ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 46 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ដាវីឌ បានអធិស្ឋានសុំការការពារពីព្រះ ចំពោះពួកមនុស្សស្រេករកឈាម ដោយពួកគេបានគប់គិតប្រឆាំងទាស់នឹងរូបគាត់។ ព្រះអម្ចាស់ជាបន្ទាយ ជាកម្លាំង និងជាជម្រក នៅក្នុងគ្រាដែលរូបគាត់ជួបវិបត្តិបញ្ហា។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ដាវីឌ បានសរសេរទំនុកតម្កើងជាក់លាក់មួយនេះ នៅពេលដែល មីកា ដែលជាភរិយារបស់គាត់ និងត្រូវជាបុត្រីរបស់ ស្ដេច សូល បានជួយរូបគាត់ឱ្យគេចខ្លួនរួចផុតពីបក្ខពួកអ្នកបម្រើរបស់បិតារបស់នាង ដ្បិតពួកគេកំពុងចាំស្ទាក់សម្លាប់ ដាវីឌ នៅពេលដែលគាត់ចាកចេញពីដំណាក់របស់គាត់។ ចំណងជើងទំនុកតម្កើងនេះ ផ្ដល់ជាកំណត់សម្គាល់ឱ្យដឹង ថាទំនុកតម្កើងនេះ ជា មីកថាម-miktam – ដែលជាសេចក្ដីណែនាំ។ ដាវីឌ បានសរសេរទំនុកតម្កើងបែបដូច្នេះចំនួន ៦ (ជំពូកទី ១៦, ៥៦ ដល់ ៦០) នៅគ្រាដែលគាត់បានរត់គេចខ្លួនពី ស្ដេច សូល។ ពាក្យថា មីកថាម មានន័យបែបជាគំនិតឆ្លាក់ក្នុងចិត្ត។ ដូច្នេះទោះបីជាទំនុកតម្កើងនេះ ជាសេចក្ដីអធិស្ឋានផ្ទាល់របស់ ដាវីឌ ចំពោះព្រះ នោះនៅមានអ្វីមួយដែល ដាវីឌ បានដឹង ថាជាតម្រូវការ ដើម្បីឆ្លាក់ទៅក្នុងគំនិត និងដួងចិត្តរបស់ប្រជារាស្រ្តនៃព្រះ។ ដោយបានតាក់តែងនៅក្នុងគ្រាដើមដំបូងនៃការរត់គេចខ្លួនពី ស្ដេច សូល នោះ ដាវីឌ បានចាប់ផ្ដើមមានទម្លាប់មួយ ដែលអាចមើលឃើញនៅក្នុងទំនុកតម្កើងទាំងប៉ុន្មាន ទាំងស្រុង – គាត់បានអធិស្ឋានថ្វាយយ៉ាងស្មោះទៀងត្រង់ទៅព្រះនៃអ៊ីស្រាអែល ទាំងទន្ទឹងរង់ចាំចំពោះព្រះដែលប្រកបដោយអំណាចចេស្ដា ដើម្បីឱ្យព្រះអង្គធ្វើការ។ ហើយគាត់ក៏បានលើកសរសើរតម្កើងដល់ព្រះ ដែលជាប្រភពនៃការស្វែងរកឃើញនូវកម្លាំងរបស់គាត់ផង។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

តើមានសេចក្ដីពិតណាខ្លះ ដែលព្រះបានឆ្លាក់ទៅក្នុងគំនិតនិងដួងចិត្តរបស់អ្នក តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក? តើមានមេរៀនណាខ្លះដែលអ្នកបានរៀនហើយនៅអំឡុងពេលនៃទុក្ខលំបាកយ៉ាងខ្លាំង? សេចក្ដីពិតនិងមេរៀនអស់ទាំងនោះ ត្រូវការឱ្យអ្នកនៅនឹកឃើញនិងចងចាំ ជាប្រយោជន៍ឱ្យអ្នកអាចបន្តប្រាប់ដល់អ្នកដទៃទៀតដែរ។ ចូរពិចារណា រួចកត់ត្រាទុកក្នុងកំណត់ហេតុ នៅពេលអ្នកចំណាយពេលជាមួយនឹងព្រះនៅថ្ងៃនីមួយៗ ឬកត់ត្រាទុកពីកាលបរិច្ឆេទនៅក្បែរខគម្ពីរ ដែលមានអត្ថន័យយ៉ាងពិសេស ដោយសារតែព្រះបន្ទូលនោះនាំឱ្យអ្នកបានការកម្សាន្តចិត្ត ឬបានលើកទឹកចិត្តនៅក្នុងគ្រាដែលអ្នកជួបទុក្ខលំបាកជាខ្លាំង។ ប្រសិនបើព្រះបានប្រទានពរឱ្យអ្នកមានមុខតំណាងមួយនៅក្នុងផ្នែកជាអ្នកដឹកនាំ ឬមានសិទ្ធិអំណាច នោះចូរស្វែងរកមើលនូវវិធីដែលអ្នកអាចបូកបញ្ចូលមេរៀនជីវិតអស់ទាំងនោះទៅក្នុងសេចក្ដីណែនាំរបស់អ្នក។ អ្នកអាចចែករំលែកបន្តពីមេរៀនដែលអ្នកបានរៀន នៅក្នុងពេលអ្នកជជែកគ្នា នៅគ្រាអ្នកទទួលទានអាហារពេលល្ងាច ជាមួយក្រុមគ្រួសារ ឬពេលអាហារថ្ងៃត្រង់ជាមួយមិត្តរួមការងារ ឬមិត្តរួមថ្នាក់របស់អ្នក។ តើមានសេចក្ដីពិតណាមួយ ដែលបានមកពីអត្ថបទគម្ពីរ ដែលអ្នកត្រូវការចែករំលែកជាមួយនឹងនរណាម្នាក់ដែរឬទេនៅថ្ងៃនេះ?

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org