ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 26 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

អស់អ្នកដែលទុកចិត្តលើព្រះ នោះគេមានហេតុផលដើម្បីអបអររីករាយ ដោយព្រោះតែព្រះបន្ទូលនៃព្រះ គឺជាសេចក្ដីពិត។ ព្រះអង្គស្មោះត្រង់ នៅក្នុងរាល់គ្រប់កិច្ចការដែលទ្រង់ធ្វើ។ រាល់គ្រប់គោលបំណងរបស់ព្រះអង្គ នោះទ្រង់បានបំពេញ។ ហើយផែនដីមានពេញដោយក្ដីស្រឡាញ់យ៉ាងឥតរសាយរបស់ព្រះអង្គ។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

យើងតែងតែមាននូវហេតុផលដើម្បីលើកសរសើរតម្កើងព្រះជានិច្ច។ ជាទីចាប់ផ្ដើម នោះដោយសារតែព្រះអង្គបានមានព្រះបន្ទូល រួចពិភពលោក ហើយនិងរាល់គ្រប់របស់សព្វសារពើ ក៏បានកើតមានឡើង។ ថែមពីនោះ ចូរគិតពិចារណាថាព្រះអាទិករនៃស្ថានសួគ៌និងផែនដីបានបើកសម្ដែងឱ្យយើងឃើញពីគំនិតរបស់ព្រះអង្គ ឱ្យសន្តនិកររបស់ព្រះអង្គបានជ្រាប ដោយតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ – ដែលជាព្រះគម្ពីរ។ អត្ថបទព្រះគម្ពីរបានបើកសម្ដែងឱ្យយើងឃើញពីសេចក្ដីសុចរិត ភាពយុត្តិធម៌ ក្ដីមេត្តាករុណា និងភាពស្មោះត្រង់ ដែលជាចរិតលក្ខណៈនៃព្រះ តាំងតែពីពេលវេលាបានចាប់ផ្ដើមមក។ គោលបំណងរបស់ព្រះ សម្រាប់ថ្ងៃអនាគត នោះគឺជាក់លាក់ ច្បាស់លាស់ ប្រៀបដូចនឹងប្រវត្តិសាស្រ្ត។ គ្មានមនុស្សជាតិណាអាចបញ្ឈប់គម្រោងផែនការរបស់ព្រះអង្គបានឡើយ។ អ្នកណាដែលទុកចិត្តលើព្រះ ហើយដាក់រាល់ក្ដីសង្ឃឹមរបស់គាត់នៅក្នុងព្រះបន្ទូលដែលបានចែងរបស់ព្រះអង្គ នោះគេនឹងអាចមានអំណរ សូម្បីតែក្នុងខណៈពេលដែលគេកំពុងតែរង់ចាំឱ្យគម្រោងផែនការរបស់ព្រះអង្គបានសម្រេច។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

ដូចបានលើកឡើងនិងជ្រាបដឹងមកហើយថា តន្រ្តីនោះគឺជាភាសានៃសកលលោក។ វាមានអំណាចក្នុងការដាស់អារម្មណ៍ និងអនុញ្ញាតឱ្យមនុស្សបញ្ចេញនូវអ្វីដែលគេចង់បង្ហាញចេញមក។ ចំណង់ចំណូលចិត្តតន្រ្តី នោះមានលក្ខណៈផ្សេងៗពីគ្នា គឺសូម្បីតែនៅក្នុងក្រុមជំនុំ។ យើងអាចផ្ដោតតែទៅលើស្ទែលនៃចម្រៀងដែលបានជ្រើសរើសយកមកច្រៀង រហូតដល់យើងមើលរំលងពីហេតុផលនៃការច្រៀងចម្រៀងអស់ទាំងនោះ តាំងពីដើមមក។ ចរិតលក្ខណៈ សកម្មភាព និងគោលបំណងរបស់ព្រះ នោះគឺជាហេតុផលដែលយើងត្រូវតែហ៊ានលះឱ្យអស់ពីក្នុងខ្លួន ដើម្បីថ្វាយការសរសើរតម្កើង មិនថាបទនោះជាទំនុកខ្មែរបរិសុទ្ធ ដែលធ្លាប់ច្រៀងតាំងពីណាពីណី ឬជាទំនុកបទភ្លេងសម័យ ដែលតាក់តែងឡើង ដើម្បីថ្វាយការសរសើរយ៉ាងរន្តំនោះទេ។ ចូរផ្ដោតចិត្តគំនិតយ៉ាងយកចិត្តទុកដាក់ នៅថ្ងៃអាទិត្យនេះ។ ចូរគិតពីពាក្យពេចន៍នៅក្នុងចម្រៀងនីមួយៗដែលអ្នកច្រៀង – ពាក្យពេចន៍ទាំងនោះ គឺមានពោរពេញដោយសេចក្ដីពិតពីព្រះបន្ទូលព្រះ។ ប្រសិនបើអ្នកមិនទម្លាប់ច្រៀងបែបជាសាធារណៈនោះទេ ចូរផ្ដោតទៅលើពាក្យពេចន៍ដែលអ្នកថ្លែងយ៉ាងទន់ភ្លន់ទៅព្រះ ដូចជាអ្នកថ្វាយអំណោយនៃការសរសើរតម្កើងដូច្នោះដែរ។ តើឱ្យយើងអាចនៅស្ងប់ស្ងៀមបានយ៉ាងដូចម្ដេចកើត ប្រសិនបើយើងមានហេតុផលជាច្រើន ដើម្បីសរសើរតម្កើងដល់ព្រះអង្គយ៉ាងនេះ?

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org