ខ្ញុំពិតជារំភើបចិត្តគំរូ

វាពិតជាងាយឱ្យយើងភ្លេចខ្លួន
ឱ ដាវីឌ អើយ។ ម្សិលមិញ យើងបានអានថាគាត់មានដួងចិត្តរំភើបខ្លាំងណាស់ ទាំងគាត់រត់ទៅទីចម្បាំង ដើម្បីបម្រើក្នុងការត្រាស់ហៅរបស់ព្រះ។ នៅថ្ងៃនេះ យើងបានអានពីការដែលគាត់បានភ្លាត់ស្នៀត នាពេលគាត់មានវ័យចំណាស់ជាងមុន គឺនៅពេលដែលគាត់បានឡើងត្រសាលខ្លួននាទីសុខស្រួល នៅលើដំបូលដំណាក់របស់គាត់។ មុន ព្រះបាទដាវីឌ បានប្រព្រឹត្តបាបជាមួយ នាងបាតសេបា នោះគម្ពីរ ២ សាំយូអែល ១១៖១ បានចែងប្រាប់ថា ស្ដេច បានស្ថិតនៅឯផ្ទះ ក្នុងរដូវកាល ដែលស្ដេចគួរតែទៅតយុទ្ធនៅទីសមរភូមិ។ តើទង្វើគាត់បានធ្វើនេះ សមនឹងក្មេងគង្វាល ដែលធ្លាប់មានក្ដីរំភើបក្នុងចិត្ត ពេលគាត់ធ្លាប់បម្រើព្រះ និងរត់ចេញទៅវាយតទល់នឹងយក្ស ទាំងកាលគាត់គ្មានគ្រឿងសឹកនោះដែរឬទេ?
គ្មាននរណាអាចទាយបាននោះទេ ថាអ្នកដែលធ្លាប់បានសម្លាប់យក្សកូលីយ៉ាត ប្រែបែរខ្លួនទៅជាធ្លាក់ចេញឆ្ងាយពីព្រះទ័យព្រះ ហើយច្រានចោលទំនួលខុសត្រូវក្នុងនាមជាស្ដេច រួចបែរទៅជាប្រព្រឹត្តអំពើសហាយស្មន់នឹងស្រ្តីមានប្ដី ទាំងបង្គាប់បញ្ជាឱ្យស្វាមីរបស់គេនោះ ឱ្យទៅស្លាប់យ៉ាងដូច្នេះឡើយ។ ពិតជាគួរឱ្យសោកសៅណាស់ ដែលថា យើងពិតជាងាយក្នុងការបាត់បង់ដួងចិត្តរំភើបឆេះឆួលរបស់យើង។ ងាយបំផុត នោះគ្រាន់តែយើងបានភ្លេច ថាដួងចិត្តរំភើប និងភាពឆេះឆួលនោះ បានមកពីណា។
តើឱ្យយើងការពារខ្លួន កុំឱ្យយើងងាយភ្លេចពីប្រភពនៃដួងចិត្តរំភើបរបស់យើងនោះ បានដោយរបៀបណា? យើងទុកចិត្តលើព្រះសម្រាប់រាល់តម្រូវការជាប្រចាំរបស់យើង។ នៅពេលណាដែលការងារកាន់តែលំបាក នោះយើងមិនរកផ្លូវកាត់ទេ តែយើងស្វែងរកព្រះ ដើម្បីសុំជំនួយ។ យើងដើររួមប្រកបនឹងព្រះជាប្រចាំថ្ងៃ។ យើងសម្គាល់ដឹងថា ការមានព្រះសណ្ឋិត ឬ "ការបានពេញដោយព្រះវិញ្ញាណ" នោះពុំអាចកើតមានឡើងបានទេ ប្រសិនបើយើងមិនអនុញ្ញាតឱ្យព្រះមានវត្តមាននៅក្នុងទម្លាប់រស់នៅជាប្រចាំថ្ងៃរបស់យើង។ យើងសម្គាល់ដឹងថាព្រះបានក្លាយជាផ្នែកនៃជីវិតរបស់យើង ហើយគ្រាន់តែទូលសូមព្រះអង្គនូវឱកាសដើម្បីឱ្យយើងអាចបម្រើព្រះអង្គពីមួយថ្ងៃទៅមួយថ្ងៃ។ ជាចុងក្រោយ យើងចេះថ្វាយបង្គំព្រះជារៀងរាល់ថ្ងៃ។ យើងមើលឃើញថាព្រះគឺជាប្រភពនៃការល្អៗ ដែលមាននៅក្នុងជីវិតរបស់យើង ហើយតែងតែអរគុណព្រះអង្គសម្រាប់រាល់ការអស់ទាំងនោះ ដោយធ្វើគ្រប់កិច្ចការ ដូចជាយើងធ្វើថ្វាយព្រះអង្គ។
ការបំភ្លេចព្រះនោះពិតជាងាយ ប៉ុន្តែវានឹងនាំឱ្យយើងមានលទ្ធផលយ៉ាងសោកសៅជាច្រើន។ នៅថ្ងៃនេះ ចូរជ្រើសរើសផ្ដោតដួងចិត្តរបស់អ្នកទៅចំពោះព្រះអង្គ ដើម្បីកុំឱ្យអ្នកភ្លេចថាអ្នកធ្លាប់មានដួងចិត្តរំភើបប៉ុណ្ណា នៅពេលដែលអ្នកបានរត់ទៅចំពោះការត្រាស់ហៅរបស់ព្រះអង្គ។
ចូរពិចារណា៖ តើអ្នកធ្លាប់ធ្វើអ្វីដើម្បីឱ្យអ្នកនៅបន្តមានភាពឆេះឆួល បានរំភើបក្នុងចិត្ត ចំពោះការរត់ទៅកាន់ការត្រាស់ហៅរបស់ព្រះ? តើអ្នកអាចបង្កើនពេលបន្ថែមជាប្រចាំថ្ងៃ សម្រាប់ទង្វើអស់ទាំងនោះបាន ដោយរបៀបណា?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

តើអ្នកធ្លាប់មានអារម្មណ៍សោះកក្រោះដែរឬទេ? មិនមែនតែអ្នកម្នាក់ឯងទេ ដែលធ្លាប់មានអារម្មណ៍ដូច្នេះ—សូម្បីតែ ព្រះបាទដាវីឌ ក៏ធ្លាប់ខ្សោះអស់អំណរដែរ។ មកចាប់ផ្ដើមអាន វគ្គទី ៥ នៃវគ្គទាំង ៦ ក្នុងមេរៀនជាខ្សែ ស្ដីអំពី ការស្ថិតនៅក្នុងចិត្តវិជ្ជមាន ដើម្បីឱ្យអ្នកអាចនៅបន្តបញ្ឆេះភាពឆេះឆួល និងការរំភើបចិត្ត របស់អ្នកបាន។
More