ខ្ញុំមានចិត្តសប្បុរសគំរូ

ជ្រើសរើសចៅហ្វាយនាយរបស់អ្នក
យើងពុំអាចធ្វើអ្វីឱ្យហើយបាននោះទេ ប្រសិនបើយើងមិនចេះឱ្យនោះ។ យើងផ្ដល់ពេលវេលានិងការខិតខំប្រឹងប្រែង ទៅដល់ចៅហ្វាយនាយរបស់យើង។ យើងផ្ដល់ពាក្យពេចន៍ និងមនោសច្ចេតនា ទៅក្នុងទំនាក់ទំនងរបស់យើង។ យើងថែមទាំងឱ្យអាហារដល់សត្វចិញ្ចឹម និងប្រាក់កាសទៅចំពោះរាល់អ្វីៗដែលយើងមានជំនឿទុកចិត្តលើ។
ការចេះឱ្យនោះតែងតែជាការជ្រើសរើសជានិច្ច។ ប្រសិនបើយើងជ្រើសរើសមិនចេះផ្ដល់ឱ្យនៅក្នុងស្ថានភាពទាំងឡាយ នោះស្ថានភាពនីមួយៗទាំងនោះ នឹងលែងកើតមាននៅក្នុងជីវិតរបស់យើងដែរ។ ជារៀងរាល់ថ្ងៃ ដែលយើងអាចក្រោកឡើងពីដំណេក នោះប្រៀបបានទៅនឹងឱកាសដែលថាយើងអាចផ្ដល់អ្វីខ្លះបាន ទៅឱ្យសម្រាប់ថ្ងៃនោះ។ សំណុំនៃការជ្រើសរើសជាប្រចាំថ្ងៃ សុទ្ធសឹងជាអ្វីៗដែលផ្សែផ្សំជីវិតរបស់យើង។
នៅពេលយើងបានថ្វាយជីវិតរបស់យើងទៅបម្រើព្រះគ្រីស្ទ នោះយើងបានផ្ដល់ការជ្រើសរើសរបស់យើងទៅបម្រើព្រះ។ ព្រះយេស៊ូវបានពន្យល់យ៉ាងដូច្នេះ នៅពេលដែលព្រះអង្គបានមានបន្ទូលថាយើងពុំអាចបម្រើចៅហ្វាយនាយពីរបាននោះទេ។ អ្នកប្រហែលជាអាចនឹកស្រមៃមើលថាអ្នកកំពុងតែមានអ្នកត្រួតត្រាការងារដល់ទៅពីរនាក់។ ប្រៀបដូចថាចៅហ្វាយនាយទាំងពីរជាអ្នកកំណត់ពីរាល់អ្វីៗដែលអ្នកត្រូវធ្វើ នោះការជ្រើសរើសគឺជាអ្វីដែលកំណត់ចំពោះអ្វីៗដែលអ្នកនឹងផ្ដល់ឱ្យនៅក្នុងជីវិតផងដែរ។ ព្រះយេស៊ូវណែនាំដល់យើងថានៅពេលណាដែលយើងព្យាយាមប្រឹងជ្រើសរើសបម្រើចៅហ្វាយនាយដល់ទៅពីរ នោះយើងនឹងនាំឱ្យជីវិតកាន់តែលំបាកលំបិន។ ការរស់នៅក្រោមចៅហ្វាយនាយដល់ទៅពីរ នោះនឹងនាំឱ្យចិត្តគំនិតរបស់យើងប្រេះបែកជាពីរ ដែលបង្កឱ្យកើតជាសង្គ្រាមប្រឆាំងទាស់នៅក្នុងដួងចិត្តរបស់យើងខ្លួនឯង។ បន្ទាប់ក្រោយមក ប្រសិនបើយើងពុំទាន់យល់ច្បាស់នោះទេ នោះព្រះយេស៊ូវបានមានបន្ទូលប្រាប់យើងត្រង់ៗថា យើងមិនអាចបម្រើព្រះផង និងលុយផង បាននោះឡើយ។
ព្រះយេស៊ូវមិនមែនមានបន្ទូលថាយើងពុំអាចមានប្រាក់កាសនោះទេ។ ព្រះអង្គកំពុងតែមានបន្ទូលថា ជម្រើសរបស់យើង ពុំអាចបម្រើលុយផងហើយនិងព្រះផងបានទេ។ ដូច្នេះតើនេះមានន័យថាលុយរបស់យើងពុំអាចយកទៅប្រើប្រាស់ដើម្បីបម្រើព្រះបានទេឬយ៉ាងណា? ទេ មិនមែនទេ។ នៅពេលដែលយើងថ្វាយការជ្រើសរើសរបស់យើងទៅចំពោះព្រះ នោះព្រះអង្គតែងតែចាត់ចែងឱ្យប្រាក់កាសរបស់យើងបានទៅជាផលសម្រាប់កិច្ចការរបស់ព្រះអង្គផងដែរ។ នៅក្នុង ២ កូរិនថូស ៩៖៦-១២ សាវ័ក ប៉ុល ដាស់តឿនឱ្យក្រុមជំនុំនៅឯទីក្រុងកូរិនថូស ចេះឱ្យដោយដួងចិត្តសប្បុរស ហើយចេះថ្វាយដោយចិត្តត្រេកអរ ដោយសារតែព្រះកំពុងតែស្វែងរកនិងសព្វព្រះទ័យប្រទានពរយ៉ាងបរិបូរដល់អស់អ្នកមានតម្រូវការ ហើយគេនោះ ចេះជួយបំពេញដល់តម្រូវការរបស់អ្នកដទៃផងដែរ។ យើងមិនអាចបម្រើព្រះផង និងប្រាក់កាសផងបាននោះឡើយ ប៉ុន្តែយើងអាចជ្រើសរើសបម្រើព្រះជាមួយលុយកាក់របស់យើងបាន!
ចូរសាកធ្វើ៖ ពិនិត្យពិច័យថាប្រាក់កាសរបស់អ្នកកំពុងតែបម្រើព្រះនៅទីកន្លែងណា ហើយថាអ្នកកំពុងតែបម្រើ ឬដេញតាមលុយ នៅក្នុងផ្នែកណាដែរក្នុងជីវិតរបស់អ្នក។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

នៅពេលដែលអ្នកបានថ្វាយជីវិតរបស់អ្នកទៅដល់ព្រះ នោះអ្នកបានទទួលកាដូដ៏សប្បុរសលើសលន់បំផុតរបស់ព្រះ។ គម្រោងអានរយៈពេល ៤ ថ្ងៃ ដែលបានមកពី Life.Church នឹងជួយឱ្យអ្នកស្វែងរកឃើញពីការឆ្លើយតបយ៉ាងសមហេតុផល ដែលអ្នកគួរថ្វាយចំពោះព្រះ។ តោះចាប់ផ្ដើមអានផ្នែកទី ៤ ក្នុងចំណោមភាគទាំង ៦ ក្នុងមេរៀនជាខ្សែ ស្ដីអំពី ការស្ថិតនៅក្នុងចិត្តវិជ្ជមាន។
More