ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ព្រះជាម្ចាស់នឹងគ្រងរាជ្យលើពិភពលោកក្នុងនាមជាចៅក្រម។ លោក អេសាភ បានស្រែកអង្វររកព្រះអម្ចាស់ កុំឱ្យព្រះអង្គនៅស្ងៀម ឬនៅស្ងប់ស្ងាត់ ប៉ុន្តែសូមឱ្យព្រះអង្គបង្ហាញអង្គទ្រង់ជាព្រះអម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទំនុកតម្កើងទាំងនេះចង្អុលបង្ហាញពីការគំរាមកំហែងពីរ ទៅដល់ប្រជារាស្រ្តរបស់ព្រះ – មួយគឺមកពីខាងក្នុង ហើយមួយទៀតគឺមកពីខាងក្រៅ។ ក្រុមចៅក្រមដែលគ្រប់គ្រងលើប្រជាជាតិអ៊ីស្រាអែលបានគាប់សង្កត់ពួកអ្នកក្រខ្សត់ ជាជាងបម្រើដល់ពួកគេក្នុងភាពយុត្តិធម៌ ដែលនេះជាទង្វើធ្វើឱ្យរង្គោះរង្គើនៅក្នុងគ្រឹះមូលដ្ឋាននៃសិទ្ធិសង្គមជាតិសាសន៍យូដា។ ទំនុកតម្កើង ៨៣ ថ្លែងឆ្លាស់ពីការគំរាមកំហែង មកពីខាងក្រៅ – ដែលនោះគឺជាការឃុបឃិតពីសម្ពន្ធមិត្តនៃប្រជាជាតិ ព្រោះពួកគេមានបំណងចង់លុបបំបាត់ឈ្មោះនៃជាតិសាសន៍អ៊ីស្រាអែល ចេញពីភពផែនដីនេះតែម្ដង។ ការគំរាមកំហែងទាំងពីរនេះ ពិតជាទុក្ខកង្វល់ដ៏ធំចំពោះកវីទំនុកតម្កើង ដែលគាត់បានអធិស្ឋានយ៉ាងលម្អិត ដើម្បីប្រឆាំងទាស់នឹងការគំរាមកំហែងទាំងពីរនេះ រួចគាត់ចង្អុលបង្ហាញពីសមត្ថភាពដ៏ពិសេស ដែលព្រះអាចជួយសង្គ្រោះដល់ពួកគេបាន។ មានតែព្រះតែមួយប៉ុណ្ណោះ ដែលអាចប្រទានភាពយុត្តិធម៌ដ៏ល្អឥតខ្ចោះ និងអាចគ្រប់គ្រងលើពិភពលោកដោយសេចក្ដីសុចរិត។ នៅគ្រាចុងក្រោយ ទំនុកតម្កើងទាំងពីរសម្លឹងមើលទៅកាន់ថ្ងៃដែលព្រះគ្រីស្ទនឹងយាងវិលត្រឡប់មកវិញ ក្នុងនាមជាចៅក្រមនិងជាព្រះមហាក្សត្រ។
តើខ្ញុំត្រូវឆ្លើយតបដោយរបៀបណា?
ពិភពលោកដែលយើងកំពុងរស់នៅ នោះមានពេញដោយការគំរាមកំហែងជាច្រើន។ មានឧក្រិដ្ឋជនដែលព្យាយាមលួចអត្តសញ្ញាណរបស់យើង មានអ្នកដឹកនាំពុករលួយដែលប្រឹងបង្អត់យើងពីភាពយុត្តិធម៌ ហើយថែមទាំងមានភេរវករដែលលួចចិត្ត មិនឱ្យយើងមានសន្តិភាពក្នុងផ្លូវអារម្មណ៍ថែមទៀត។ វាពិតជាលំបាកក្នុងការឱ្យយើងសម្លឹងមើលទៅរកអារម្មណ៍នៃក្ដីសង្ឃឹម ប្រសិនបើសុខសន្តិភាពរបស់យើង វាអាស្រ័យទៅលើអ្វីមួយ ឬនរណាម្នាក់ផ្សេង ដែលមិនមែនជាព្រះគ្រីស្ទនោះណាស់។ មានតែព្រះយេស៊ូ(វ) តែមួយប៉ុណ្ណោះ – ក្នុងនាមទ្រង់ជាចៅក្រម និងជាព្រះមហាក្សត្រ – ដែលអាចផ្ដល់ឱ្យយើងមានសុខសន្តិភាពក្នុងចិត្ត ក្នុងខណៈពេលដែលយើងប្រឈមតទល់នឹងថ្ងៃនីមួយៗនៃជីវិត។ តើអ្នកបាននាំយកនូវទុក្ខកង្វល់របស់អ្នក ទៅថ្វាយដល់ព្រះក្នុងសេចក្ដីអធិស្ឋាន ជាញឹកញាប់ ដែរឬទេ? ការអធិស្ឋានបែបថ្វាយរឿងចំៗ នោះត្រូវការពេលវេលា ប៉ុន្តែព្រះជាម្ចាស់យកចិត្តទុកដាក់ចំពោះរឿងលម្អិតទាំងឡាយ ដែលដាក់បន្ទុកនៅលើរូបអ្នក។ តើមានការគំរាមកំហែងណាខ្លះ ដែលកំពុងតែប៉ះពាល់ដល់សន្តិភាពខាងផ្លូវចិត្តគំនិត ដែលរូបអ្នកត្រូវការថ្វាយវាទៅព្រះ នាពេលឥឡូវនេះ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









