ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
លោក អេសាភ បានទូលសុំអង្វរព្រះ ឱ្យមានក្ដីមេត្តា និងអត់ទោសដល់ប្រជារាស្រ្តអ៊ីស្រាអែល សម្រាប់បានជាសិរីល្អដល់ព្រះនាមរបស់ព្រះអង្គ។ គាត់បានទូលសុំព្រះឱ្យយាងត្រឡប់មករកប្រជារាស្រ្តរបស់ព្រះអង្គវិញ ដើម្បីឱ្យពួកគេអាចបានរស់ និងបានស្ដារឡើងវិញជាថ្មី។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទំនុកតម្កើង ៧៩ ត្រូវបានយកមកច្រៀងរៀងរាល់ខែ ដើមរដូវចម្រូតចូលទៅខែប្រាំង នៅគ្រាបុណ្យចម្លង ហើយទំនុកតម្កើង ៨០ ត្រូវបានយកមកច្រៀងនៅខែវស្សា នៅក្នុងអំឡុងពេលមានពិធីបុណ្យបារាំ (ត្រសាល)។ ទំនុកតម្កើងទាំងពីរសុទ្ធតែរៀបរាប់ពីគ្រាហិនវិនាសនៃក្រុងយេរូសាឡឹម ហើយនិងការមើលងាយមើលថោកចំពោះព្រះដំណាក់របស់ព្រះ – ដែលនេះប្រហែលជាទាក់ទងទៅនឹងការឈ្លានពាននៃពួកបាប៊ីឡូន និងការយកទៅធ្វើជាឈ្លើយចំពោះប្រជារាស្រ្តនៃព្រះ។ ទំនុកតម្កើងទាំងនេះបានក្លាយជាសេចក្ដីរំឭកជាប្រចាំឆ្នាំ ថាព្រះពុំអនុញ្ញាតឱ្យអំពើបាបវិវត្ដទៅមុខ ដោយគ្មានលទ្ធផលតបសង នោះឡើយ។ ទង្វើបាបនាំមកនូវលទ្ធផលយ៉ាងហិនហោច ចំពោះទឹកដី ប្រជារាស្រ្ត និងការថ្វាយបង្គំរបស់ពួកគេ។ ដល់ចុងបញ្ចប់ ការស្ដារឡើងវិញរបស់ប្រជាជាតិអ៊ីស្រាអែលនឹងត្រូវបានស្ដារឡើងវិញ តាមរយៈបុរសតែមួយ ដែលព្រះជាម្ចាស់នឹងតាំងឡើង – នោះគឺជាព្រះមេស្ស៊ី ដែលជាអង្គព្រះយេស៊ូ(វ) គ្រីស្ទ។ មានតែព្រះអង្គមួយប៉ុណ្ណោះ ដែលអាចជួយសង្រ្គោះដល់អស់អ្នកណាដែលស្រែកអំពាវនាវរកព្រះនាមរបស់ព្រះអង្គ។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
យើងបានចាត់ទុកអំពើបាប ថាជារឿងតូចតាច រហូតដល់ថ្នាក់វាពិបាកឱ្យយើងសម្គាល់ឃើញ ថាវានឹងកើតជាផលយ៉ាងហិនហោច ទាំងប៉ះពាល់ដល់ទាំងប្រជាជាតិ និងរូបខ្លួនឯងផ្ទាល់ប៉ុណ្ណា។ រឿងកុននិងរឿងភាគ គេឱ្យតម្លៃនិងតម្កើងដល់អ្វីៗដែលព្រះទ្រង់វិនិច្ឆ័យ ហើយថែមទាំងធ្វើឱ្យទង្វើបាបមើលទៅដូចជារឿងដ៏ឡូយអស្ចារ្យ។ តែទោះជាយ៉ាងនេះក្ដី អំពើបាបមិនមែនជារឿងតូចតាចនោះឡើយ។ អំពើបាបនៃពិភពលោកបានបណ្ដាលឱ្យព្រះយេស៊ូ(វ) ត្រូវបង់ថ្លៃជីវិតរបស់ព្រះអង្គ។ ចូរឈប់ហើយសញ្ជឹងគិតមួយភ្លែត ពីទំហំនៃការព្រមានដែលអ្នកបានអាននៅក្នុងអត្ថបទគម្ពីរនៅថ្ងៃនេះ ហើយពិចារណាថាព្រះបន្ទូលនេះ គួរប៉ះពាល់ដល់ជីវិតរបស់អ្នកខ្លាំងប៉ុណ្ណា។ តើមនសិការរបស់អ្នក វាសាបឈឹងចំពោះបាប រហូតដល់អ្នកមើលឃើញថាទង្វើបាបជារឿងធម្មតា ឬមិនចាំបាច់ត្រូវគិតគូរ ដែរឬយ៉ាងណា? ចូរចងចាំ ប្រសិនបើអារក្សសាតាំង អាចនាំឱ្យអ្នកសើចក្អាកក្អាយចំពោះរឿងបាប នោះវាក៏អាចនាំឱ្យអ្នកអាចរស់នៅស្របជាមួយនឹងបាបបានដែរ។ តើអ្នកនឹងអធិស្ឋានសម្រាប់ការភ្ញាក់ដឹងខ្លួន និងការរស់ឡើងវិញចេញពីទង្វើបាប សម្រាប់ខ្លួនអ្នក និងប្រជាជាតិរបស់អ្នក នៅថ្ងៃនេះដែរឬទេ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









