ក្ដីសង្ឃឹមមកពីថ្ងៃណូអែលគំរូ

The Hope Of Christmas

ថ្ងៃទី 5 ក្នុងចំណោម 10 ថ្ងៃ

កុំរំលងហួសព្រះយេស៊ូពេលទ្រង់កំពុងធ្វើការក្នុងជីវិតបងប្អូន

ចូរអានអត្ថបទគម្ពីរ យ៉ូហាន ៤៖១០

សព្វថ្ងៃនេះ មាននូវបណ្ដាញទូរទស្សន៍ និង ប៉ុស្ដិ៍វិទ្យុជាច្រើន ដែលស្ថិតនៅជុំវិញបងប្អូន។ ប្រសិនបើបងប្អូនមាននូវឧបករណ៍ចាប់សំឡេង ឬ ចាប់រូបភាព នោះបងប្អូនអាចឃើញរាល់អ្វីៗដែលគេចាក់ផ្សាយ តាមរលកធាតុអាកាសនោះជាមិនខាន។ ប៉ុន្តែ ទោះបើបងប្អូនមិនអាចឃើញនូវវិទ្យុសកម្មទាំងនោះ មិនមែនមានន័យថា វាមិនពិត មិនកើតឡើងនោះឡើយ។ បងប្អូនមិនទទួលបានសេវា មិនទទួលបានបណ្ដាញ គឺដោយសារតែបងប្អូនមិនបានចាប់ទាញយកនូវរលកធាតុអាកាសនោះ។

នេះប្រៀបដូចជាអ្វីដែលកើតមានឡើងនៅក្នុងភូមិបេថ្លេហឹមផងដែរ នាយប់ថ្ងៃណូអែលមុនដំបូងនោះ។ ថ្វីបើ ភូមិបេថ្លេហឹម មាននូវផ្ទះសំណាក់សម្រាប់ទុកដាក់ភ្ញៀវ និង អ្នកដំណើរ ក៏ដោយ ក៏ផ្ទះសំណាក់ទាំងនោះ មិនមាននូវសល់បន្ទប់សម្រាប់ក្រុមគ្រួសារដ៏សំខាន់ជាងគេនៅក្នុងភូមិបេថ្លេហឹមនៅរាត្រីនោះ។

នៅក្នុងរដូវណូអែលនេះ ចូរបងប្អូនកុំរំលងហួសនូវរឿងរ៉ាវដ៏សំខាន់ ដែលស្រដៀងគ្នាទៅនឹងដួងចិត្ដរបស់បងប្អូនដែរ។ ដួងចិត្ដរបស់បងប្អូនត្រូវបានបង្កើតឡើងសម្រាប់ទទួលព្រះជាម្ចាស់។ បងប្អូនត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ និងសម្រាប់ព្រះជាម្ចាស់។ រហូតដល់ពេលណាដែលបងប្អូនមិនទាន់យល់នូវសេចក្ដីពិតនេះ នោះជីវិតបងប្អូនរស់នៅសព្វថ្ងៃ ពិតប្រៀបដូចជាគ្មានន័យ មិនមានគោលបំណងអ្វីសោះ។ គួរឲ្យសោកស្ដាយដែរ យើងរាល់គ្នាបានបំពេញជីវិតរបស់យើង ដោយអ្វីផ្សេងៗ។ យើងបានអញ្ជើញនូវភ្ញៀវប្លែកមុខឲ្យចូលមកក្នុងជីវិត ចូលមកក្នុងបន្ទប់នៃដួងចិត្ដរបស់យើង។ ដួងចិត្ដរបស់យើងបានបំពេញដោយ គំនិត ចំណាប់អារម្មណ៍ គុណធម៌ សេចក្ដីស្រឡាញ់ និង ការប្ដេជ្ញាចិត្ដផ្សេងៗ។

ជីវិតរបស់យើងបានបំពេញ ឡើងហួសកម្រិត រហូតដល់ពេលព្រះយេស៊ូយាងមកនៅកណ្ដាលចំណោមយើង នោះយើងនៅតែមិនដឹងថាព្រះអង្គនៅក្បែរទាល់តែសោះ។ ព្រះជាម្ចាស់បង្ហាញអង្គទ្រង់ នៅក្នុងជីវិតរបស់យើង រាល់គ្រប់វេលា ព្រះអង្គផ្ដល់នូវឱកាសដែលយើងនឹកស្មានមិនដល់ ហើយនៅគ្រាដែលយើងមានបញ្ហាផង មុននឹងយើងត្រូវឆ្លងកាត់វាទៅទៀត។ ប៉ុន្តែជារឿយៗ យើងមិនបានមើលឃើញព្រះអង្គទេ។

ការទាំងនេះកើតឡើងជាច្រើនលើកច្រើនសារនៅក្នុងព្រះគម្ពីរ។ ព្រះយេស៊ូ បានបង្ហាញអង្គទ្រង់ ហើយនិយាយទៅកាន់មនុស្ស ដែលពួកគេមិនដឹងថាទ្រង់ជានរណាទេ។ នៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ព្រះយេស៊ូបានអង្គុយនៅឯមាត់អណ្ដូងទឹក នៅពេលដែលមានស្រ្ដីម្នាក់បានមកឯទ្រង់ ដើម្បីដងទឹក។ នាងមិនស្គាល់ព្រះយេស៊ូទេ។ និយាយឲ្យត្រង់ទៅ គាត់បានចាប់ផ្ដើមជជែកពិភាក្សាជាមួយនឹងបុត្រារបស់ព្រះជាម្ចាស់ រឿងក្រឹត្យវិន័យច្បាប់ថែមទៀតផង! បន្ទាប់មក ព្រះយេស៊ូមានបន្ទូលថា៖
«ប្រសិនបើនាងស្គាល់នូវអំណោយទានដែលព្រះជាម្ចាស់បានប្រទានឲ្យនាង ហើយនាងស្គាល់ថា អ្នកដែលកំពុងនិយាយជាមួយនាងជានរណានោះ​ នាងប្រាកដជាសួរដល់ខ្ញុំ ហើយខ្ញុំនឹងផ្ដល់ឲ្យនាងនូវទឹកដ៏រស់វិញ» (យ៉ូហាន ៤៖១០)។ ប៉ុន្តែ ស្រ្ដីនោះនៅតែមិនទាន់ស្គាល់ព្រះយេស៊ូទេ។

ព្រះជាម្ចាស់កំពុងតែធ្វើការនៅក្នុងជីវិតរបស់បងប្អូន — មិនត្រឹមតែក្នុងអំឡុងពេលរដូវណូអែលនេះឡើយ ប៉ុន្តែតាំងពីដើមឆ្នាំរហូតមក។​ តើអាចទៅរួចឬទេ ដែលបងប្អូន ឬ មនុស្សដែលបងប្អូនស្រឡាញ់ បានរំលងហួសនូវអ្វីដែលព្រះអង្គសព្វព្រះទ័យផ្ដល់ឲ្យនិងចង់ធ្វើនៅក្នុងជីវិតរបស់បងប្អូននោះ?

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

The Hope Of Christmas

សម្រាប់មនុស្សជាច្រើន ថ្ងៃបុណ្យណូអែលបានក្លាយទៅជាថ្ងៃដែលត្រូវបំពេញភារកិច្ចជាច្រើនតាមបញ្ជីកិច្ចការ (ដូចជាការត្រូវទិញកាដូ គ្រឿងសម្ភារៈតុបតែង របស់របរផ្សេងៗ)។ ដោយហេតុនោះ អ្នកដែលត្រូវបំពេញ មានការនឿយណាយរហូតទាល់តែប៉ងឲ្យតែទៅដល់ថ្ងៃ ២៦ ខែធ្នូ (ថ្ងៃហួសបុណ្យណូអែល) ឲ្យបានឆាប់ៗ។ នៅក្នុងសារលើកទឹកចិត្ដប្រចាំថ្ងៃបន្តបន្ទាប់នេះ លោកគ្រូគង្វាល រីគ បានជួយឲ្យយើងចងចាំនូវហេតុផលពិតប្រាកដ ដែលនាំឲ្យយើងប្រារព្ធពិធីបុណ្យណូអែល ហើយចងចាំ ថាតើហេតុអ្វីបានជាយើងត្រូវផ្លាស់ប្ដូរ មិនត្រឹមតែរបៀបដែលយើងប្រារព្ធថ្ងៃដ៏វិសេសនេះ ប៉ុន្តែរបៀបរស់នៅពេញមួយជីវិតរបស់យើងផងនោះដែរ។

More

គម្រោងអានគម្ពីរជាមួយនិងការបរិយាយខ្លីនេះ © 2014 បានផ្ដល់ជូនដោយ លោក រីគ វរិន (Rick Warren). រក្សាសិទ្ធគ្រប់យ៉ាងដោយម្ចាស់និពន្ធ។ បានប្រើប្រាស់ដោយមានការអនុញ្ញាត។