រស់នៅដោយមានសេរីភាពគំរូ

តយុទ្ធពីទីមានសេរីភាពរបស់អ្នក
ព្រះគ្រីស្ទបំពាក់បំប៉នយើងឱ្យរស់នៅមានសេរីភាព។ នៅពេលដែលសម្ពាធ និងការវាយប្រហារនៃជីវិតកើតឡើង នោះយើងហាក់ដូចគ្មានកម្លាំងនិងគ្មានអំណាចនោះទៅវិញ។ ប៉ុន្តែយើងមាននូវសេចក្ដីជំនឿ សេចក្ដីពិត ភាពសុចរិត ភាពសុខសាន្ត ព្រះបន្ទូលព្រះ ធនធាននៃព្រះតាមរយៈសេចក្ដីអធិស្ឋាន និងមានគ្នីគ្នា។ អ្វីដែលខ្ញុំស្រឡាញ់ តាមរូបភាពគ្រឿងសស្រ្តាវុធ ដែល សាវ័ក ប៉ុល បានបរិយាយ នោះបង្ហាញពីសេចក្ដីពិត ដែលមាននៅខាងក្នុងរួចលាតត្រដាងឱ្យយើងបានមើលឃើញនៅខាងក្រៅ។
រូបភាពខាងរូបកាយ ដែលជាគ្រឿងសស្ត្រាវុធ នោះស្ដែងយ៉ាងជាក់ពីមុខងារដែលព្រះទ្រង់បានធ្វើសម្រាប់យើងរាល់គ្នាខាងឯវិញ្ញាណ! ព្រះអង្គទ្រង់រងបាំង ផ្ដល់ជាជំនួយ និងការពាររូបយើងនៅក្នុងអង្គព្រះគ្រីស្ទ។
ចូរគិតលមើល…
- ខ្សែក្រវ៉ាត់៖ តើនរណាជាសេចក្ដីពិតរបស់យើង?…ព្រះយេស៊ូវគ្រីស្ទ។
- អាវក្រោះ៖ តើនរណាជាសេចក្ដីសុចរិតរបស់យើង?…ព្រះយេស៊ូវគ្រីស្ទ។
- ខែល៖ តើនរណាជាកវីនិងអ្នកបង្ហើយនូវជំនឿរបស់យើង?…ព្រះយេស៊ូវគ្រីស្ទ។
- មួកសឹក៖ តើនរណាជាសេចក្ដីសង្គ្រោះរបស់យើង?…ព្រះយេស៊ូវគ្រីស្ទ។
- ដាវ៖ តើនរណាដែលជាព្រះបន្ទូលបានក្លាយទៅជាសាច់ឈាម?... ព្រះយេស៊ូវគ្រីស្ទ។
- ស្បែកជើង៖ តើនរណាជាក្សត្រានៃភាពសុខសាន្ត?…ព្រះយេស៊ូវគ្រីស្ទ។
ចូរចងចាំថាយើងពុំតយុទ្ធដើម្បីបានជ័យជម្នះឡើយ ដ្បិតយើងប្រយុទ្ធពីទីមានជ័យជម្នះ! ព្រះអង្គបានយកឈ្នះរួចស្រេចហើយ។ យើងពុំទន្ទឹងរង់ចាំជ័យជម្នះដែលនឹងមកនាពេលអនាគតនោះទេ—ដ្បិតពេលព្រះគ្រីស្ទបានសុគត និងបានរស់ឡើងវិញ នោះព្រះអង្គបានសម្រេចរាល់គ្រប់ការទាំងអស់រួចស្រេចហើយ។ បំណុលដែលមនុស្សលោកបានជំពាក់ នោះបានបង់ថ្លៃសងរួចរាល់អស់ហើយ។ ហេតុដូច្នេះហើយបានជាយើង "យកអង្គព្រះគ្រីស្ទ មកបំពាក់" លើរូបយើង ដោយដឹងថានៅក្នុងព្រះអង្គ ព្រះជាម្ចាស់បានប្រទាននូវសិទ្ធិអំណាចចេស្ដា ដើម្បីឱ្យយើងអាចកម្ទេចទីមាំមួនទាំងឡាយ ហើយបានរំដោះឱ្យយើងបានមានសេរីភាព!
ហើយមានអ្វីដ៏អស្ចារ្យបន្ថែមទៀត ដែលយើងគួរគិតពិចារណាពីរូបភាពដែល សាវ័ក ប៉ុល បានគូសបង្ហាញឱ្យឃើញពីគ្រឿងសស្ត្រាវុធរបស់ទាហានរ៉ូម៉ាំង នោះគឺជាផ្នែកដែលខ្សោយបំផុតនៃគ្រឿងសស្ត្រាវុធ នោះគឺ៖ ផ្នែកខាងខ្នង។ ទម្រង់ក្បួនទាហានទ័ពជើងគោករបស់ពួករ៉ូម៉ាំង នោះមានឈ្មោះថា ហ្វីឡានហ្ស៊ីស-phalanxes ដែលជាជំហរពួកទាហានឈរទល់ខ្នងគ្នាដើម្បីការពារពីខាងក្រោយគ្នាទៅវិញទៅមក។ គឺថាពួកគេពុំមានចន្លោះណាឱ្យខ្នងគេបែរទៅរកសត្រូវឡើយ!
យើងអាចនិយាយបានថា គ្រឿងសស្ត្រាវុធនេះ ពុំមែនគ្រាន់តែសម្រាប់អ្នកប៉ុណ្ណោះនោះទេ។ គ្រឿងសស្ត្រាវុធរបស់ខ្ញុំពុំគ្រាន់តែអាចការពារតែខ្ញុំ ប៉ុន្តែវាអាចការពាររូបអ្នកផងដែរ។ ហេតុដូច្នេះហើយបានជាវាពិតជាចាំបាច់ណាស់ ដែលយើងនិយាយប្រាប់គ្នាពីសេចក្ដីពិតរបស់ព្រះ ទៅកាន់គ្នាទៅវិញទៅមក ទាំងអធិស្ឋានឱ្យគ្នា និងជំនួសឱ្យគ្នា ព្រមទាំងចែកចាយពីភាពស្មោះត្រង់របស់ព្រះផង។
សេចក្ដីអធិស្ឋាន
ឱ ព្រះអម្ចាស់អើយ សូមបំពាក់រូបកូនជាមួយនឹងគ្រឿងសស្ត្រាវុធរបស់ព្រះអង្គនៅថ្ងៃនេះ! សូមបំពាក់កូនឱ្យត្រៀមខ្លួនរួចរាល់ ហើយឈរយ៉ាងមាំសម្រាប់ជ័យជម្នះ។ សូមប្រទានទូលបង្គំឱ្យមានកែវភ្នែក ដើម្បីមើលឃើញពីរបៀបដែលទូលបង្គំអាចការពារដល់អ្នកដទៃជាមួយនឹងអ្វីដែលព្រះអង្គបានប្រទានមកឱ្យទូលបង្គំ។ សូមជួយទូលបង្គំឱ្យមានជំនាញនិងប៉ិនប្រសព្វក្នុងការប្រើរាល់ផ្នែកនៃគ្រឿងសស្ត្រាវុធទាំងឡាយ ដើម្បីនៅពេលសង្គ្រាមឈានចូលមកដល់ នោះទូលបង្គំដែលបានបំពាក់បំប៉នរួចរាល់ហើយ អាចបោះជំហានទៅមុខ ទាំងទុកចិត្តលើព្រះអង្គទាំងស្រុង! អាមែន។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ព្រះគ្រីស្ទបានយាងមករំដោះឱ្យយើងមានសេរីភាព ប៉ុន្តែក៏មានរដូវកាលខ្លះក្នុងដំណើរជីវិតរួមជាមួយព្រះអង្គ ដែលយើងពុំមានអារម្មណ៍ថាមានសេរីភាពនោះដែរ។ គម្រោងអានរយៈពេល ៥ ថ្ងៃនេះ នឹងជួយឱ្យយើងអាចគេចចេញរួចពីគុករបស់យើង ទាំងបំពាក់បំប៉ន ហើយផ្ដល់អនុភាពឱ្យយើងអាចរស់នៅក្នុងជីវិតមានសេរីភាព ដែលព្រះគ្រីស្ទសព្វព្រះទ័យឱ្យយើងមានពីមួយថ្ងៃទៅមួយថ្ងៃ។ សម្រាប់មាតិកាមេរៀនបន្ថែម សូមចូលទៅកាន់ finds.life.church
More