ទំនុកតម្កើង 65:1-13

ទំនុកតម្កើង 65:1-13 គខប

ឱ​ព្រះ‌ជាម្ចាស់​អើយ យើង​ខ្ញុំ​ត្រូវ​តែ​សរសើរ​តម្កើង​ព្រះអង្គ នៅ​ក្រុង​ស៊ីយ៉ូន ហើយ​ថ្វាយ​តង្វាយ តាម​ពាក្យ​ដែល​យើង​ខ្ញុំ បាន​សន្យា​ចំពោះ​ព្រះអង្គ។ ព្រះអង្គ​តែងតែ​ស្ដាប់​ពាក្យ​ទូល‌អង្វរ របស់​មនុស្ស​លោក​ជានិច្ច ពួក​គេនឹង​មក​រក​ព្រះអង្គ​ទាំង​អស់​គ្នា។ កំហុស​របស់​ទូលបង្គំ​ធ្ងន់‌ធ្ងរ​ណាស់ មាន​តែ​ព្រះអង្គ​ទេ ដែល​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ​បាន។ មាន​សុភមង្គល​ហើយ​អស់​អ្នក ដែល​ព្រះអង្គ​ជ្រើស​រើស ហើយ​នាំ​ចូល​មក​រស់​នៅ​ក្នុង​ទីសក្ការៈ របស់​ព្រះអង្គ។ យើង​ខ្ញុំ​នឹង​ស្កប់​ចិត្ត​ដោយ​បាន​ទទួល​ព្រះ‌ពរ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ គឺ​នៅ​ក្នុង​ព្រះ‌វិហារ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​យើង​ខ្ញុំ​អើយ ព្រះអង្គ​ប្រកប​ដោយ​សេចក្ដី​សុចរិត ព្រះអង្គ​បាន​ឆ្លើយ​តប​មក​យើង​ខ្ញុំ ដោយ​សម្តែង​ឫទ្ធិ‌បារមី​គួរ​ឲ្យ​ស្ញែង​ខ្លាច ប្រជា‌ជន​នានា​ដែល​រស់​នៅ​ទី​ឆ្ងាយ​ដាច់​ស្រយាល នៃ​ផែនដី និង​នៅ​ខាង​នាយ​សមុទ្រ នឹង​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះអង្គ! ព្រះអង្គ​បាន​ពង្រឹង​ភ្នំ​ទាំង‌ឡាយ​ឲ្យ​រឹង‌មាំ ដោយ‌សារ​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ ព្រះអង្គ​ប្រកប​ទៅ​ដោយ​ឫទ្ធា‌នុភាព។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​សន្ធឹក​រលក​សមុទ្រ ដ៏​គគ្រឹក‌គគ្រេង​បាន​ស្ងប់‌ឈឹង ព្រះអង្គ​ក៏​បាន​ធ្វើ​ឲ្យ​សំឡេង ដ៏​អឺង‌កង​របស់​ប្រជា‌ជន ទាំង‌ឡាយ​បាន​ស្ងប់​ស្ងៀម​ដែរ។ អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល នៃ​ផែនដី​នឹង​នាំ​គ្នា​ស្ញែង​ខ្លាច ដោយ​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន ដែល​រស់​នៅ​ទិស​ខាង​កើត និង​ទិស​ខាង​លិច មាន​អំណរ​សប្បាយ​ដ៏​លើស‌លុប។ ព្រះអង្គ​ថែ​ទាំ​ផែនដី ដោយ​ប្រទាន​ឲ្យ​ផែនដី​មាន​ទឹក​ដ៏​បរិបូណ៌ ព្រះអង្គ​ប្រទាន​ឲ្យ​ផែនដី​មាន​ភោគ‌ផល ដ៏​សម្បូណ៌​ហូរ‌ហៀរ ជ្រលង​ដង​អូ​របស់​ព្រះអង្គ មាន​ពោរ‌ពេញ​ទៅ​ដោយ​ទឹក ព្រះអង្គ​ប្រទាន​ស្រូវ​ឲ្យ​មនុស្ស​លោក ដោយ​រៀបចំ​ដូច​ត​ទៅ​នេះ គឺ​ព្រះអង្គ​ស្រោច​ស្រព​ស្រែ​ចម្ការ ព្រះអង្គ​ធ្វើ​ឲ្យ​ដី​ដាំ​ដំណាំ​បាន​រាប​ស្មើ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ភ្លៀង ដក់​នៅ​តាម​វាល​ស្រែ ហើយ​ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​គ្រាប់​ពូជ ទាំង‌ឡាយ​ដុះ​ឡើង។ នៅ​រដូវ​ចម្រូត ព្រះអង្គ​ប្រទាន​ស្រូវ ដែល​ជា​ព្រះ‌អំណោយ​ទាន​ដ៏​សប្បុរស​បំផុត។ ទី​ណា​ដែល​ព្រះអង្គ​យាង​ទៅ ទី​នោះ​មាន​ភោគ‌ផល​ដ៏​ហូរ‌ហៀរ។ រីឯ​នៅ​វាល​រហោ‌ស្ថាន ក៏​មាន​ស្មៅ​ដ៏​បរិបូណ៌ ហើយ​នៅ​តាម​ភ្នំ​នានា ក៏​មាន​ពោរ‌ពេញ​ទៅ​ដោយ​អំណរ​ដែរ។ វាល​ស្មៅ​ពោរ‌ពេញ​ទៅ​ដោយ​ហ្វូង​ចៀម ជ្រលង​ភ្នំ​ពោរ‌ពេញ​ទៅ​ដោយ​ស្រូវ អ្វីៗ​សព្វ​សារពើ​បន្លឺ​សំឡេង​ច្រៀង​ឡើង ដោយ​អំណរ​ដ៏​លើស‌លុប!។