ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ដាវីឌ បានភ័យខ្លាចចំពោះពួកមនុស្សដែលកំពុងដេញតាមរូបគាត់ ដូច្នេះហើយគាត់បានទូលសូមឱ្យព្រះមានក្ដីមេត្តា ទាំងទុកចិត្តថាព្រះអង្គនឹងបំពេញគោលបំណងរបស់ព្រះអង្គសម្រាប់រូបគាត់។ ហើយគាត់បានលើកសរសើរតម្កើងដល់ព្រះអម្ចាស់តាមរយៈចម្រៀង។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ដាវីឌ បានឆ្លងកាត់ស្ថានភាពគំរាមកំហែងដល់អាយុជីវិតរបស់គាត់ ពីមួយគ្រាទៅមួយគ្រា នាប៉ុន្មានឆ្នាំទាំងឡាយ ដែលគាត់បានរត់គេចខ្លួនពី ស្ដេច សូល។ នៅក្នុង ទំនុកតម្កើង ៥៦ ដាវីឌ ធ្លាក់ខ្លួនក្លាយទៅជាអ្នកទោសរបស់ពួកភីលីស្ទីន (២ សាំយូអែល ២១) ហើយនិងនៅក្នុង ទំនុកតម្កើង ៥៧ គាត់បានលាក់ខ្លួននៅក្នុងរូងភ្នំ ពីក្រុមពួកអ្នកបម្រើរបស់ ស្ដេច សូល។ វិបត្តិគំរាមកំហែងពីខាងក្រៅ នោះបង្កឱ្យ ដាវីឌ បន្តមានចម្បាំងនៅក្នុងចិត្ត ប្រកបដោយភាពភ័យខ្លាចឥតស្រាកស្រាន្ត។ ស្ថិតនៅក្នុងប្រយោគបែបថ្លែងថា "នៅពេលដែលខ្ញុំភ័យខ្លាច" នោះ "ខ្ញុំនឹងមិនភ័យខ្លាច" គឺជាគន្លឹះ ដែលបន្តឱ្យ ដាវីឌ មានកម្លាំងធ្វើដំណើរទៅមុខ – ដោយព្រោះគាត់បានទុកចិត្តលើព្រះ។ ក្នុងមនសិការយល់ដឹង នោះ ដាវីឌ បានជ្រើសរើសទុកចិត្តលើព្រះ ដើម្បីឱ្យព្រះអង្គបំពេញគោលបំណងរបស់ព្រះអង្គសម្រាប់ជីវិតរបស់គាត់។ គាត់បានផ្ដោតអារម្មណ៍និងការយកចិត្តទុកដាក់របស់គាត់ ក្នុងការរស់នៅដែលនាំឱ្យព្រះសព្វព្រះទ័យ ដ្បិតក្ដីស្រឡាញ់ និងភាពស្មោះត្រង់នៃព្រះបានបីត្រកងឱ្យ ដាវីឌ អាចឆ្លងកាត់ទុក្ខព្រួយដ៏គួរឱ្យភ័យខ្លាចនីមួយៗ។ ដូច្នេះ ដាវីឌ មិនអាចនៅស្ងៀមបានទេ គាត់មានតែលើកតម្កើងហើយនិងច្រៀងសរសើរតម្កើងដល់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
មានពេលខ្លះ ជីវិតអាចមើលទៅដូចជាពោរពេញដោយវិបត្តិបញ្ហាអត់ឈប់ឈរ។ អ្នកប្រហែលជាទើបតែងើបចេញពីវិបត្តិថវិកា ឬបញ្ហាក្នុងក្រុមគ្រួសារ ឬថាទើបតែទទួលដំណឹងពីសុខភាពដ៏គួរឱ្យភ័យខ្លាច ឬបាត់បង់ការងារ។ វិបត្តិនីមួយៗបង្ហាញពីឱកាស ដើម្បីឱ្យអ្នកទុកចិត្តលើព្រះ នៅក្នុងរបៀបមួយថ្មី។ តើមានភាពភ័យខ្លាចណាខ្លះ ដែលអ្នកកំពុងតែតយុទ្ធ? ចូរពិចារណាពីរបៀបដែលព្រះ ប្រហែលជាអាចប្រើប្រាស់ការល្បងល និងវិបត្តិនោះ ដើម្បីកែខៃ និងពង្រឹងរូបអ្នកឱ្យកាន់តែខ្លាំង សម្រាប់គោលបំណង ដែលព្រះអង្គមានសម្រាប់ជីវិតរបស់អ្នក។ នៅពេលដែលអ្នកមានអារម្មណ៍ថាភាពភ័យខ្លាចកំពុងតែកកើនឡើង នោះចូរនិយាយថា៖ «ខ្ញុំទុកចិត្តលើព្រះអង្គ។ ហើយខ្ញុំនឹងមិនភ័យខ្លាចឡើយ»។ ចូររំឭកខ្លួនឯងឱ្យអធិស្ឋាន នៅពេលដែលអ្នកមានអារម្មណ៍ភ័យព្រួយ ដោយសរសេរខគម្ពីរ ភីលីព ៤៖៦ ហើយនិង ទំនុកតម្កើង ៥៥៖២ នៅលើក្រដាសកាតមួយចំនួន ហើយដាក់វាទៅតាមទីកន្លែងដែលអ្នកអាចមើលឃើញ ហើយថ្លែងរំឭកពីព្រះបន្ទូលនោះឱ្យបានញឹកញាប់។ អ្នកអាចជ្រើសរើសទុកចិត្ដ ហើយនិងលើកសរសើរតម្កើងដល់ព្រះបាននៅថ្ងៃនេះ – មិនថាជាមានរឿងអ្វីកើតឡើងនៅក្នុងជីវិតរបស់អ្នកនោះក៏ដោយ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More