ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 60 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

លោក អេសាភ ថ្លែងសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការបង្រៀនណែនាំទៅដល់មនុស្សជំនាន់ក្រោយ អំពីព្រះអម្ចាស់។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ទំនុកតម្កើងនេះ គឺជាសេចក្ដីបង្រៀន ឬជាការណែនាំ។ សេចក្ដីណែនាំរបស់កវីទំនុកតម្កើង នោះគឺថាយើងត្រូវរៀនពីមេរៀននៃអតីតកាល ហើយត្រូវបង្គាប់ណែនាំដល់អ្នកដទៃ។ ពីជំនាន់មួយទៅជំនាន់មួយ គេមានទំនួលខុសត្រូវក្នុងការបង្រៀនដល់កូនៗរបស់ខ្លួន ពីអ្វីដែលគេបានរៀនពីព្រះអម្ចាស់។ កូនៗណាដែលទទួលបានការបង្រៀនឱ្យសម្គាល់និងដឹងពីស្នាព្រះហស្ដ និងកិច្ចការរបស់ព្រះនៅក្នុងពិភពលោកនេះ នោះគេនឹងរៀនទុកចិត្តទៅលើអំណាចចេស្ដារបស់ព្រះអង្គ។ កូនៗណាដែលបានទទួលការណែនាំនៅក្នុងក្រឹត្យវិន័យរបស់ព្រះ នោះគេនឹងដើរតាមសេចក្ដីបង្គាប់របស់ព្រះអង្គ។ ប្រសិនបើសេចក្ដីពិតទាំងនេះ ពុំបាន ផ្ដិតជាប់ក្នុងចិត្តរបស់កូនៗ តាំងពីពេលពួកគេនៅក្មេងៗទេ នោះគេនឹងដើរតាមសញ្ជាតិបាបពីកំណើតរបស់ខ្លួន ហើយគេអាចភ្លេចរាល់អ្វីដែលព្រះបានធ្វើ និងបដិសេធមិនព្រមស្ដាប់បង្គាប់ចំពោះព្រះ ជាក់ជាមិនខាន។ ដើម្បីបង្ហាញឱ្យឃើញជាក់ច្បាស់ នោះ លោក អេសាភ បានរាយរាប់ពីប្រវត្តិយ៉ាងវែងអន្លាយរបស់ប្រជាជាតិអ៊ីស្រាអែល ក្នុងទង្វើបះបោរទាស់ប្រឆាំងរបស់គេចំពោះព្រះ។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

ក្នុងនាមជាឪពុកម្ដាយ យើងបង្ហាញទៅដល់កូនៗរបស់យើង តាំងពីគេនៅវ័យក្មេង ពីរបៀបដុសធ្មេញ ប្រាប់គេឱ្យញ៉ាំបន្លែ ដាក់ពួកគេឱ្យចូលរៀននៅសាលា និងជូនដំណើរពួកគេទៅកាន់ព្រឹត្តិការណ៍កីឡាទាំងប៉ុន្មានជាច្រើន។ តែទោះជាអាចរាប់នូវទង្វើទាំងប៉ុន្មានដែលឪពុកម្ដាយអាចធ្វើសម្រាប់កូនៗរបស់ខ្លួនបានច្រើនយ៉ាងណាក៏ដោយ ក៏គ្មានអ្វីប្រៀបស្មើនឹងការបង្រៀនដល់ពួកគេពីសេចក្ដីពិតអំពីព្រះ នោះទេ។ ការដែលនាំពួកគេទៅព្រះវិហារ ដែលជឿទុកចិត្តលើព្រះបន្ទូលព្រះ នោះពិតជាសំខាន់ ប៉ុន្តែសេចក្ដីពិតអស់ទាំងនោះ ត្រូវតែមានភស្ដុតាងបង្ហាញពីសកម្មភាព និងការប្រព្រឹត្តជាក់ស្ដែង នៅក្នុងរបៀបរស់នៅជាប្រចាំថ្ងៃ ទាំងមានការប្រព្រឹត្តជាគំរូ ដោយការទុកចិត្តលើព្រះនិងស្ដាប់បង្គាប់ចំពោះព្រះបន្ទូលរបស់ព្រះអង្គផងដែរ។ តើកូនចៅរបស់អ្នកបានរៀនអ្វីខ្លះអំពីព្រះ តាមរយៈការសម្លឹងមើល និងការស្ដាប់ពីអ្នក? ចូរសម្គាល់និងឈ្វេងដឹងពីពេលអ្នកអាចមានឱកាសបង្រៀនដល់ពួកគាត់បាននៅថ្ងៃនេះ។ ចូរប្រាប់ដល់កូនៗពីរបៀបដែលព្រះបានមើលថែរក្សាដល់ក្រុមគ្រួសាររបស់អ្នកតាំងពីអតីតកាល។ ចូរបង្ហាញដល់ពួកគេថាព្រះគម្ពីរថ្លែងយ៉ាងដូចម្ដេច អំពីបញ្ហារបស់ពួកគេនៅឯសាលា និងវិបត្តិរបស់គេជាមួយនឹងមិត្តភក្ដិ រួចហើយ ចូរអធិស្ឋានរួមជាមួយនឹងពួកគេ អំពីបញ្ហាអស់ទាំងនោះ។ ប្រសិនបើអ្នកមិនបានផ្ដិតជំនឿរបស់អ្នកទៅលើដួងចិត្តរបស់ពួកគេនោះទេ នោះពិភពលោកនឹងបង្រៀនដល់ពួកគេវិញ។

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org