៦ ថ្ងៃជាមួយនឹងព្រះនាមរបស់ព្រះជាម្ចាស់គំរូ

Six Days Of The Names Of God

ថ្ងៃទី 5 ក្នុងចំណោម 6 ថ្ងៃ

ថ្ងៃទី ៥៖ អេឡូហ៊ី សាដិគី (ELOHE TSADEKI) – ព្រះនៃក្ដីសុចរិតរបស់ខ្ញុំ

យើងតែងតែសម្លឹងរកមើលអ្វីដែលជារឿងធំថ្មីហើយពិសេសជានិច្ច។ ដូចជាអាថ៌កំបាំងនៃការក្លាយខ្លួនជាមនុស្សមានសណ្ដាប់ធ្នាប់។ គន្លឹះនៃការសម្រកគីឡូ ដើម្បីឱ្យរូបរាងស្អាត។ បង្កើតគម្រោងផែនការជាក់លាក់ដើម្បីឱ្យបានស្ថេរភាពខាងផ្នែកថវិកា។ យើងអានសៀវភៅ។​ យើងស្ដាប់មេរៀនជាសំឡេង ហើយចុះឈ្មោះចូលរួមសិក្សាក្នុងសិក្ខាសាលានានា។ ហើយទោះក្នុងខណៈពេលយើងដឹងពីជំនាញថ្មី ស្ដីពីការធ្វើឱ្យខ្លួនចេះមានសណ្ដាប់ធ្នាប់ ធ្វើឱ្យខ្លួនសម្រកគីឡូបានយ៉ាងប្រសើរ និងបង្កើនសន្តិសុខក្នុងរឿងថវិកា ដែលទាំងនេះជាកត្តាសក្ដិសមឱ្យយើងដេញតាមវាក្ដី នោះយើងក៏ត្រូវតែធានាថាខ្លួនយើងមិនភ្លេចអំពីអ្វីដែលជារឿងចម្បងសំខាន់ នៅពេលដែលយើងកំពុងតែស្វែងរកអ្វីដែលជារឿងធំថ្មីនោះដែរ។

គោលដៅចម្បងនៃជីវិត នោះគឺជាការដើរតាមព្រះជាម្ចាស់ ប្រឹងក្លាយខ្លួនឱ្យបានដូចព្រះអង្គ ហើយរស់នៅជីវិតរបស់យើងសម្រាប់ព្រះអង្គ។ ហើយការក្លាយខ្លួនឱ្យបានដូចជាព្រះ នោះគឺមានន័យថា ការរីកចម្រើនលូតលាស់ទៅក្នុងសេចក្ដីល្អ និងសេចក្ដីសុចរិតនៃព្រះ។ ចេញមកពីព្រះអម្ចាស់ នោះមានការបង្ហូរនៃក្ដីមេត្តាករុណា ព្រះគុណ ព្រះចេស្ដា ហើយនិងកម្លាំង—ដែលទាំងនេះ សុទ្ធសឹងជាគុណតម្លៃយើងត្រូវការនៅក្នុងជីវិត ហើយនិងនៅក្នុងពិភពលោករបស់យើង។ ព្រះប្រទានដល់យើងនូវរាល់អ្វីៗដែលយើងត្រូវការតាមរយៈព្រះបន្ទូល ហើយនិងព្រះវិញ្ញាណរបស់ព្រះអង្គ ដើម្បីឱ្យយើងបានរស់នៅក្នុងអំណរដ៏ហូរហៀរ។ នៅពេលដែលយើងជ្រើសរើសក្ដីប៉ងប្រាថ្នារបស់ព្រះលើសពីចិត្តប៉ងចង់បានរបស់យើង ហើយព្យាយាមស្វះស្វែងឱ្យបានក្លាយដូចព្រះអង្គ នោះព្រះនឹងណែនាំ ហើយចង្អុលបង្ហាញផ្លូវដល់យើងជាក់ជាពុំខាន។

ការដើរតាមគម្រោងផែនការនៃព្រះ នោះប្រហែលជាពិបាកធ្វើជាងការប្រឹងស្ថិតនៅជាប់ជាមួយនឹងជំហានដ៏ងាយៗទាំង ៦ ដើម្បីឱ្យខ្លួនបានសម្រកគីឡូ ឬរបៀបទាំង ១០ នៃការកាត់បន្ថយភាពរប៉ាត់រប៉ាយនៅក្នុងផ្ទះរបស់ខ្លួន ទៅទៀត។ ប៉ុន្តែការដើរតាមព្រះ នោះនាំឱ្យយើងស្កប់ចិត្តនិងពេញដោយព្រះពរជាង។ នៅពេលដែលយើងបែរទៅរកព្រះជាម្ចាស់ ហើយកាន់ជីវិតរបស់យើងថ្វាយទៅព្រះ នោះព្រះអង្គអត់ឱនទោសដល់យើង ហើយផ្ដល់ដល់យើងនូវក្ដីសន្ដោសមេត្តារបស់ព្រះអង្គ។ ព្រះអង្គជួយប៉ះពារទំនាក់ទំនងដែលបាក់បែក ហើយបំពេញដួងចិត្តរបស់យើងជាមួយនឹងភាពសុចរិត ព្រះគុណ និងក្ដីសុខសាន្ដ។ ផលផ្លែល្អបានមកពីការដើរតាមព្រះជាម្ចាស់ ហើយនិងការអនុញ្ញាតឱ្យសេចក្ដីសុចរិតរបស់ព្រះអង្គណែនាំផ្លូវដល់ជំហានរបស់យើង។

អត្ថបទគម្ពីរ

ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Six Days Of The Names Of God

ចេញពីព្រះនាមជាច្រើនរបស់ព្រះជាម្ចាស់ នោះព្រះអង្គបានបើកសម្ដែងមកដល់រូបយើងនូវសណ្ឋាននៃចរិតលក្ខណៈរបស់ព្រះអង្គ។ លើសពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ព្រះគម្ពីរបង្ហាញឱ្យយើងស្គាល់ពីព្រះនាមចំនួន ៨០ ផ្សេងៗពីគ្នារបស់ព្រះជាម្ចាស់។ ដូចបានផ្ដល់ឱ្យ មានព្រះនាមចំនួន ៦ ព្រមទាំងអត្ថន័យរបស់ព្រះនាមទាំងនោះផង ដែលអាចជួយឱ្យអ្នកជឿអាចចូលទៅកាន់តែជិតចំពោះព្រះដ៏ពិតតែមួយអង្គ។ អត្ថបទទាំងនេះ ដកស្រង់ចេញពី ការទទួលបទពិសោធន៍ពីអំណាចចេស្ដានៃព្រះនាមរបស់ព្រះជាម្ចាស់៖ អត្ថបទស្មឹងស្មាធិ៍ដែលផ្ដល់ជីវិត ដោយលោកបណ្ឌិត ថូនី អេវិន (Tony Evans)។ ក្រុង យូជីន រដ្ឋ អូរីហ្គេន៖ រោងពុម្ពផ្សព្វផ្សាយ ផ្ទះចម្រូត (Harvest House Publishers)។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច The Urban Alternative និងលោក ថូនី អេវិន (Tony Evans) ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហ៍ទំព័រ៖ https://tonyevans.org/