ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 19 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ពិភពផែនដីគឺជាកម្មសិទ្ធិរបស់ព្រះ។ មានតែអស់អ្នកដែលស្វែងរកព្រះប៉ុណ្ណោះ ដែលអាចឈរនៅត្រង់ទីដ៏បរិសុទ្ធនៃព្រះ ដើម្បីទទួលបាននូវព្រះពររបស់ព្រះអង្គ។ ខ្លោងទ្វារតាំងពីបុរាណកាល និងទ្វារទាំងឡាយ ត្រូវបានត្រៀមរៀបចំថ្វាយសម្រាប់ព្រះមហាក្សត្រនៃសិរីរុងរឿង ដើម្បីឱ្យទ្រង់យាងចូលមក។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ទំនុកតម្កើងនេះ ត្រូវបានបន្លឺច្រៀងឡើងនៅក្នុងព្រះវិហារ នៅថ្ងៃទីមួយដើមសប្ដាហ៍។ វាប្រហែលជាទំនុកតម្កើងដែលរំឭកពីការដែល ស្ដេច ដាវីឌ បាននាំហិបនៃសម្ព័ន្ធមេត្រីរបស់ព្រះ ចូលមកកាន់ទីក្រុងយេរូសាឡឹម ដោយបានពីពួកសាសន៍ភីលីស្ទីន នោះវិញ (២ សាំយូអែល ៦៖១២-១៩)។ លក្ខណៈបែបជាពាក្យទំនាយនៃទំនុកតម្កើងនេះ ក៏ថ្លែងសំដៅទៅចំពោះព្រះគ្រីស្ទ ដែលព្រះអង្គបានយាងឡើងទៅឯស្ថានសួគ៌ក្នុងនាមទ្រង់ជាព្រះមហាក្សត្រពេញដោយសិរីរុងរឿង។ នៅក្នុងសញ្ជាតិជាមនុស្សរបស់ព្រះអង្គ នោះព្រះយេស៊ូ(វ) មិនដែលបានប្រព្រឹត្តបាបទាល់តែសោះ ទាំងផ្នែកខាងក្រៅ ឬផ្នែកខាងក្នុង។ ក្នុងនាមជាព្រះរាជបុត្រានៃព្រះ ដែលគ្មានបាប នោះគឺមានតែព្រះអង្គតែមួយប៉ុណ្ណោះ ដែលអាចឈរនៅក្នុងព្រះវត្តមានដ៏បរិសុទ្ធនៃព្រះវរបិតា។ ព្រះគ្រីស្ទក៏ជាប្រមុខអ្នកគង្វាលផងដែរ (១ ពេត្រុស ៥៖៤) ដែលជាព្រះអង្គនឹងយាងចូលទៅក្នុងសិរីរុងរឿង ជាមួយនឹងអស់អ្នកដែលបានធ្វើឱ្យបរិសុទ្ធ ដោយពួកគេបានដាក់សេចក្ដីជំនឿនៅលើព្រះអង្គ សម្រាប់បានជាសេចក្ដីសង្គ្រោះ។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

អស់អ្នកជឿពីសម័យកាលទាំងឡាយបានច្រៀងចម្រៀងអំពីសិរីរុងរឿងនៃស្ថានសួគ៌។ ទោះជាធ្លាប់ស្រមៃឃើញថារូបភាពនេះ នឹងស្រស់អស្ចារ្យយ៉ាងណាក្ដី ក៏វាមិនអាចប្រៀបស្មើទៅនឹងរឿងដ៏អស្ចារ្យដែលយើងនឹងបានរស់នៅ – ដោយបានអត់ទោស និងបានរាប់ជាសុចរិត – នៅក្នុងព្រះវត្តមានខាងរូបកាយ នៅចំពោះព្រះអម្ចាស់ដ៏មានអំណាចចេស្ដា នោះដែរ។ សិទ្ធិអាចចូលទៅក្នុងស្ថានសួគ៌តែមួយប៉ុណ្ណោះរបស់យើង នោះគឺពឹងផ្អែកទៅលើសេចក្ដីសុចរិតរបស់ព្រះយេស៊ូ(វ)គ្រីស្ទ ដែលជាព្រះមហាក្សត្រពេញដោយសិរីរុងរឿង។ ចូរញែកពេលពីរបីនាទីឥឡូវនេះ ដើម្បីអធិស្ឋាន ថ្វាយការសរសើរតម្កើង និងថ្វាយការអរព្រះគុណ។ ចូរលើកតម្កើងព្រះ ដោយនឹកគិតដល់ព្រះនាម និងចរិតលក្ខណៈរបស់ព្រះអង្គ ដែលព្រះអង្គបានបើកសម្ដែងឱ្យយើងឃើញនៅក្នុង ទំនុកតម្កើង ជំពូកទី ២៤។ បន្ទាប់មក ចូរអរព្រះគុណព្រះ សម្រាប់ព្រះពរដ៏អស់កល្បជានិច្ច តាមរយៈអង្គព្រះគ្រីស្ទ (ការអត់ឱនទោស ការបានរាប់ជាសុចរិត និងអនាគតនៅឯនគរស្ថានសួគ៌ ។ល។)។

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org