រ៉ូម 11
11
អុលឡោះពុំបោះបង់ចោលសាសន៍អ៊ីស្រអែលឡើយ
1ដូច្នេះ ខ្ញុំសូមសួរថា តើអុលឡោះបានបោះបង់ចោលប្រជារាស្ដ្ររបស់ទ្រង់ហើយឬ? ទេ ទ្រង់មិនបោះបង់ចោលគេទេ! ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ជាជាតិអ៊ីស្រអែលដែរ ខ្ញុំជាពូជពង្សរបស់អ៊ីព្រហ៊ីម កើតក្នុងកុលសម្ព័ន្ធពុនយ៉ាមីន។ 2អុលឡោះពុំបានបោះបង់ប្រជារាស្ដ្ររបស់ទ្រង់ ជាប្រជារាស្ដ្រដែលទ្រង់ជ្រើសរើសទុកជាមុននោះឡើយ។ តើបងប្អូនមិនជ្រាបសេចក្ដីដែលមានចែងទុកក្នុងគីតាប ស្ដីអំពីណាពីអេលីយ៉េសសុំអុលឡោះទាស់នឹងសាសន៍អ៊ីស្រអែលទេឬ? គឺគាត់សុំថាៈ 3«ឱអុលឡោះជាអម្ចាស់អើយ ពួកគេបាននាំគ្នាសម្លាប់ណាពីទាំងឡាយរបស់ទ្រង់ និងរំលំអាសនៈរបស់ទ្រង់ខ្ញុំម្នាក់គត់ ដែលបានរួចខ្លួន តែពួកគេរកផ្ដាច់ជីវិតខ្ញុំទៀត!»។ 4តើអុលឡោះតបទៅគាត់វិញដូចម្ដេច? គឺអុលឡោះមានបន្ទូលថាៈ «យើងបានបម្រុងទុកមនុស្សប្រាំពីរពាន់នាក់ អ្នកទាំងនេះពុំបានលុតជង្គង់ថ្វាយបង្គំព្រះបាលឡើយ»។ 5រីឯបច្ចុប្បន្នកាលនេះក៏ដូច្នោះដែរ គឺមាននៅសល់មនុស្សមួយចំនួនដែលអុលឡោះបានជ្រើសរើស តាមចិត្តមេត្តាករុណារបស់ទ្រង់។ 6ប្រសិនបើអុលឡោះជ្រើសរើសគេដោយក្តីមេត្តាករុណា ដូច្នេះ បានសេចក្ដីថា មិនមែនមកពីគេប្រព្រឹត្ដតាមហ៊ូកុំឡើយ។ បើមកពីគេប្រព្រឹត្ដតាមហ៊ូកុំ ក្តីមេត្តាករុណាលែងមានលក្ខណៈជាមេត្តាករុណាទៀតហើយ។ 7ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? អ្វីៗដែលសាសន៍អ៊ីស្រអែលខំស្វែងរកនោះ គេមិនបានទទួលទេ។ មានតែអ្នកដែលអុលឡោះជ្រើសរើសប៉ុណ្ណោះ ទើបបានទទួល រីឯអ្នកឯទៀត អុលឡោះធ្វើឲ្យគេមានចិត្ដរឹងរូសវិញ 8ដូចមានចែងទុកមកថាៈ
«អុលឡោះធ្វើឲ្យគេមានវិញ្ញាណ
ស្ពឹកស្រពន់ ឲ្យភ្នែកគេមើលពុំឃើញ
និងឲ្យត្រចៀកគេស្ដាប់ពុំឮ រហូតមកទល់
សព្វថ្ងៃនេះ»។
9 ស្តេចទតក៏មានប្រសាសន៍ថាៈ
«សូមឲ្យតុរបស់ពួកគេ
ក្លាយទៅជាអន្ទាក់ ឬជាមង
ដែលនាំឲ្យគេរវាតចិត្ដបាត់ជំនឿ
និងឲ្យគេមានទោស!។
10 សូមឲ្យភ្នែករបស់គេទៅជាងងឹត
មើលលែងឃើញ
ហើយសូមធ្វើឲ្យគេកោងខ្នង
រហូតតទៅ»។
11ដូច្នេះ ខ្ញុំសូមសួរថា សាសន៍យូដាដែលជំពប់ដួល តើគេត្រូវដួលរហូតឬ? ទេ គេមិនដួលរហូតទេ! គឺកំហុសរបស់ពួកគេ បាននាំឲ្យសាសន៍ដទៃទទួលការសង្គ្រោះ ធ្វើឲ្យពួកគេមានចិត្ដច្រណែន។ 12ប្រសិនបើកំហុសរបស់សាសន៍យូដា នាំឲ្យពិភពលោកទទួលពរដ៏លើសលប់ ហើយការចុះអន់ថយរបស់គេ នាំឲ្យសាសន៍ដទៃទទួលពរដ៏លើសលប់យ៉ាងហ្នឹងទៅហើយ ចុះទំរាំបើពួកគេបានចំរើនឡើងយ៉ាងពោរពេញវិញនោះ តើពរនឹងមានកាន់តែច្រើនលើសលប់យ៉ាងណាទៅទៀត?។
អុលឡោះសង្គ្រោះសាសន៍ដទៃ
13ខ្ញុំសូមជម្រាបបងប្អូនជាសាសន៍ដទៃ ក្នុងនាមខ្ញុំជាសាវ័កសម្រាប់សាសន៍ដទៃថា ខ្ញុំយកចិត្ដទុកដាក់បំពេញមុខងាររបស់ខ្ញុំ ឲ្យបានល្អប្រសើរ 14ក្នុងគោលបំណងឲ្យបងប្អូនរួមឈាមរបស់ខ្ញុំច្រណែន ដើម្បីសង្គ្រោះអ្នកខ្លះក្នុងចំណោមពួកគេ។ 15ដោយសាសន៍អ៊ីស្រអែលដាច់ចេញពីអុលឡោះទៅ ធ្វើឲ្យមនុស្សលោកបានជានានឹងអុលឡោះវិញយ៉ាងនេះទៅហើយ ចុះចំណង់បើអុលឡោះទទួលគេសាជាថ្មី តើនឹងកើតមានយ៉ាងណាទៅទៀត? គឺប្រាកដជាមនុស្សស្លាប់នឹងរស់ឡើងវិញពុំខាន!
16ប្រសិនបើយើងយកផលដំបូងជូនអុលឡោះ ម្សៅនំបុ័ងទាំងមូលក៏ជារបស់ទ្រង់ដែរ ហើយប្រសិនបើឫសជារបស់អុលឡោះ មែកក៏ជារបស់ទ្រង់ដែរ។ 17សាសន៍អ៊ីស្រអែលប្រៀបបីដូចជាដើមអូលីវ ដែលគេកាត់មែកខ្លះចោល រីឯអ្នកវិញ អ្នកប្រៀបបីដូចជាមែកអូលីវព្រៃ ត្រូវគេយកមកផ្សាំជំនួសមែក ដែលគេកាត់ចោលនោះ។ ឥឡូវនេះ អ្នកស្រូបយកជីជាតិពីឫសរួមជាមួយមែកឯទៀតៗដែរ 18ដូច្នេះ អ្នកមិនត្រូវអួតខ្លួន ដោយមើលងាយមែកដែលគេកាត់ចោលនោះឡើយ។ បើអ្នកចង់អួតខ្លួន តោងដឹងថា មិនមែនអ្នកទេដែលចិញ្ចឹមឫស គឺឫសវិញទេតើដែលចិញ្ចឹមអ្នក! 19ប្រហែលជាអ្នកពោលថា “អុលឡោះបានកាត់មែកទាំងនោះចោល ដើម្បីយកខ្ញុំមកផ្សាំជំនួស!”។ 20មែនហើយ! អុលឡោះកាត់មែកទាំងនោះចោល មកពីមែកទាំងនោះគ្មានជំនឿ រីឯអ្នកវិញ អ្នកនៅជាប់នឹងដើមមកពីអ្នកមានជំនឿ។ ដូច្នេះ កុំលើកខ្លួនសោះឡើយត្រូវភ័យខ្លាចវិញ។ 21ប្រសិនបើអុលឡោះពុំបានទុកមែកពីកំណើតទេ អុលឡោះមុខជាពុំទុកអ្នកដែរ។ 22ដូច្នេះ សូមគិតពិចារណាអំពីចិត្តសប្បុរស និងចិត្តប្រិតប្រៀបរបស់អុលឡោះទៅ។ អុលឡោះប្រិតប្រៀបចំពោះអស់អ្នកដែលដួល ហើយទ្រង់សប្បុរសចំពោះអ្នក លុះត្រាណាអ្នកនៅតែពឹងផ្អែកលើចិត្តសប្បុរសនេះ។ បើមិនដូច្នោះទេ អុលឡោះនឹងកាត់អ្នកចោលដែរ។ 23ចំពោះពួកគេ ប្រសិនបើគេបោះបង់ចិត្ដមិនជឿនោះចោល អុលឡោះមុខតែផ្សាំគេវិញជាមិនខាន ដ្បិតអុលឡោះមានអំណាចអាចនឹងផ្សាំពួកគេសាជាថ្មីបាន។ 24រីឯអ្នកបើអ្នកមានកំណើតពីដើមអូលីវព្រៃ ហើយត្រូវអុលឡោះកាត់យកមកផ្សាំនឹងដើមអូលីវស្រុកដែលមិនមែនជាដើមពីកំណើតរបស់អ្នកយ៉ាងហ្នឹងទៅហើយ ចុះទំរាំបើពួកគេវិញ អុលឡោះនឹងយកគេមកផ្សាំជាប់នឹងដើមពីកំណើតរបស់ខ្លួនវិញ រឹតតែងាយជាងនេះយ៉ាងណាទៅទៀត។
អុលឡោះសង្គ្រោះសាសន៍អ៊ីស្រអែល
25បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់ពីគម្រោងការដ៏លាក់កំបាំងនេះ ក្រែងលោបងប្អូនស្មានថាខ្លួនឯងមានប្រាជ្ញា។ គម្រោងការដ៏លាក់កំបាំងនោះ គឺសាសន៍អ៊ីស្រអែលមួយចំនួនមានចិត្ដរឹងរូសរហូតដល់ពេលសាសន៍ដទៃបានចូលមកទទួលការសង្គ្រោះពេញចំនួន 26ពេលនោះ ទើបសាសន៍អ៊ីស្រអែលទាំងមូលនឹងទទួលការសង្គ្រោះដែរ ដូចមានចែងទុកមកថាៈ
«អ្នកដែលរំដោះនឹងចេញពី
ក្រុងស៊ីយ៉ូន
គាត់នឹងដកអំពើអាក្រក់ចេញពីកូនចៅ
យ៉ាកកូប
27 នេះហើយជាសម្ពន្ធមេត្រីដែលយើងនឹង
ចងជាមួយពួកគេ
នៅពេលដែលយើងដកអំពើបាប
ចេញពីពួកគេ»។
28បើគិតតាមដំណឹងល្អ សាសន៍អ៊ីស្រអែលជាសត្រូវនឹងអុលឡោះ ដើម្បីជាប្រយោជន៍ដល់បងប្អូន។ បើគិតតាមការជ្រើសរើសវិញ អុលឡោះស្រឡាញ់គេ មកពីអុលឡោះគិតដល់បុព្វបុរសរបស់គេ។ 29កាលណាអុលឡោះប្រទានអំណោយទានហើយ អុលឡោះមិនដកហូតវិញទេ ហើយកាលណាអុលឡោះត្រាស់ហៅ ទ្រង់ក៏មិនប្រែប្រួលដែរ។ 30រីឯបងប្អូនពីដើមបងប្អូនមិនបានស្ដាប់បង្គាប់អុលឡោះទេ តែឥឡូវនេះ ដោយសាសន៍អ៊ីស្រអែលមិនស្ដាប់បង្គាប់អុលឡោះ អុលឡោះក៏មេត្ដាករុណាដល់បងប្អូន។ 31រីឯពួកគេវិញ ពួកគេមិនស្ដាប់បង្គាប់នៅពេលនេះ មកពីអុលឡោះមេត្ដាករុណាដល់បងប្អូន។ ដូច្នេះ អុលឡោះក៏មេត្ដាករុណាដល់ពួកគេនៅពេលនេះដែរ 32ដ្បិតអុលឡោះបានបណ្ដោយឲ្យមនុស្សទាំងអស់មិនស្ដាប់បង្គាប់ទ្រង់ ដើម្បីសំដែងចិត្តមេត្ដាករុណាដល់មនុស្សទាំងអស់។
33ចិត្តទូលាយរបស់អុលឡោះ ជ្រៅពន់ពេកណាស់ ហើយប្រាជ្ញាញាណ និងតម្រិះរបស់ទ្រង់ក៏ខ្ពង់ខ្ពស់ដែរ! គ្មាននរណាអាចយល់ការសម្រេចរបស់ទ្រង់បានឡើយ ហើយក៏គ្មាននរណាអាចយល់មាគ៌ារបស់អុលឡោះបានដែរ! 34តើនរណាស្គាល់គំនិតរបស់អុលឡោះជាអម្ចាស់? តើនរណាបានជូនយោបល់ទៅអុលឡោះ? 35តើនរណាបានជូនអ្វីមួយទៅអុលឡោះ ដើម្បីឲ្យទ្រង់តបស្នងសងគុណវិញ?។
36អ្វីៗទាំងអស់សុទ្ធតែមកពីអុលឡោះ ដោយសារទ្រង់ និងសម្រាប់ទ្រង់!។ សូមលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ អស់កល្បជានិច្ច! អាម៉ីន!។
ទើបបានជ្រើសរើសហើយ៖
រ៉ូម 11: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.