ទំនុកតម្កើង 141:1-10

ទំនុកតម្កើង 141:1-10 គខប

ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​អង្វរ​ព្រះអង្គ មេត្តា​យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់ ពេល​ទូលបង្គំ​អង្វរ​ព្រះអង្គ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ទូលបង្គំ​ផង! សូម​ឲ្យ​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ ឡើង​ទៅ​ដល់​ព្រះអង្គ ដូច​ផ្សែង​គ្រឿង​ក្រអូប សូម​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​ទូលបង្គំ ដូច​តង្វាយ​នៅ​ពេល​ល្ងាច! ឱ​ព្រះ‌អម្ចាស់​អើយ សូម​រក្សា​មាត់​ទូលបង្គំ កុំ​ឲ្យ​ទូលបង្គំ​ពោល​ពាក្យ​អាក្រក់​សោះ​ឡើយ។ សូម​កុំ​បណ្តោយ​ឲ្យ​ចិត្ត​ទូលបង្គំ មាន​លម្អៀង​ទៅ​រក​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់ រួម​ជា​មួយ​មនុស្ស​ទុច្ចរិត សូម​កុំ​ឲ្យ​ទូលបង្គំ​ចូល​រួម​ជប់‌លៀង ជា​មួយ​ពួក​គេ​ឡើយ។ បើ​មនុស្ស​សុចរិត​វាយ​ប្រដៅ និង​ស្ដី​បន្ទោស​ទូលបង្គំ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ទូលបង្គំ​មិន​ប្រកែក​ទេ ព្រោះ​ជា​ការ​ល្អ​ចំពោះ​ទូលបង្គំ ប្រៀប​ដូច​ជា​ទឹក​អប់​ហូរ​លើ​ក្បាល​ទូលបង្គំ។ ក៏​ប៉ុន្តែ ទូលបង្គំ​នៅ​តែ​បន្ត​អធិស្ឋាន តប​នឹង​អំពើ​ឃោរ‌ឃៅ​របស់​មនុស្ស​ទុច្ចរិត។ សូម​ឲ្យ​ចៅ‌ក្រម​របស់​ពួក​នោះ ត្រូវ​គេ​ច្រាន​ទម្លាក់​ទៅ​ក្នុង​ក្រហែង​ថ្ម ហើយ​សូម​ឲ្យ​បច្ចា‌មិត្ត​ស្ដាប់​សេចក្ដី ដែល​ទូលបង្គំ​និយាយ​ដោយ​សុទ្ធ​ចិត្ត។ ដី​ប្រេះ​ចេញ​ពី​គ្នា​យ៉ាង​ណា សូម​ឲ្យ​ស្ថាន​មនុស្ស​ស្លាប់​បើក​ចំហ លេប​ឆ្អឹង​របស់​គេ​ដែល​នៅ​រាយ‌ប៉ាយ គ្រប់​ទី​កន្លែង​យ៉ាង​នោះ​ដែរ។ ឱ​ព្រះ‌ជា‌អម្ចាស់​អើយ ទូលបង្គំ​សម្លឹង​ទៅ​រក​ព្រះអង្គ​ជានិច្ច ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ សូម​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​បាត់​បង់​ជីវិត។ សូម​ការពារ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​អន្ទាក់ ដែល​គេ​ដាក់​ចាំ​ចាប់​ទូលបង្គំ សូម​កុំ​ឲ្យ​ទូលបង្គំ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ របស់​មនុស្ស​ទុច្ចរិត​ឡើយ តែ​សូម​ឲ្យ​ពួក​គេ​ជាប់​អន្ទាក់ ដែល​ខ្លួន​បាន​ដាក់​នោះ​វិញ! រីឯ​ទូលបង្គំ ទូលបង្គំ​នឹង​បាន​រួច​ខ្លួន។