ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 21 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ស្ដេច ដាវីឌ បានស្វះស្វែងរកព្រះភ័ក្រ្តនៃព្រះ។ គាត់បានទូលសូមព្រះ កុំឱ្យព្រះអង្គនៅស្ងប់ស្ងៀមបន្តទៅទៀត។ រួចហើយគាត់បានរង់ចាំ។ គាត់ពុំបានភ័យខ្លាចឡើយ ដោយសារតែគាត់បានទុកចិត្តលើព្រះ ក្នុងនាមព្រះអង្គជាពន្លឺ ជាសេចក្ដីសង្គ្រោះ ជាខែល និងជាបន្ទាយដ៏រឹងមាំរបស់គាត់។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ស្ដេច ដាវីឌ បានចំណាយពេលអស់ជាច្រើនឆ្នាំ នៅក្នុងគ្រោះភ័យ បិះនឹងបាត់បង់ជីវិត ដោយព្រោះខ្មាំងសត្រូវទាំងប៉ុន្មានរបស់គាត់ បូករួមទាំងពីសមាជិកក្រុមគ្រួសាររបស់គាត់ផង។ ភាពភ័យខ្លាច ក្រោមការរស់នៅដែលស្ថិតជាប់នៅក្នុងគ្រោះភ័យជាបន្តបន្ទាប់បែបដូច្នេះ នោះពិតជាអាចនាំឱ្យមនុស្សធ្លាក់ខ្លួនល្ហិតល្ហៃខ្លាំងណាស់។ នៅពេលជីវិតរស់នៅប្រៀបបានទៅនឹងយប់ដ៏ងងឹតគ្មានថ្ងៃរះ នោះស្ដេច ដាវីឌ បានស្វែងរកព្រះភ័ក្រ្តនិងព្រះសូរសៀងនៃព្រះវរបិតារបស់គាត់។ ព្រះកម្ចាត់ក្ដីភ័យខ្លាចរបស់ ស្ដេច ដាវីឌ ដោយព្រះអង្គចាំងជះពន្លឺទៅក្នុងទីងងឹត ហើយប្រទានឱ្យ ស្ដេច ដាវីឌ មានពេញដោយកម្លាំង ដើម្បីឱ្យគាត់អាចនៅរង់ចាំ។ មិនថាជាគាត់ត្រូវរត់ ត្រូវសំងំ ត្រូវលាក់ពួននៅទីណានោះទេ ទីកន្លែងដែលផ្ដល់សុខសុវត្ថិភាព និងទំនុកចិត្តដល់ ស្ដេច ដាវីឌ នោះគឺស្ថិតនៅក្នុងព្រះអម្ចាស់ ដែលព្រះអង្គជាថ្មដា និងជាបន្ទាយដ៏រឹងមាំរបស់គាត់។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

ក្មេងៗដែលចូលចិត្តខ្លាចពេលយប់ ឬទីកន្លែងងងឹតៗ នោះគេអាចស្វែងរកឃើញភាពកក់ក្ដៅ នាពាក់កណ្ដាលរាត្រី នៅពេលដែលគេរត់ទៅបន្ទប់ ឬអាចទៅក្បែរឪពុកម្ដាយរបស់ពួកគេ។ មុខមាត់និងសំឡេងរបស់មនុស្សដែលស្រឡាញ់ពួកគេជាខ្លាំង នោះនឹងបណ្ដេញនូវក្ដីភ័យខ្លាចឱ្យចេញពីពួកគេបាន។ តើមានរឿងអ្វីំមួយ ឬការអ្វីមួយ ដែលបង្កឱ្យអ្នកភ័យខ្លាច? តើអ្នកនឹងរត់ទៅរកនរណាដែរ នៅពេលដែលភាពងងឹត វាមើលទៅហាក់បីដូចជាគ្មានថ្ងៃបញ្ចប់ទាល់តែសោះនោះ? ព្រះវត្តមាននៃព្រះ ដែលជាព្រះវរបិតា គឺមិននៅសែនឆ្ងាយនោះទេ។ ព្រះសូរសៀងរបស់ព្រះអង្គអាចឱ្យអ្នកស្ដាប់ឮយ៉ាងច្បាស់ ហើយព្រះបន្ទូលនោះមានចែងនៅក្នុងទំព័រទាំងប៉ុន្មាននៃអត្ថបទព្រះគម្ពីរ។ ហើយព្រះវត្តមានដ៏ជាទីកម្សាន្តចិត្តនឹងនាំឱ្យអ្នកបានកក់ក្ដៅ នៅក្នុងខណៈពេលដែលអ្នកអធិស្ឋាន។ ព្រះជាម្ចាស់នឹងបានជាពន្លឺ ជាកម្លាំង ជាខែល ជាជំនួយ និងជាបន្ទាយដ៏រឹងមាំសម្រាប់អ្នក មិនថាជាអ្នកត្រូវប្រឈមជួបនឹងស្ថានភាពបែបណានោះទេនៅថ្ងៃនេះ។ តើអ្នកនឹងបែរទៅរកព្រះអង្គ ជាមួយនឹងភាពភ័យខ្លាចរបស់អ្នកដែរឬទេ នាពេលឥឡូវនេះ?

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org