រស់នៅដោយមានសេរីភាពគំរូ

បានសេរីភាពដើម្បីរំដោះគេឱ្យមានសេរីភាព
យើងមិនគ្រាន់តែមានសេរីភាពពីអ្វីមួយនោះឡើយ ដ្បិតយើងមានសេរីភាព សម្រាប់កិច្ចការមួយ។ យើងបានមានសេរីភាពដើម្បីទៅជួយអ្នកដទៃឱ្យបានមានសេរីភាពដូចគ្នា។ និយាយឱ្យខ្លីទៅ បេសកកម្មរបស់ព្រះគ្រីស្ទ នោះបានក្លាយជាបេសកកម្មរបស់យើងផងដែរ។
អ្វីដែលខ្ញុំស្រឡាញ់ចំពោះទីចាប់ផ្ដើមនៃព័ន្ធកិច្ចរបស់ព្រះគ្រីស្ទ ដែលមានចែងនៅក្នុង លូកា ជំពូកទី ៤ នោះគឺជាសេចក្ដីបញ្ជាក់ដែលព្រះអង្គបាននាំមកក្នុងបេសកកម្មរបស់ព្រះអង្គ។ បន្ទាប់ពីបានទទួលរងការល្បួងអស់រយៈពេល ៤០ ថ្ងៃ នៅក្នុងទីរហោស្ថាន នោះព្រះអង្គបានទៅព្រះវិហារ ហើយចាប់ផ្ដើមអានពីក្រាំងអត្ថបទគម្ពីរ--ដែលជាគម្ពីរពួកជនជាតិយូដាបានអានអស់ជាច្រើនសតវត្ស។ ព្រះគ្រីស្ទបានបង្កើតបរិយាកាស បែបឱ្យមនុស្សនៅ "ចំហមាត់ធ្លុង" នៅពេលដែលព្រះអង្គបានមានបន្ទូលថា ព្រះបន្ទូលដែលគេបានឮនោះ បានសម្រេចជារូបរាងហើយ៖
«ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ព្រោះព្រះអង្គបានចាក់ប្រេងតាំងខ្ញុំឲ្យប្រកាសដំណឹងល្អដល់មនុស្សក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រកាសពីការដោះលែងដល់ពួកឈ្លើយ និងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយរំដោះមនុស្សដែលត្រូវគេសង្កត់សង្កិតឲ្យរួច ព្រមទាំងប្រកាសពីឆ្នាំដែលព្រះអម្ចាស់គាប់ព្រះហឫទ័យ»
ជាក់ស្ដែង ព្រះគ្រីស្ទមានបន្ទូលចំៗថាដូច្នេះ៖ «ខ្ញុំហ្នឹងហើយជាព្រះសង្គ្រោះ ដែលអ្នក ព្រមទាំងបុព្វបុរសរបស់អ្នកបានទន្ទឹងរង់ចាំអស់រាប់ពាន់ឆ្នាំណាស់មកហើយនោះ»។
ប្រសិនបើបេសកកម្មរបស់ព្រះគ្រីស្ទបានក្លាយទៅជាបេសកកម្មផ្ទាល់របស់យើង នោះយើងអាចស្វែងរកឃើញផ្នែករបស់យើង ដោយការឆ្លើយតបចំពោះសំណួរអស់ទាំងនេះ៖
ដំណឹងល្អទៅដល់ជនក្រីក្រ៖ តើខ្ញុំអាចជួយអ្នកដទៃឱ្យគេបានរួចពីច្រវាក់នៃសេចក្ដីភ័យខ្លាច ភាពឈឺចាប់ និងក្ដីអាម៉ាស់ ទាំងណែនាំឱ្យគេស្គាល់ពីបុត្រានៃព្រះ ដែលរំដោះឱ្យពួកគេមានសេរីភាព បានដោយរបៀបណា?
ឱ្យមនុស្សខ្វាក់បានមើលឃើញ៖ តើខ្ញុំអាចជួយឱ្យមនុស្សមើលឃើញពីអ្វីដែលគេពុំអាចមើលឃើញ ឬជួយពួកគេឱ្យមើលឃើញអ្វីដែលព្រះទតឃើញពីរូបពួកគេ បានដោយរបៀបណា? តើខ្ញុំអាចលើកស្ទួយនិងថែបំប៉នឱ្យមានការព្យាបាលនៅក្នុងជីវិតរបស់នរណាម្នាក់បាន ដោយរបៀបណា?
សេរីភាពដល់អស់អ្នករងភាពសង្កត់សង្កិន៖ តើឱ្យខ្ញុំអាចជួយស្ពាយបន្ទុកជំនួសនរណាម្នាក់បានដោយរបៀបណា នៅថ្ងៃនេះ? តើឱ្យខ្ញុំអាចដកហូត ឬសម្រួលបន្ទុកដែលមនុស្សនៅជុំវិញខ្ញុំកំពុងតែយួរ បានដោយរបៀបណា?
តើអ្នកមានដែលចាប់អារម្មណ៍ថាជារឿយៗ យើងងាយមានទំនោរទោរទន់ទៅរកមនុស្សដែលរស់នៅដោយមានសេរីភាពយ៉ាងពេញលេញដែរអត់? ជីវិតមានន័យលើសពីការគ្រាន់តែបានស្គាល់ពីព្រះសង្គ្រោះនោះទៅទៀត។ ដ្បិតជីវិតមានន័យ ដោយការរស់ដោយព្រោះយើងបានសង្គ្រោះហើយនោះដែរ។ ព្រះយេស៊ូវគ្រីស្ទបានរំដោះរូបយើងឱ្យមានសេរីភាព ហើយឱ្យយើងអាចរស់នៅក្នុងជីវិតមួយដែលមានសេរីភាពពិតប្រាកដ ហើយគឺឱ្យយើងបានរួចជាក់ជាប្រាកដមែន!
សេចក្ដីអធិស្ឋាន
ឱ ព្រះអម្ចាស់អើយ ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ សម្រាប់សេរីភាពនៅក្នុងអង្គព្រះគ្រីស្ទដែលព្រះអង្គបានប្រទានមកដល់ទូលបង្គំ។ ដ្បិតដោយតាមរយៈអំណាចនិងចេស្ដារបស់ព្រះអង្គហើយ ដែលទូលបង្គំអាចចេះអត់ឱនឱ្យអ្នកដទៃបាន។ សូមជួយទូលបង្គំបន្តជ្រើសរើសយកជីវិតដែលបញ្ឆេះដោយជំនឿ ក្ដីសង្ឃឹម និងក្ដីស្រឡាញ់ ទាំងដឹងថាទូលបង្គំបានរាប់ជាកូនពេញសិទ្ធិរបស់ព្រះអង្គរួចស្រេចហើយ។ ព្រះយេស៊ូវអើយ បេសកកម្មរបស់ព្រះអង្គ គឺជាបេសកកម្មរបស់ទូលបង្គំ។ សូមព្រះអង្គបង្ហាញទូលបង្គំពីផ្នែកណាដែលព្រះអង្គសព្វព្រះទ័យឱ្យទូលបង្គំធ្វើនាថ្ងៃនេះ ទាំងអាចណែនាំអ្នកដទៃឱ្យចូលទៅកាន់ជីវិតដែលមានសេរីភាពជាក់ជាប្រាកដមែននោះផង! អាមែន។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ព្រះគ្រីស្ទបានយាងមករំដោះឱ្យយើងមានសេរីភាព ប៉ុន្តែក៏មានរដូវកាលខ្លះក្នុងដំណើរជីវិតរួមជាមួយព្រះអង្គ ដែលយើងពុំមានអារម្មណ៍ថាមានសេរីភាពនោះដែរ។ គម្រោងអានរយៈពេល ៥ ថ្ងៃនេះ នឹងជួយឱ្យយើងអាចគេចចេញរួចពីគុករបស់យើង ទាំងបំពាក់បំប៉ន ហើយផ្ដល់អនុភាពឱ្យយើងអាចរស់នៅក្នុងជីវិតមានសេរីភាព ដែលព្រះគ្រីស្ទសព្វព្រះទ័យឱ្យយើងមានពីមួយថ្ងៃទៅមួយថ្ងៃ។ សម្រាប់មាតិកាមេរៀនបន្ថែម សូមចូលទៅកាន់ finds.life.church
More