រ៉ូម 9
9
អុលឡោះបានជ្រើសរើសសាសន៍អ៊ីស្រអែល
1ខ្ញុំសូមនិយាយសេចក្ដីពិត ដោយរួមជាមួយអាល់ម៉ាហ្សៀស ខ្ញុំមិនកុហកទេ គឺខ្ញុំនិយាយដោយមានមនសិការរបស់ខ្ញុំផ្ទាល់ ជាសាក្សី និងដោយមានរសអុលឡោះដ៏វិសុទ្ធបំភ្លឺថា 2ខ្ញុំមានទុក្ខព្រួយជាខ្លាំង ហើយឈឺចុកចាប់ក្នុងចិត្ដជានិច្ចផង 3ដ្បិតខ្ញុំទូរអាឲ្យតែខ្លួនខ្ញុំត្រូវបណ្ដាសា បែកចេញពីអាល់ម៉ាហ្សៀស ព្រោះតែបងប្អូន និងញាតិសន្ដាន ដែលជាសាច់ឈាមរបស់ខ្ញុំផ្ទាល់ 4គឺសាសន៍អ៊ីស្រអែល។ អុលឡោះបានរាប់ពួកគេទុកជាបុត្ររបស់ទ្រង់ ពួកគេមានសិរីរុងរឿង មានសម្ពន្ធមេត្រីនានា មានគីតាបហ៊ូកុំ ស្គាល់របៀបគោរពបម្រើទ្រង់ ទទួលបន្ទូលសន្យានៃអុលឡោះផ្សេងៗ 5មានបុព្វបុរស ហើយអាល់ម៉ាហ្សៀសក៏កើតមកមាននិស្ស័យជាមនុស្សក្នុងពូជពង្សរបស់ពួកគេថែមទៀតផង អាល់ម៉ាហ្សៀសជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើអ្វីៗទាំងអស់ សូមលើកតម្កើងអាល់ម៉ាហ្សៀសអស់កល្បជានិច្ច អាម៉ីន!
6ក៏ប៉ុន្ដែ មិនមែនមានន័យថា បន្ទូលរបស់អុលឡោះបែរទៅជាអសារឥតការនោះទេ ព្រោះអស់អ្នកដែលកើតមកពីពូជពង្សអ៊ីស្រអែល មិនមែនសុទ្ធតែជាសាសន៍អ៊ីស្រអែលពិតប្រាកដឡើយ 7ហើយអស់អ្នកដែលកើតពីពូជពង្សរបស់អ៊ីព្រហ៊ីម ក៏មិនមែនសុទ្ធតែជាកូនចៅរបស់អ៊ីព្រហ៊ីមទាំងអស់គ្នាដែរ ដូចមានថ្លែងទុកមកថា «មានតែកូនចៅរបស់អ៊ីសាហាក់ប៉ុណ្ណោះទេ ដែលនឹងស្នងត្រកូលឲ្យអ្នក។» 8ពោលគឺមិនមែនកូនចៅដែលកើតមកតាមសាច់ឈាមធម្មតានោះទេ ដែលត្រូវរាប់ជាបុត្ររបស់អុលឡោះ មានតែកូនចៅដែលកើតមកតាមបន្ទូលសន្យានៃអុលឡោះប៉ុណ្ណោះ ទើបរាប់ជាពូជពង្សបាន 9ដ្បិតអុលឡោះមានបន្ទូលសន្យាថា «ឆ្នាំក្រោយ យើងនឹងមកក្នុងពេលដដែលនេះ ហើយនាងសារ៉ានឹងមានកូនប្រុសមួយ»។
10មិនតែប៉ុណ្ណោះសោត នាងរេបិកាក៏មានផ្ទៃពោះនឹងបុរសតែមួយ គឺអ៊ីសាហាក់ជាបុព្វបុរសរបស់យើង។ 11អុលឡោះមានគម្រោងការជ្រើសរើសមនុស្ស ដោយមិនគិតពីអំពើដែលគេប្រព្រឹត្ដនោះទេ គឺជ្រើសរើសតាមចិត្តរបស់ទ្រង់ដែលត្រាស់ហៅ។ ដើម្បីឲ្យបានស្របតាមគម្រោងការនេះ នៅពេលកូនភ្លោះនៅក្នុងផ្ទៃ ពុំទាន់បានប្រព្រឹត្ដអំពើល្អ ឬអាក្រក់នៅឡើយផងនោះ 12អុលឡោះក៏មានបន្ទូលទៅនាងរេបិកាថា «កូនច្បងនឹងធ្វើជាអ្នកបម្រើរបស់កូនប្អូន» 13ដូចមានចែងទុកមកថា «យើងស្រឡាញ់យ៉ាកកូបជាងអេសាវ»។
14ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? តើអុលឡោះអយុត្ដិធម៌ឬ? ទេមិនមែនទេ! 15ដ្បិតអុលឡោះមានបន្ទូលទៅកាន់ម៉ូសាថាៈ «យើងនឹងមានចិត្ដមេត្ដាករុណាដល់នរណា ដែលយើងមេត្ដាករុណា ហើយយើងក៏នឹងអាណិតអាសូរនរណាដែលយើងអាណិតអាសូរដែរ»។ 16ដូច្នេះ មិនមែនស្រេចតែបំណងចិត្ដ ឬការខំប្រឹងប្រែងរបស់មនុស្សឡើយ គឺស្រេចតែអុលឡោះ ដែលមេត្ដាករុណានោះវិញ 17ដ្បិតក្នុងគីតាប អុលឡោះមានបន្ទូលទៅកាន់ស្ដេចហ្វៀរ៉អ៊ូនថា «យើងបានតាំងអ្នកជាស្ដេច ដើម្បីបង្ហាញអំណាចរបស់យើងតាមរយៈអ្នក។ 18ដូច្នេះ អុលឡោះមេត្ដាករុណាដល់នរណាក៏បាន ស្រេចតែនឹងចិត្តរបស់ទ្រង់ ទ្រង់ធ្វើឲ្យចិត្ដនរណាទៅជារឹងរូសក៏បាន ស្រេចតែចិត្តរបស់ទ្រង់ដែរ។
កំហឹង និងចិត្តអាណិតអាសូរ
19ប្រហែលជាអ្នកសួរខ្ញុំថា «បើដូច្នេះ ម្ដេចក៏អុលឡោះនៅតែបន្ទោសមនុស្សទៀត? តើមាននរណាអាចប្រឆាំងនឹងចិត្តរបស់ទ្រង់?»។ 20ឱមនុស្សអើយ តើអ្នកមានឋានៈអ្វីបានជាហ៊ានជជែកតវ៉ានឹងអុលឡោះបែបនេះ? តើដីឥដ្ឋមានដែលនិយាយទៅកាន់ជាងស្មូនថា «ហេតុអ្វីបានជាលោកធ្វើឲ្យខ្ញុំមានរូបរាងយ៉ាងនេះ»ដែរឬទេ?។ 21ជាងស្មូនយកដីទៅសូនធ្វើអ្វីក៏បាន គឺដីឥដ្ឋដដែល គាត់អាចយកទៅសូនធ្វើជារបស់ថ្លៃថ្នូរផង ហើយសូនធ្វើជារបស់ធម្មតាផង។
22រីឯអុលឡោះវិញ ទ្រង់ពេញចិត្តបង្ហាញកំហឹង និងសំដែងអំណាចរបស់ទ្រង់។ ដូច្នេះ អុលឡោះអត់ធ្មត់យ៉ាងខ្លាំង ទ្រង់ស៊ូទ្រាំនឹងអស់អ្នកដែលត្រូវរងកំហឹងហើយត្រូវវិនាសអន្ដរាយ។ 23ទ្រង់ក៏ចង់បង្ហាញសិរីរុងរឿងដ៏ប្រសើរលើសលប់របស់ទ្រង់ចំពោះអស់អ្នកដែលទ្រង់មេត្ដាករុណាដែរ ជាអ្នកដែលទ្រង់បានតំរូវទុកជាមុនឲ្យទទួលសិរីរុងរឿង 24ពោលគឺយើងទាំងអស់គ្នាដែលអុលឡោះបានត្រាស់ហៅ មិនត្រឹមតែពីក្នុងចំណោមសាសន៍យូដាប៉ុណ្ណោះទេ គឺពីក្នុងចំណោមជាតិសាសន៍ដទៃថែមទៀតផង 25ដូចមានថ្លែងទុកក្នុងគីតាបណាពីហូសេថាៈ
«អ្នកដែលមិនមែនជាប្រជារាស្ដ្ររបស់យើង
យើងនឹងហៅគេថាជាប្រជារាស្ដ្ររបស់យើង
រីឯជាតិសាសន៍ដែលយើងមិនបានស្រឡាញ់
យើងនឹងហៅគេថាជាជាតិសាសន៍
ដ៏ជាទីស្រឡាញ់របស់យើង»
26 ហើយត្រង់ណាដែលមានពោលទៅ
អ្នកទាំងនោះថា “អ្នករាល់គ្នាមិនមែនជា
ប្រជារាស្ដ្ររបស់យើង”
ត្រង់នោះគេនឹងមានឈ្មោះថាជាកូន
របស់អុលឡោះដ៏រស់អស់កល្ប»។
27រីឯណាពីអេសាយវិញ គាត់បានប្រកាសអំពីសាសន៍អ៊ីស្រអែលថាៈ
ទោះបីសាសន៍អ៊ីស្រអែលបានកើនចំនួនច្រើន
ដូចខ្សាច់នៅឆ្នេរសមុទ្រហើយក៏ដោយ
មានតែមួយចំនួនតូច សល់ពីស្លាប់ប៉ុណ្ណោះ
ដែលនឹងទទួលការសង្គ្រោះ
28 ដ្បិតអុលឡោះជាអម្ចាស់នឹងសម្រេចតាមបន្ទូល
របស់ទ្រង់គ្រប់ប្រការទាំងអស់
យ៉ាងឆាប់ៗនៅផែនដីនេះ។
29មួយវិញទៀត ណាពីអេសាយក៏បានថ្លែងទុកជាមុនមកថាៈ
ប្រសិនបើអុលឡោះជាម្ចាស់នៃពិភពទាំងមូល
មិនបានទុកកូនចៅយើងមួយចំនួន
ឲ្យនៅសល់ទេ
នោះយើងនឹងវិនាសទៅដូចជាអ្នកក្រុងសូដុម
ហើយយើងក៏ប្រៀបបីដូចជាអ្នកក្រុង
កូម៉ូរ៉ាដែរ។
អ៊ីស្រអែល និងដំណឹងល្អ
30ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? សាសន៍ដទៃដែលពុំបានស្វះស្វែងរកសេចក្ដីសុចរិត បែរជាបានទទួលសេចក្ដីសុចរិតទៅវិញ គឺសេចក្ដីសុចរិតមកពីជំនឿ។ 31រីឯសាសន៍អ៊ីស្រអែល គេខំប្រឹងធ្វើតាមហ៊ូកុំដែលផ្ដល់សេចក្ដីសុចរិត តែពួកគេពុំបានសុចរិតតាមហ៊ូកុំនោះឡើយ។ 32ហេតុអ្វីបានជាដូច្នេះ? គឺមកពីពួកគេពឹងលើការប្រព្រឹត្ដតាមហ៊ូកុំ មិនពឹងលើជំនឿទេ។ ពួកគេជំពប់ដួលនឹង «ថ្មដែលនាំឲ្យគេជំពប់» 33ដូចមានចែងទុកមកថាៈ
យើងបានដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន
ជាថ្មដែលនាំឲ្យគេជំពប់ដួល
ជាថ្មដែលនាំឲ្យគេរវាតចិត្ដបាត់ជំនឿ
អ្នកណាជឿលើថ្មនេះ
អ្នកនោះមុខជាមិនខកចិត្ដឡើយ។
ទើបបានជ្រើសរើសហើយ៖
រ៉ូម 9: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.