ទំនុកតម្កើង 59:1-17

ទំនុកតម្កើង 59:1-17 គខប

ព្រះ​នៃ​ទូលបង្គំ​អើយ! សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ផង សូម​ការពារ​ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​អស់​អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​បាប​ទូលបង្គំ។ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​អស់​អ្នក​ដែល​ប្រព្រឹត្ត​ទុច្ចរិត សូម​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ផុត ពី​មនុស្ស​ស្រេក​ឈាម។ ព្រះ‌អម្ចាស់​អើយ! ទោះ​បី​ទូលបង្គំ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស ឬ​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ក៏​ដោយ ក៏​ពួក​គេ​នាំ​គ្នា​ពួន​ស្ទាក់​ចាំ​ប្រហារ​ជីវិត​ទូលបង្គំ មនុស្ស​មាន​អំណាច​ឃុប‌ឃិត​គ្នា ប្រឆាំង​នឹង​ទូលបង្គំ​ដែរ។ ទោះ​បី​ទូលបង្គំ​គ្មាន​កំហុស​អ្វី​ក៏​ដោយ ពួក​គេ​ខំ​រូត‌រះ​រៀបចំ​ខ្លួន​ប្រឆាំង​នឹង​ទូលបង្គំ ឱ​ព្រះអង្គ​អើយ សូម​តើន​ឡើង យាង​មក​រក​ទូលបង្គំ សូម​ទត​មក​ទូលបង្គំ​ផង។ ឱ​ព្រះ‌ជា‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល ព្រះអង្គ​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល សូម​តើន​ឡើង ដាក់​ទោស​ប្រជា‌ជាតិ​ទាំង​អស់​នោះ សូម​កុំ​ប្រណី‌សន្ដោស​ពួក​ក្បត់​ដ៏​ទុច្ចរិត ទាំង​នោះ​ឡើយ!។ - សម្រាក ពួក​គេ​នាំ​គ្នា​វិល​មក​វិញ​នៅ​ពេល​ល្ងាច ហើយ​នាំ​គ្នា​លូ​ដូច​ឆ្កែ គេ​ដើរ​ក្រវែល​ជុំ‌វិញ​ទីក្រុង។ មាត់​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ ពាក្យ​សម្ដី​អាក្រក់ ពាក្យ​សម្ដី​របស់​គេ​ប្រៀប​បាន​នឹង​ដាវ គេ​គិត​ថា គ្មាន​នរណា​ស្ដាប់​ឮ​ទេ? ចំណែក​ឯ​ព្រះអង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​សើច​ចំអក​ឲ្យ​ពួក​គេ ព្រះអង្គ​ចំអក​ឲ្យ​ប្រជា‌ជាតិ​ទាំង​នោះ។ ទូលបង្គំ​សម្លឹង​មើល​ទៅ​ព្រះអង្គ ព្រោះ​ព្រះអង្គ​ជា​កម្លាំង​នៃ​ទូលបង្គំ ព្រះ‌ជាម្ចាស់​ជា​កំពែង​ការពារ​ទូលបង្គំ។ ព្រះ​របស់​ខ្ញុំ​ដែល​ប្រកប​ដោយ​ព្រះ‌ហឫទ័យ មេត្តា‌ករុណា ទ្រង់​យាង​មក​រក​ខ្ញុំ ព្រះអង្គ​ឲ្យ​ខ្ញុំ​បាន​សប្បាយ ដោយ​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។ ឱ​ព្រះ‌អម្ចាស់​ជា​ខែល​ការពារ​យើង​ខ្ញុំ​អើយ សូម​កុំ​ប្រហារ​ពួក​គេ​ឡើយ ក្រែង​លោ​ប្រជា‌ជន​ទូលបង្គំ ភ្លេច​អំពី​ជ័យ‌ជម្នះ​របស់​ព្រះអង្គ តែ​សូម​អង្រួន និង​ច្រាន​ទម្លាក់​ពួក​គេ ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ!។ ពេល​ហារ​មាត់​និយាយ គេ​ពោល​ចេញ​មក​សុទ្ធ​តែ ពាក្យ​សម្ដី​ពោរ‌ពេញ​ទៅ​ដោយ​អំពើ​បាប ដូច្នេះ សូម​ឲ្យ​ពួក​គេ​ជាប់​អន្ទាក់ ដោយ‌សារ​តែ​ចិត្ត​អួត‌អាង​របស់​ខ្លួន! ដ្បិត​ពួក​គេ​គិត​តែ​ពី​ជេរ​ប្រទេច‌ផ្ដាសា និង​និយាយ​កុហក។ សូម​បំផ្លាញ​ពួក​គេ ឲ្យ​វិនាស​អន្តរាយ​យ៉ាង​ទាន់‌ហន់​ទៅ សូម​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ​ទៅ! ពេល​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ដឹង​ថា ព្រះ‌ជាម្ចាស់​គ្រប់‌គ្រង​នៅ​ស្រុក​អ៊ីស្រា‌អែល ហើយ​ព្រះអង្គ​ក៏​គ្រប់‌គ្រង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី​ដែរ។ - សម្រាក ពួក​គេ​នាំ​គ្នា​វិល​មក​វិញ​នៅ​ពេល​ល្ងាច ហើយ​នាំ​គ្នា​លូ​ដូច​ឆ្កែ គេ​ដើរ​ក្រវែល​ជុំ‌វិញ​ទីក្រុង។ ពួក​គេ​ដើរ​ចុះ​ដើរ​ឡើង ស្វែង​រក​អាហារ ក៏​ប៉ុន្តែ គេ​នាំ​គ្នា​គ្រហឹម ព្រោះ​ស៊ី​មិន​ឆ្អែត។ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ច្រៀង​សរសើរ​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ នៅ​ពេល​ព្រឹក ទូលបង្គំ​ថ្លែង​ពី​ព្រះ‌ហឫទ័យ មេត្តា​ករុណា​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​កំពែង​ការពារ​ទូលបង្គំ និង​ជា​ជម្រក​នៅ​ពេល​ទូលបង្គំ​មាន​អាសន្ន។ ឱ​ព្រះ​ដ៏​ជា​កម្លាំង​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​កំពែង​ការពារ​ទូលបង្គំ ជា​ព្រះ​ដែល​មាន​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ទូលបង្គំ។