ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 47 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ស្ដេច ដាវីឌ បានទូលសូមព្រះឱ្យស្ដារប្រជារាស្រ្តរបស់គាត់ ហើយសូមព្រះប្រទានជំនួយដល់ពួកគេ ដើម្បីឱ្យពួកគេអាចប្រឆាំងខ្មាំងសត្រូវរបស់ពួកគេបាន។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ក្នុងខណៈពេលដែល ស្ដេច ដាវីឌ និងលោក យូអាប់ កំពុងតែវាយប្រហារខ្មាំងសត្រូវពីរទ័ពនៅឯទិសខាងជើង នោះ លោក អេដុម បានរកឃើញនូវឱកាស ដើម្បីឈ្លានពានយក ស្រុកយូដា ដែលស្ថិតនៅតំបន់ខាងត្បូង (២ សាំយូអែល ៨ និង ១ របាក្សត្រ ១៨)។ ពួកគេកំពុងតែការពារប្រជារាស្រ្តរបស់ព្រះ ហើយតយុទ្ធការពារទឹកដី ដែលព្រះបានសន្យាប្រទានឱ្យដល់ពូជពង្សរបស់ លោក អ័ប្រាហាំ ម៉្លោះហើយ ស្ដេច ដាវីឌ ដូចជាងឿងឆ្ងល់ថាហេតុអ្វីបានជាព្រះអនុញ្ញាតឱ្យពួកគេត្រូវរងទុក្ខ ពីការវាយប្រហារដែលពួកគេពុំបានរំពឹងទុកជាមុន នៅក្នុងតំបន់ ដែលមើលទៅហាក់បីដូចជាមានស្ថេរភាពយ៉ាងដូច្នេះ។ នៅចំកណ្ដាលវិបត្តិនៃគ្រោះមហន្តរាយជាតិ នោះ ស្ដេច ដាវីឌ បានបង្អង់ឈប់សិន ដើម្បីអធិស្ឋាន។ គាត់ស្រែករកក្ដីស្រឡាញ់និងការគ្រប់គ្រងជាអធិបតេយ្យភាពរបស់ព្រះ នៅលើរាល់ប្រជាជាតិទាំងឡាយ។ ទំនុកតម្កើងបែបណែនាំ (មីកថាម - miktam) និងទួញយំនេះ បានក្លាយទៅជាផ្នែកមួយនៃទំនុកថ្វាយបង្គំជាក្រុមរបស់ពួកអ៊ីស្រាអែល ក្នុងគ្រារំឭក ថាព្រះជាម្ចាស់គឺជាក្ដីសង្ឃឹម និងជាអ្នកការពារ មិនថាជាពួកគេត្រូវប្រឈមនឹងបរាជ័យ ឬទទួលបាននូវជ័យជម្នះនោះទេ។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

ការគោរពបម្រើព្រះយេស៊ូវយ៉ាងស្មោះត្រង់ នោះមិនមែនមានន័យថាយើងលែងជួបប្រទះ ឬលែងកើតមានទុក្ខ វិបត្តិ និងបញ្ហា នោះឡើយ។ អ្នកប្រហែលជាត្រូវតយុទ្ធនៅជួរមុខសមរភូមិ – ដោយត្រូវធ្វើការស្ម័គ្រចិត្តនៅឯក្រុមជំនុំ និងប្រាប់ដល់មនុស្សអំពីព្រះគ្រីស្ទ – នៅពេលដែលអ្នកត្រូវប្រឈមភ្លាមៗជាមួយនឹងកូនៗដែលរឹងទទឹង ឬជាប់ក្នុងបញ្ហាថវិកាខ្វះខាតយ៉ាងធំណាមួយ។ ជួសឱ្យរឿងសួរថា "តើហេតុអ្វី?" នោះចូរអ្នកសួរថា "តើនរណា?" ដូចជាថា តើនរណាជាអ្នកការពារដល់អ្នក? តើនរណាដែលអ្នកនឹងបែរទៅរក ដើម្បីបានសេចក្ដីសង្ឃឹម? វិបត្តិបញ្ហានឹងតែងតែបន្តហូរចូលមក ក្នុងខណៈពេលដែលអ្នកនៅមានជីវិតរស់នៅលើលោកនេះ ដូច្នេះចូរកុំមានការភ្ញាក់ផ្អើល ឬគិតថាមិនបានត្រៀមខ្លួននោះឡើយ។ ចូរទទួលយកការល្បងល និងវិបត្តិបញ្ហាថ្មីៗអស់ទាំងនោះ រួចថ្វាយទៅព្រះ ដ្បិតព្រះអង្គស្រឡាញ់អ្នក ហើយព្រះអង្គជាម្ចាស់គ្រប់គ្រងទាំងស្រុង។ អ្នកនឹងមិនអាចទទួលនូវបទពិសោធន៍យ៉ាងរំភើបក្នុងជ័យជម្នះណាមួយបាននោះទេ ប្រសិនបើអ្នកមិនបានប្រឈមនឹងចម្បាំងជាមុនទេនោះ។

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org