ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ស្ដេច ដាវីឌ បានទទួលការអត់ឱនទោស នៅពេលដែលគាត់បានសារភាពទោសកំហុសខ្លួនទៅដល់ព្រះ ដ្បិតព្រះអង្គជាព្រះដែលនៅហ៊ុំព័ទ្ធអស់អ្នកដែលទុកចិត្តលើព្រះអង្គ ព្រោះព្រះអង្គមានក្ដីស្រឡាញ់ឥតរសាយ ហើយជាព្រះប្រទានដល់ពួកគេនូវបទចម្រៀងនៃការប្រោសលោះផង។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទំនុកតម្កើងនេះបរិយាយពីសណ្ឋានរបស់ ស្ដេច ដាវីឌ "ពីមុន" និង "បន្ទាប់ពី" ពេលដែលគាត់បានសារភាពទោសកំហុស នៃទង្វើផិតក្បត់របស់គាត់ ជាមួយនឹង នាង បាតសេបា។ គាត់ប្រឹងព្យាយាមលាក់បាំងកំហុសនេះ ប៉ុន្តែគាត់ពុំអាចលាក់បាំងទង្វើបាបនេះពីព្រះបានឡើយ។ ចិត្តពោរពេញដោយការប្រព្រឹត្តខុសឆ្គងរបស់គាត់នេះ ពិតជាដាក់ទម្ងន់យ៉ាងខ្លាំងមកលើដួងចិត្តរបស់គាត់ ហើយព្រះវិញ្ញាណនៃព្រះបានផ្ដន្ទាទោសឱ្យគាត់ជឿយ៉ាងជាក់ពីកំហុសដ៏សែនធ្ងន់នេះ។ តាំងពីពេលដែលគាត់បានសម្រេចចិត្តសារភាពទោសកំហុសថ្វាយទៅព្រះ នោះវាប្រៀបដូចជាទម្ងន់នៃទុក្ខនោះ បានដកយកចេញពីទ្រូងរបស់គាត់។ ការរួមប្រកបជាមួយនឹងព្រះ ក៏បានស្ដារឡើងវិញ នៅមួយរំពេចនោះ។ ក្ដីសោមនស្សរីករាយរបស់ ស្ដេច ដាវីឌ បានវិលត្រឡប់មកវិញ។ ហើយគាត់អាចមានចិត្តសប្បាយរីករាយនៅក្នុងការដឹកនាំនិងពីទីប្រឹក្សារបស់ព្រះសាជាថ្មីវិញ។ ព្រះអម្ចាស់បានដាក់ចម្រៀងនៃការសរសើរតម្កើងឡើងវិញនៅក្នុងដួងចិត្តរបស់កវីទំនុកតម្កើង។ ស្ដេច ដាវីឌ ពិតជាមានហេតុផលក្នុងការច្រៀងសរសើរតម្កើងព្រះពិតប្រាកដមែន។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
ប្រសិនបើអ្នកជាបុត្រធីតានៃព្រះ នោះអ្នកនឹងមិនអាចអនុញ្ញាតឱ្យរស់នៅដោយសុខស្រួល ជាមួយនឹងអំពើបាប ដែលមាននៅក្នុងដួងចិត្ត និងជីវិតរបស់អ្នកបានទេ។ អ្នកអាចប្រឹងព្យាយាមមិនអើពើនឹងវា ឬកុហកពីវា ប៉ុន្តែសេចក្ដីពិតនោះបានលាតត្រដាងយ៉ាងឥតលាក់លៀម នៅចំពោះព្រះ។ ព្រះអង្គនឹងលត់ដំរូបអ្នក ដើម្បីឱ្យអ្នកអាចចាំងឆ្លុះបង្ហាញពីភាពបរិសុទ្ធ និងសេចក្ដីសុចរិតរបស់ព្រះអង្គ (ហេព្រើរ ១២៖៥-១១)។ តើមានទង្វើបាបណាខ្លះ ដែលកំពុងតែបឺតយកអំណរនិងប្រសិទ្ធភាពរបស់អ្នក ចំពោះការបម្រើសម្រាប់នគររបស់ព្រះ? អ្នកប្រហែលជាគិតថាវាជារឿងតូចតាច ប្រសិនបើប្រៀបទៅនឹងអំពើបាបនៃទង្វើផិតក្បត់របស់ ស្ដេច ដាវីឌ។ ទោះជាយ៉ាងនេះក្ដី រាល់អំពើបាបទាំងឡាយ ដែលអ្នកបានអនុញ្ញាតឱ្យវានៅបន្តតោងជាប់ក្នុងជីវិតរបស់អ្នក នោះវានឹងសម្រោះឱ្យអ្នកខ្សោះខាងវិញ្ញាណ – វាអាចថែមទាំងប៉ះពាល់ដល់ខាងរូបកាយរបស់អ្នកថែមទៀត។ ចូរអនុញ្ញាតឱ្យព្រះវិញ្ញាណបរិសុទ្ធធ្វើការយ៉ាងជាក់ទៅក្នុងចិត្ត ដើម្បីឱ្យដួងចិត្តរបស់អ្នកបានទន់ឥឡូវនេះ ហើយចូរសារភាពទោសកំហុសពីរាល់គំនិត ឥរិយាបថ ឬសកម្មភាពខុសឆ្គងទាំងឡាយ ដែលកំពុងតែដាក់ទម្ងន់និងបន្ទុកទៅលើរូបអ្នក។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









