ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 16 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ជាតិសាសន៍អ៊ីស្រាអែលបានអធិស្ឋានសុំឱ្យកងទ័ពរបស់ពួកគេទទួលភាពជោគជ័យ។ បន្ទាប់មក ដាវីឌ បានអបអរនៅក្នុងជ័យជម្នះ ព្រះពរ ព្រះវត្តមាន និងក្ដីស្រឡាញ់របស់ព្រះ ក្នុងខណៈពេលដែលគាត់ច្រៀងសរសើរតម្កើងព្រះ ដែលបានប្រទានកម្លាំងដល់ពួកគាត់។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

មុន ដាវីឌ ដឹកនាំកងទ័ពរបស់គាត់ចូលទៅក្នុងទីចម្បាំង នោះគាត់បាននាំពួកទាហានអធិស្ឋាន។ ពាក្យសម្ដីរបស់គាត់បង្ហាញពីរបៀបដែលគាត់បានប្រើយុទ្ធសាស្រ្តនៅក្នុងចម្បាំងខាងរូបកាយ ដោយផ្ដោតទៅលើអាណាចក្រខាងឯវិញ្ញាណ។ គាត់ទទួលស្គាល់ដោយប្រាជ្ញាថាទង់ជ័យ ដែលបង្ហោះនៅលើកងទ័ពអ៊ីស្រាអែល នោះមិនតំណាងឱ្យភាពធំឧត្ដមរបស់ពួកគេនោះទេ ប៉ុន្តែវាបង្ហាញពីភាពដ៏ធំមហិមានៃព្រះរបស់ពួកគេនោះវិញ។ អត្ថប្រយោជន៍ដែលពួកគេមាននៅក្នុងចម្បាំង នោះគឺផ្សាភ្ជាប់ដោយផ្ទាល់ ជាមួយនឹងព្រះនាមនៃព្រះ មិនមែនពឹងអាងដោយចំនួនសេះ ឬរាជរថ ដែលពួកគេមាន សម្រាប់ចម្បាំងនោះឡើយ។ ជំនឿរបស់ ដាវីឌ បានផ្ដល់ផលជារង្វាន់។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

វិបត្តិនៃជីវិតនោះវាស្រដៀងគ្នាទៅនឹងចម្បាំងដែរ។ មានពេលខ្លះ អ្នកប្រហែលជាអាចមានអារម្មណ៍ ថាអ្នកកំពុងតែតយុទ្ធនូវសត្រូវ មកពីគ្រប់ទិសទី។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ តាមធម្មជាតិ នោះយើងគិតថាព្រះគង់នៅខាងយើង ដើម្បីជួយយើងឱ្យបានជោគជ័យ។ តែទោះជាយ៉ាងណាមិញ សំណួរដ៏ជាក់លាក់ នោះគឺមិនមែនថាព្រះគង់នៅខាងយើង ឬមិននៅខាងយើងនោះទេ។ ប្រសិនបើអ្នកចង់ឱ្យគម្រោងផែនការរបស់អ្នកបានជោគជ័យ នោះអ្នកត្រូវតែតម្រឹមក្ដីប៉ងប្រាថ្នាចិត្តរបស់អ្នក ឱ្យដើរស្របតាមបំណងព្រះហឫទ័យនៃព្រះ។ ព្រះអង្គនឹងទ្រទ្រង់អស់អ្នកដែលទុកចិត្តលើព្រះនាមរបស់ព្រះអង្គ ហើយឈរយ៉ាងរឹងមាំនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គជានិច្ច។ អ្វីដែលគួរតែគិតពិចារណាមួយផ្សេងទៀត នោះគឺមិនមែនថា អ្នកកំពុងតែតយុទ្ធនឹងចម្បាំងនោះ ដោយមធ្យោបាយខាងផ្នែករូបកាយតែប៉ុណ្ណោះនោះទេ។ ចូរគិតអំពីបញ្ហាដែលអ្នកកំពុងតែប្រឈមនាពេលបច្ចុប្បន្ន ឬនាពេលកន្លងទៅថ្មីៗនេះ។ តើអ្នកមានបានឈប់សិន ដើម្បីអធិស្ឋានដែរឬទេ? តើអ្នកខ្វល់ខ្វាយពីផលប៉ះពាល់ដែលបញ្ហានោះមានមកលើរូបអ្នក ឬខ្វល់ពីរបៀបដែលបញ្ហានោះនឹងថ្វាយព្រះកិត្តិនាមដល់ព្រះ ក្នុងវិបត្តិនោះ ដែរឬយ៉ាងណា? មុននឹងអ្នកទៅតបតនឹងបញ្ហាជាបន្តបន្ទាប់ ចូរនឹកចាំ ថាការយកឈ្នះលើចម្បាំង ត្រូវចាប់ផ្ដើម ដោយការចេះហ៊ានលុតជង្គង់របស់អ្នក ជាមុនសិន។

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org