង្កើនផលជាក្ដីអំណរនិងការស្កប់ចិត្ត ហើយនិងកំពុងតែបន្តផ្ដល់ការការពារនិងការផ្គត់ផ្គង់។ ដាវីឌ បានរំឭកដល់ប្រជារាស្រ្តអ៊ីស្រាអែលថាព្រះជាម្ចាស់ អាចសម្រេចការអស់ទាំងនេះបាន ដោយសារតែព្រះទ្រង់មានពេញដោយព្រះចេស្ដា និងពេញដោយក្ដីមេត្តាករុណា។ ព្រះជាម្ចាស់បានបង្កើតភ្នំ។ ព្រះអង្គបានរម្ងាប់ទឹកសមុទ្រ។ ព្រះអង្គបញ្ជូនទឹកភ្លៀង និងស្រោចស្រពផែនដី ហើយបណ្ដាលឱ្យមានផលចម្រូតយ៉ាងច្រើន។ មនុស្សគ្រប់រូបពិតជាជាប់ជំពាក់ចំពោះព្រះ សម្រាប់ព្រះពរអស់ទាំងនេះ។ ព្រះជាម្ចាស់ជាព្រះសង្គ្រោះនិងជាព្រះដែលទ្រទ្រង់នៃពិភពលោក ហើយព្រះអង្គសក្ដិសមនឹងទទួលបានការលើកសរសើរតម្កើង និងការទុកចិត្តពីមនុស្សគ្រប់រូប។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
តើអ្នកនឹងមានប្រតិកម្មយ៉ាងដូចម្ដេចនៅពេលដែលធនធានរបស់អ្នក មើលទៅដូចជាតិចតួច? តើទុក្ខព្រួយនិងក្ដីកង្វល់នឹងក្លាយទៅជារបៀបរស់នៅក្នុងជីវិតរបស់អ្នកមែនឬទេ? នៅពេលដែលអ្នកមានក្ដីព្រួយបារម្ភ ចូរបែរចិត្តគំនិតរបស់អ្នក ទៅរកអ្វីដែលព្រះទ្រង់បានបង្កើត និងបានធ្វើ។ ព្រះជាម្ចាស់បានផ្គត់ផ្គង់រាល់អ្វីៗដែលយើងពុំអាចធ្វើបានដោយខ្លួនឯង ដោយប្រទានទ្រព្យសម្បត្តិដ៏ជាទីគាប់ចិត្ត – ដែលជាបុត្រារបស់ព្រះអង្គ – ដោយតាមរយៈការសុគតនិងការរស់ឡើងវិញរបស់ព្រះអង្គ នោះយើងអាចក្លាយទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ ព្រះអង្គជាព្រះជាម្ចាស់ដែលបានបង្កើត និងមានសិទ្ធិអំណាចនៅលើរាល់អ្វីៗទាំងអស់ដែលកើតមាន ហើយព្រះអង្គនឹងបន្តផ្គត់ផ្គង់ដល់រូបយើង។ ប្រសិនបើព្រះអង្គអាចធ្វើរាល់ទាំងការអស់ទាំងនេះបាន នោះប្រាកដណាស់ថា ព្រះអង្គអាចមើលថែរក្សារាល់គ្រប់តម្រូវការរបស់អ្នកផងដែរ។ ចូរទុកចិត្តលើព្រះអង្គ។ ព្រះអង្គអាចធ្វើបាន ហើយព្រះអង្គពិតជាសក្ដិសម។ ព្រះអង្គនឹងមិនដែលបរាជ័យឡើយ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









