ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 18 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ដាវីឌ បានបរិយាយពីព្រះអម្ចាស់ ក្នុងនាមព្រះអង្គជាអ្នកគង្វាលរបស់គាត់ ហើយបានរំពឹងថារូបគាត់នឹងបានរស់នៅក្នុងព្រះដំណាក់របស់ព្រះអង្គជារៀងរហូត។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

វាពិតជារឿងគួរឱ្យចាប់អារម្មណ៍មែន ដែលថា ដាវីឌ ក្នុងជីវិតដែលធ្លាប់ធ្វើជាអ្នកគង្វាល គាត់បានតាក់តែងទំនុកតម្កើងនេះឡើង ប៉ុន្តែនៅក្នុងទស្សនៈ ដែលរូបគាត់ជាចៀមមួយក្បាលទៅវិញ។ អស់ជាច្រើនឆ្នាំដែលគាត់បានមើលថែហ្វូងចៀម នោះគាត់បានបង្ហាញថាគាត់នៅតែមានលក្ខណៈស្រដៀងនឹងសត្វល្ងីល្ងើទាំងនោះ។ សត្វចៀមចូលចិត្ដដើរវង្វេងវង្វាន់។ អ្នកគង្វាលតែងប្រើកំណាត់រំពាត់និងដំបង ដើម្បីមើលថែការពារចៀមរបស់គាត់ ពីសត្វព្រៃសាហាវទាំងឡាយ ហើយទាញវាមកវិញ នៅពេលដែលពួកវាដើរវង្វេងទៅរកទីមានគ្រោះថ្នាក់។ សត្វចៀមក៏ជាសត្វចូលចិត្តដើរតាម ដែលទង្វើនេះ គឺជាការល្អ ប្រសិនបើពួកវាស្ដាប់តាមសំឡេងរបស់អ្នកគង្វាលរបស់ពួកវា។ អ្នកគង្វាលដឹកនាំពួកវាឱ្យទៅរកទីមានចំណីនិងទឹក។ ដឹកនាំឱ្យពួកវាបានទៅដល់ទីកន្លែងមានសុវត្ថិភាព ដើម្បីឱ្យពួកវាបានសម្រាក។ និងដឹកនាំពួកវាឱ្យអាចដើរឆ្លងកាត់ជ្រលងភ្នំយ៉ាងសែនជ្រៅ។ ដាវីឌ មិនមើលរំលងពីគ្រាដ៏ខ្មៅងងឹត ដែលគាត់ធ្លាប់ឃ្លាតពីក្ដីស្រឡាញ់និងក្ដីសប្បុរសរបស់ព្រះនោះឡើយ។ គឺនៅគ្រាទាំងនោះហើយ ដែលគាត់បាននៅឈប់ស្ងៀម លែងនិយាយពីព្រះ ប៉ុន្តែបែរជាចាប់ផ្ដើមនិយាយទៅរកព្រះអង្គវិញ។ ក្នុងនាមគាត់ជាផ្នែកមួយនៃហ្វូងចៀមរបស់ព្រះ នោះ ដាវីឌ ទទួលបានការផ្គត់ផ្គង់ ដែលនាំឱ្យគាត់បានស្គប់ចិត្ត មានការដឹកនាំច្បាស់លាស់ ហើយនិងទទួលបានការការពារ។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

អត្ថបទគម្ពីរដ៏ល្បីល្បាញមួយនេះ គឺជាស្រមោលចង្អុលបង្ហាញពីព្រះយេស៊ូ(វ)គ្រីស្ទ ក្នុងនាមព្រះអង្គជាអ្នកគង្វាលដ៏ល្អ (យ៉ូហាន ១០៖១១-១៥)។ អត្ថបទនេះក៏ថ្លែងសាជាថ្មី ថាយើងមានលក្ខណៈដូចជាសត្វចៀមប៉ុណ្ណាដែរ។ តើអ្នកកំពុងតែដើរតាម ឬកំពុងតែដើរវង្វេងវង្វាន់? តើព្រះកំពុងតែដឹកនាំអ្នកទៅកាន់គ្រានៃការសម្រាក ឬក៏កំពុងតែដឹកនាំអ្នកឱ្យដើរឆ្លងកាត់ជ្រលងភ្នំដ៏ជ្រៅនិងខ្មៅងងឹត នាពេលបច្ចុប្បន្ននេះ? អ្នកគង្វាលដ៏ល្អនឹងផ្គត់ផ្គង់ឱ្យអ្នកបានឆ្អែត មានទិសដៅច្បាស់លាស់ និងជួយការពារដល់អ្នក។ ប៉ុន្តែ អ្នកពុំអាចសម្លឹងមើលទៅរកព្រះអង្គថាជាអ្នកគង្វាលបានទេ ដរាបណាដល់អ្នកបានចុះចូល និងថ្វាយរាល់អ្វីៗទៅព្រះអង្គ ក្នុងនាមទ្រង់ជាព្រះសង្គ្រោះរបស់អ្នក នោះសិន។ ព្រះយេស៊ូ(វ)នឹងមិនដឹកនាំអ្នកឱ្យដើរឆ្លងកាត់ទីកន្លែងណាដែលព្រះអង្គមិនអាចមើលថែរក្សាអ្នកនោះឡើយ។ ចូរចងចាំថា ជ្រលងភ្នំនោះមិនមែនជាគោលដៅទេ – វាគ្រាន់តែជាទីបណ្ដោះអាសន្នប៉ុណ្ណោះ។ ជាចុងបញ្ចប់ ព្រះអង្គកំពុងតែដឹកនាំអ្នកឱ្យបានទៅរស់នៅជាមួយនឹងព្រះអង្គជារៀងរហូត។ ចូរបន្តនៅស្ដាប់ពីព្រះសូរសៀងរបស់ព្រះអង្គ … ចូរនៅបន្តដើរតាមព្រះអង្គចុះ។

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org