រ៉ូម 10

10
1បង​ប្អូន​អើយ ខ្ញុំ​ប៉ង‌ប្រាថ្នា​អស់​ពី​ចិត្ដ​ចង់​តែ​ឲ្យ​សាសន៍​អ៊ីស្រ‌អែល​បាន​ទទួល​ការ​សង្គ្រោះ ហើយ​ខ្ញុំ​ក៏​អង្វរ​អុលឡោះ​ឲ្យ​ពួក​គេ​ដែរ។ 2ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា ពួក​គេ​មាន​ចិត្ដ​ខ្នះ‌ខ្នែង​បម្រើ​អុលឡោះ​ខ្លាំង​ណាស់ តែ​គេ​បម្រើ​ទាំង​ល្ងិត​ល្ងង់។ 3ដោយ​ពួក​គេ​ពុំ​ស្គាល់​របៀប​ដែល​អុលឡោះ​រាប់​មនុស្ស​លោក​ឲ្យ​បាន​សុចរិត ពួក​គេ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ខ្លួន​បាន​សុចរិត ដោយ​ខ្លួន​គេ​ផ្ទាល់ គឺ​ពុំ​ព្រម​ទទួល​របៀប​ដែល​អុលឡោះ​ប្រោស​មនុស្ស​ឲ្យ​បាន​សុចរិត​នេះ​ទេ។ 4ហ៊ូកុំ​នាំ​មនុស្ស​ឆ្ពោះ​ទៅ​កាន់​អាល់ម៉ា‌ហ្សៀស ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​បាន​សុចរិត។
ការ​សង្គ្រោះ តាម​រយៈ​ជំនឿ​លើ​អាល់ម៉ា‌ហ្សៀស
5ម៉ូសា​បាន​សរសេរ​ទុក​អំពី​សេចក្ដី​សុចរិត​ដែល​មក​ពី​ហ៊ូកុំ​ថាៈ «អ្នក​ណា​ប្រតិបត្ដិ​តាម​អ្វីៗ​ដែល​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ អ្នក​នោះ​នឹង​មាន​ជីវិត​ដោយ‌សារ​អំពើ​ទាំង​នោះ»6ចំពោះ​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ​វិញ មាន​ចែង​ថា «អ្នក​មិន​ត្រូវ​សួរ​ក្នុង​ចិត្ដ​ថា តើ​អ្នក​ណា​នឹង​ឡើង​ទៅ​សូរ៉កា?» គឺ​ថា ដើម្បី​នឹង​នាំ​អាល់ម៉ា‌ហ្សៀស​ចុះ​មក 7«តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ស្ថាន​ក្រោម?» គឺ​ថា ដើម្បី​នាំ​អាល់ម៉ា‌ហ្សៀស​ឡើង​ពី​ចំណោម​មនុស្ស​ស្លាប់​មក 8តែ​ក្នុង​គីតាប​មាន​ចែង​ដូច​ម្ដេច? គឺ​មាន​ចែង​ថា «បន្ទូល​នេះ​នៅ​ក្បែរ​អ្នក នៅ​ក្នុង​មាត់​អ្នក និង​នៅ​ក្នុង​ចិត្ដ​អ្នក»។ បន្ទូល​នេះ​ជា​បន្ទូល​ស្ដី​អំពី​ជំនឿ​ដែល​យើង​ប្រកាស។ 9ប្រសិន​បើ​មាត់​អ្នក​ប្រកាស​ថា អ៊ីសា​ពិត​ជា​អម្ចាស់ ហើយ​បើ​ចិត្ដ​អ្នក​ជឿ​ថា អុលឡោះ​ពិត​ជា​បាន​ប្រោស​អ៊ីសា​ឲ្យ​បាន​រស់​ឡើង​វិញ​មែន នោះ​អ្នក​នឹង​ទទួល​ការ​សង្គ្រោះ​ជា​មិន​ខាន 10ដ្បិត​បើ​ចិត្ដ​យើង​ជឿ យើង​នឹង​បាន​សុចរិត ហើយ​បើ​មាត់​យើង​ប្រកាស​ជំនឿ​នោះ​យើង​នឹង​ទទួល​ការ​សង្គ្រោះ 11ដូច​មាន​ថ្លែង​ទុក​ក្នុង​គីតាប​ថា «អ្នក​ណា​ពឹង​ផ្អែក​លើ​គាត់ អ្នក​នោះ​មុខ​ជា​មិន​ខក​ចិត្ដ​ឡើយ»12ដូច្នេះ សាសន៍​យូដា និង​សាសន៍​ក្រិក​មិន​ប្លែក​ពី​គ្នា​ត្រង់​ណា​ទេ គេ​ទាំង​អស់​គ្នា​មាន​ម្ចាស់​តែ​មួយ​ដែល​មាន​ចិត្ត​ទូលាយ ដល់​អស់​អ្នក​អង្វរ​រក​ទ្រង់ 13ដ្បិត «អ្នក​ណា​អង្វរ​រក​នាម​អុលឡោះ​តាអាឡា​អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ»
14ក៏​ប៉ុន្ដែ ឲ្យ​គេ​អង្វរ​រក​អុលឡោះ​ដូច​ម្ដេច​កើត បើ​គេ​មិន​ជឿ? ឲ្យ​គេ​ជឿ​លើ​ទ្រង់​ដូច​ម្ដេច​កើត បើ​គេ​មិន​ដែល​ឮ​អំពី​ទ្រង់? ឲ្យ​គេ​ឮ​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ប្រកាស? 15ឲ្យ​មាន​អ្នក​ប្រកាស​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ចាត់​ឲ្យ​ទៅ​ប្រកាស​ផង​នោះ? ដូច​មាន​ចែង​ទុក​ថាៈ
«មើល៍ អ្នក​ដែល​ធ្វើ​ដំណើរ​នាំ​ដំណឹង​ដ៏​ល្អៗ​មក
ប្រសើរ​រុង‌រឿង​ណាស់​ហ្ន៎!»
16ប៉ុន្ដែ មិន​មែន​មនុស្ស​គ្រប់​គ្នា​ទេ​ដែល​ព្រម​ស្ដាប់​តាម​ដំណឹង‌ល្អ ដូច​ណាពី​អេសាយ​បាន​ថ្លែង​ទុក​មក​ថាៈ «ឱ​អុលឡោះ‌ជាអម្ចាស់​អើយ តើ​នរណា​ជឿ​សេចក្ដី​ដែល​យើង​និយាយ​ឲ្យ​ស្ដាប់?»
17ដូច្នេះ ជំនឿ​កើត​មក​ពី​សេចក្ដី​ដែល​យើង​បាន​ស្ដាប់ រីឯ​សេចក្ដី​ដែល​យើង​បាន​ស្ដាប់​នោះ​កើត​មក​ពី​បន្ទូល​នៃ​អុលឡោះ​អំពី​អាល់ម៉ា‌ហ្សៀស។ 18ក៏​ប៉ុន្ដែ ខ្ញុំ​សូម​សួរ​ថា តើ​ពួក​គេ​មិន​ដែល​បាន​ឮ​ទេ​ឬ? ទេ ពួក​គេ​ប្រាកដ​ជា​បាន​ឮ​ហើយ!
«សំឡេង​របស់​គេ​បាន​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ
លើ​ផែនដី​ទាំង​មូល
ហើយ​ពាក្យ​សំដី​របស់​គេ​បាន​ឮ​ខ្ចរ​ខ្ចាយ
រហូត ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ពិភព​លោក»
19ខ្ញុំ​សូម​សួរ​ទៀត​ថា តើ​សាសន៍​អ៊ីស្រ‌អែល​មិន​បាន​យល់​ទេ​ឬ?។ ម៉ូសា​បាន​ថ្លែង​មុន​គេ​ថាៈ
«យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ប្រច័ណ្ឌ
ដោយ​សារ​មនុស្ស​ដែល​មិន​មែន​ជា​ប្រជា‌ជន​
ដ៏​ពិត​ប្រាកដ
យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខឹង
ដោយ​សារ​ប្រជាជាតិ​ដែល​មិន​ដឹង​ខុស​ត្រូវ»
20រីឯ​ណាពី​អេសាយ គាត់​ហ៊ាន​និយាយ​លើស​ពី​នេះ​ទៅ​ទៀត​ថាៈ
«អស់​អ្នក​ដែល​មិន​ស្វែង​រក​យើង
គេ​បាន​រក​យើង​ឃើញ
ហើយ​អស់​អ្នក​ដែល​មិន​សុំ​អ្វី​ពី​យើង
យើង​បាន​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ​ច្បាស់»
21ចំពោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ គាត់​បាន​ថ្លែង​ថាៈ
«មួយ​ថ្ងៃ​វាល់​ល្ងាច យើង​បាន​លូក​ដៃ​ទៅ​រក
ប្រជា‌រាស្ដ្រ​ដែល​មិន​ស្ដាប់​បង្គាប់
ហើយ​ចេះ​តែ​ប្រកែក​ជំទាស់»

ទើបបានជ្រើសរើសហើយ៖

រ៉ូម 10: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល