ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 23 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ព្រះជាម្ចាស់បានជួយដល់ ស្ដេច ដាវីឌ នៅពេលដែលគាត់ស្រែកហៅរកជំនួយ។ ការយំសោកសង្រេងរបស់គាត់ បានក្លាយទៅជាការច្រៀងរាំ ហើយការកាន់ទុក្ខរបស់គាត់ បានក្លាយទៅជាអំណរ ជាប្រយោជន៍ដើម្បីឱ្យគាត់អាចច្រៀងពីការសរសើរតម្កើង និងថ្វាយការអរព្រះគុណដល់ព្រះជារៀងរហូត។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ដោយបង្ហាញជាភស្ដុតាង ស្ដេច ដាវីឌ បានទទួលបទពិសោធន៍ពីការលត់ដំរបស់ព្រះ នៅក្នុងរូបសណ្ឋាននៃជំងឺខាងរូបកាយយ៉ាងធ្ងន់ធ្ងរ ហើយប្រហែលការណ៍នេះកើតឡើងបន្ទាប់ពីគាត់បានប្រព្រឹត្តបាប ដោយបានធ្វើជំរឿនប្រជាជន (១ របាក្សត្រ ២១) – ទោះជាយើងមិនប្រាកដពីការសន្មតនេះក្ដី។ នៅពេលដែល ស្ដេច ដាវីឌ បានទូលអង្វរទាំងបន្ទាបខ្លួន សុំក្ដីមេត្តាករុណា នោះព្រះជាម្ចាស់បានអត់ឱនទោសដល់រូបគាត់ ហើយបានស្ដារសុខភាព ឱ្យគាត់បានជាសះស្បើយឡើងវិញ។ ឥទ្ធិពលពីការទទួលបាននូវការអត់ឱនទោស គឺជាប៉ូលផ្ទុយស្រឡះមួយ ដើម្បីឃាត់ឃាំងមិនឱ្យបាប បន្តនៅមានក្នុងជីវិតរបស់គាត់។ ការស្រែកយំត្រូវបានជំនួសដោយអំណរ។ ហើយការកាន់ទុក្ខនោះបានប្រែក្លាយទៅជាចម្រៀងនៃការសរសើរតម្កើង។ ស្ដេច ដាវីឌ ពុំអាចនៅស្ងៀមបានឡើយ ដោយព្រោះតែក្ដីមេត្តាករុណានិងភាពស្មោះត្រង់របស់ព្រះ នៅតែមានមកលើរូបគាត់។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

មានគ្រាជាច្រើនលើកច្រើនសា ដែលយើងបានមើលរំលងពីឱកាសនៃការធ្វើជាសាក្សីអំពីក្ដីសប្បុរសរបស់ព្រះ ដោយសារតែទង្វើយ៉ាងដូច្នោះ។ នេះគឺមានន័យថា យើងពុំបានបើកសម្ដែងពីអ្វីមួយ ដែលធ្លាប់កើតមានឡើងនាអតីតកាលរបស់យើង ដែលវាជារឿងយ៉ាងឈឺចាប់ ឬគួរឱ្យអាម៉ាស់យ៉ាងខ្លាំង។ ចូរគិតអំពីគ្រាមួយ ដែលភាពស្មោះត្រង់នៃព្រះ បានចាំងបង្ហាញយ៉ាងច្បាស់ នៅក្នុងពេលវេលាដ៏ខ្មៅងងឹតនៃជីវិតរបស់អ្នក។ ប្រហែលគ្រានោះ គឺជាពេលដែលអ្នកធ្លាប់បរាជ័យ ដោយព្រោះតែរឿងប្រថុយខាងឯមុខរបរ ខាងជំនួញ ឬដោយព្រោះតែការបាត់បង់កូន ឬដោយព្រោះតែកង្វះនិងការប្រព្រឹត្តខុសខាងសីលធម៌សង្គមរបស់រូបអ្នក។ តើអ្នកធ្លាប់មើលឃើញពីព្រះ ដែលទ្រង់កំពុងតែធ្វើការនៅក្នុងស្ថានភាពទាំងឡាយរបស់អ្នក ហើយនិងនៅក្នុងដួងចិត្តរបស់អ្នក ដោយរបៀបណា? វាជារឿងល្អ ដែលយើងចេះលើកសរសើរតម្កើងថ្វាយព្រះ នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់យើង។ ប៉ុន្តែ មានពេលខ្លះទៀត ព្រះអង្គសព្វព្រះទ័យចង់ឱ្យយើងថ្លែងយ៉ាងបើកចំហអំពីរបៀបដែលព្រះបានធ្វើការនៅក្នុងជីវិតរបស់យើង។ ចូរឈប់សិន ឥឡូវនេះ ហើយថ្វាយការសរសើរតម្កើងដល់ព្រះ សម្រាប់រាល់គ្រប់អ្វីៗដែលព្រះអង្គបានធ្វើសម្រាប់អ្នក រួចហើយចូរសម្លឹងរកមើលពីឱកាសណាមួយ ដើម្បីឱ្យអ្នកអាចប្រាប់ទៅដល់នរណាម្នាក់ផ្សេងទៀត។ តើអ្នកនឹងលែងនៅស្ងៀមដែរឬទេនៅថ្ងៃនេះ?

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org