មួយឆ្នាំក្រោយមក គឺនៅរដូវដែលស្ដេចនានាមានទម្លាប់ចេញទៅធ្វើសឹក ព្រះបាទដាវីឌចាត់លោកយ៉ូអាប់ ព្រមទាំងនាយទាហាន និងកងទ័ពអ៊ីស្រាអែលទាំងមូល ឲ្យចេញទៅច្បាំងនឹងជនជាតិអាំម៉ូន។ ពួកគេបានកម្ទេចស្រុកនោះ ហើយឡោមព័ទ្ធក្រុងរ៉ាបាត។ រីឯព្រះបាទដាវីឌគង់នៅក្រុងយេរូសាឡឹម។ មានថ្ងៃមួយ នៅពេលរសៀល ព្រះបាទដាវីឌតើនពីផ្ទំ ហើយស្ដេចយាងកម្សាន្តតាមថែវ ដែលនៅជាន់ខាងលើព្រះដំណាក់។ ស្ដេចទតឃើញស្ត្រីម្នាក់កំពុងមុជទឹក ស្ត្រីនោះមានរូបឆោមល្អណាស់។ ស្ដេចក៏ស៊ើបសួរពីស្ត្រីនោះ គេទូលថា «នាងឈ្មោះបាតសេបា ជាកូនរបស់លោកអេលាម និងជាប្រពន្ធរបស់លោកអ៊ូរី ជាជនជាតិហេត»។ ព្រះបាទដាវីឌចាត់គេឲ្យទៅនាំនាងមក នាងមកឯដំណាក់ស្ដេច ហើយស្ដេចក៏រួមដំណេកជាមួយនាង រួចនាងវិលត្រឡប់ទៅផ្ទះវិញ។ ពេលនោះ នាងទើបនឹងមានរដូវ ហើយធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ។ នាងបាតសេបាក៏មានផ្ទៃពោះ នាងចាត់គេឲ្យទៅទូលព្រះបាទដាវីឌថា៖ «ខ្ញុំម្ចាស់មានគភ៌ហើយ»។ ពេលនោះ ព្រះបាទដាវីឌចាត់គេឲ្យទៅប្រាប់លោកយ៉ូអាប់ថា៖ «ចូរបញ្ជូនអ៊ូរី ជាជនជាតិហេត មកជួបយើង»។ លោកយ៉ូអាប់ក៏បញ្ជូនលោកអ៊ូរីមក។ លុះលោកអ៊ូរីមកដល់ ព្រះបាទដាវីឌសាកសួរដំណឹងពីលោកយ៉ូអាប់ និងកងទ័ព ព្រមទាំងសភាពការណ៍សឹក។ បន្ទាប់មក ស្ដេចមានរាជឱង្ការថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះ ហើយទៅរួមសុខទុក្ខជាមួយគ្រួសារចុះ»។ លោកអ៊ូរីចាកចេញពីដំណាក់ ហើយស្ដេចក៏ឲ្យគេយកអំណោយទៅជូនលោកតាមក្រោយ។ ប៉ុន្តែ លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ គឺលោកទទួលទានដំណេកជាមួយពួកនាយទាហាន នៅខ្លោងទ្វារដំណាក់ស្ដេច។ មានគេទូលព្រះបាទដាវីឌថា លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ។ ពេលនោះ ស្ដេចសួរលោកអ៊ូរីថា៖ «អ្នកទើបនឹងធ្វើដំណើរយ៉ាងឆ្ងាយ ហេតុអ្វីបានជាអ្នកមិនវិលទៅផ្ទះរបស់អ្នក?»។ លោកអ៊ូរីទូលស្ដេចថា៖ «បពិត្រព្រះករុណា ហិបរបស់ព្រះអម្ចាស់ស្ថិតនៅក្នុងព្រះពន្លា ហើយកងទ័ពអ៊ីស្រាអែល និងយូដា ស្នាក់នៅក្នុងជំរំ រីឯលោកយ៉ូអាប់ ជាចៅហ្វាយរបស់ទូលបង្គំ និងនាយទាហាន ក៏សម្រាកនៅតាមវាលដែរ។ តើពេលនេះ ឲ្យទូលបង្គំទៅផ្ទះ ទទួលទានអាហារឆ្ងាញ់ និងដេកឱបប្រពន្ធម្ដេចកើត? ទូលបង្គំសូមស្បថថា ដរាបណាព្រះករុណាមានព្រះជន្មគង់នៅ ទូលបង្គំមិនប្រព្រឹត្តដូច្នេះឡើយ!»។ ស្ដេចតបវិញថា៖ «ថ្ងៃនេះ ចូរអ្នកនៅទីនេះសិនចុះ ចាំស្អែក យើងឲ្យអ្នកត្រឡប់ទៅវិញ»។ លោកអ៊ូរីស្នាក់នៅក្រុងយេរូសាឡឹមរហូតដល់ស្អែក។ ព្រះបាទដាវីឌអញ្ជើញលោកមកជប់លៀងរួមតុ ព្រមទាំងបង្អកស្រាលោកឲ្យស្រវឹងថែមទៀតផង។ លុះដល់ល្ងាច លោកអ៊ូរីទៅទទួលទានដំណេកជាមួយនាយទាហានរបស់ស្ដេចដដែល គឺលោកពុំបានវិលត្រឡប់ទៅផ្ទះរបស់លោកទេ។ ព្រលឹមឡើង ព្រះបាទដាវីឌសរសេរសំបុត្រមួយផ្ញើទៅលោកយ៉ូអាប់ តាមរយៈលោកអ៊ូរី។ ក្នុងសំបុត្រនោះស្ដេចសរសេរថា៖ «ចូរដាក់អ៊ូរីឲ្យនៅសមរភូមិមុខ ត្រង់ចំណុចដែលក្ដៅបំផុត រួចដកទ័ពថយមកវិញ ទុកឲ្យគាត់នៅតែម្នាក់ឯង ដើម្បីឲ្យបច្ចាមិត្តប្រហារជីវិតគាត់»។ លោកយ៉ូអាប់សង្កេតមើលទីក្រុងដែលលោកឡោមព័ទ្ធ ហើយដាក់លោកអ៊ូរីនៅកន្លែងដែលលោកដឹងថា មានសត្រូវខ្លាំងពូកែ។ កងទ័ពសត្រូវចេញមកច្បាំងតទល់នឹងកងទ័ពរបស់លោកយ៉ូអាប់។ ពួកគេសម្លាប់ពលទាហានខ្លះ ក្នុងជួរទ័ពរបស់ព្រះបាទដាវីឌ រីឯលោកអ៊ូរី ជាជនជាតិហេត ក៏ស្លាប់ដែរ។ លោកយ៉ូអាប់បានចាត់គេឲ្យទៅរាយការណ៍ថ្វាយព្រះបាទដាវីឌ យ៉ាងសព្វគ្រប់អំពីសភាពការណ៍ចម្បាំង គឺលោកបញ្ជាអ្នកនាំសារថា៖ «ពេលអ្នករាយការណ៍អំពីសភាពការណ៍ចម្បាំងចប់សព្វគ្រប់ហើយ ប្រសិនបើស្ដេចខ្ញាល់ ហើយមានរាជឱង្ការថា “ហេតុអ្វីបានជាអ្នករាល់គ្នាចូលទៅជិតកំពែងក្រុង ក្នុងពេលប្រយុទ្ធ? តើអ្នករាល់គ្នាមិនដឹងថា ខ្មាំងបាញ់ព្រួញពីលើកំពែងក្រុងមកទេឬ? តើអ្នករាល់គ្នាមិនដឹងទេឬថា លោកអប៊ីមាឡេក ជាកូនរបស់លោកយេរូបាល ត្រូវស្លាប់នៅថេបេស ព្រោះតែស្ត្រីម្នាក់ទម្លាក់ថ្មត្បាល់ពីលើកំពែងមកចំលោក។ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាចូលជិតកំពែងក្រុងយ៉ាងនេះ?” នោះត្រូវទូលស្ដេចថា លោកអ៊ូរី ជនជាតិហេត ដែលជាអ្នកបម្រើរបស់ព្រះករុណាក៏ស្លាប់ដែរ»។ អ្នកនាំសារចេញទៅ រាយការណ៍ថ្វាយព្រះបាទដាវីឌ នូវសេចក្ដីទាំងប៉ុន្មានដែលលោកយ៉ូអាប់បានបង្គាប់។ អ្នកនាំសារនោះបានរៀបរាប់ទូលព្រះបាទដាវីឌថា៖ «ពួកខ្មាំងមានប្រៀបជាងយើងខ្ញុំ គេចេញមកវាយយើងខ្ញុំនៅតាមវាល។ យើងខ្ញុំបានវាយបកទៅវិញ និងរុញពួកគេរហូតដល់ខ្លោងទ្វារក្រុង។ ប៉ុន្តែ ពេលនោះ ពួកខ្មាំងបានបាញ់ព្រួញពីលើកំពែងតម្រង់មករកយើងខ្ញុំ ធ្វើឲ្យពលទាហានខ្លះស្លាប់ រីឯលោកអ៊ូរី ជាជនជាតិហេត និងជាអ្នកបម្រើរបស់ព្រះករុណា ក៏ស្លាប់ដែរ»។
អាន ២ សាំយូអែល 11
ស្ដាប់នូវ ២ សាំយូអែល 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ សាំយូអែល 11:1-24
4 Days
Do you ever just feel flat? You’re not alone—even King David ran out of joy. Start reading part five of the six-part Stay Positive series and rekindle your enthusiasm.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ