ក្ដីសង្ឃឹមមកពីថ្ងៃណូអែលគំរូ

The Hope Of Christmas

ថ្ងៃទី 10 ក្នុងចំណោម 10 ថ្ងៃ

ដំណឹងល្អតាមរយៈថ្ងៃបុណ្យណូអែល

ចូរអានអត្ថបទគម្ពីរ ១ ធីម៉ូថេ ២៖៥

ថ្ងៃបុណ្យណូអែល គឺជាពេលវេលាដែលស្ដែងអំពីដំណឹងល្អទាំងស្រុង។ ប៉ុន្តែ ថ្ងៃនោះមិនមែនសំដៅទៅលើដំណឹងល្អអំពី រង្វាន់និងកាដូខ្ចប់ពិសេសៗនោះឡើយ។ ថ្ងៃនោះក៏មិនមែននិយាយអំពីអាហារ មានមុខម្ហូបឆ្ងាញ់ៗនោះដែរ។ ហើយថ្ងៃនោះ ក៏មិនមែនផ្ដោតសំខាន់ទៅលើការមានពេលចំណាយជាមួយមិត្ដភក្ដិនិងក្រុមគ្រួសារដែរ។

ថ្ងៃណូអែលគឺជាថ្ងៃដែលប្រាប់អំពីដំណឹងល្អនៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។

ព្រះគម្ពីរបានចែងប្រាប់ថា យើងទាំងអស់គ្នា កំពុងវង្វេង ប្រសិនបើយើងមិនមានព្រះជាម្ចាស់ក្នុងជីវិត។ យើងមិនស្គាល់គោលដៅ មិនដឹងទិសដៅច្បាស់លាស់។ យើងមិនមានការការពារ។ យើងក៏មិនដឹងថា យើងអាចមានឥទ្ធិពល ទាំងប៉ះពាល់ រីករាលសាយដល់អស់កល្បជានិច្ចផង។ យើងរស់នៅទាំងមិនស្គាល់ថាអ្វីទៅដែលជាក្ដីអំណរដ៏ពិត។ យើងក៏មិនដឹងថា យើងនឹងទទួលបាននូវជីវិតអស់កល្បជានិច្ចដែរឬអត់ផងទេ។

ដណឹងល្អនៃថ្ងៃណូអែលគឺប្រាប់ឲ្យយើងដឹងថា ព្រះជាម្ចាស់ទ្រង់បានបញ្ជូនអង្គព្រះយេស៊ូ ដើម្បីស្វែងរក និង សង្គ្រោះ មនុស្សដែលវង្វេងបាត់បង់។ ព្រះគម្ពីរបានចែងថា មានតែព្រះជាម្ចាស់តែមួយអង្គ ហើយព្រះគ្រិស្ដយេស៊ូ ជាព្រះតែមួយដែលអាចនាំឲ្យយើងទៅកាន់ឯព្រះបាន។ ព្រះយេស៊ូទ្រង់បានកើតមកជាមនុស្ស ហើយទ្រង់ក៏បានសង្គ្រោះយើង តាមរយៈការលះបង់របស់រូបអង្គទ្រង់ផ្ទាល់ ដោយសុគតសម្រាប់រូបយើងទាំងអស់គ្នាផងដែរ។ (១ ធីម៉ូថេ ២៖៥)។

ប្រសិនបើបងប្អូនបានចំណាយពេលច្រើននៅឯក្រុមជំនុំ បងប្អូនពិតជាធ្លាប់ឮអំពីពាក្យមួយថា "សេចក្ដីសង្គ្រោះ" ជាច្រើនដងហើយ។ ប៉ុន្តែប្រហែលជាបងប្អូនមិនដឹងថាពាក្យនោះមានន័យយ៉ាងណានោះទេ។ ពាក្យនេះ ប្រៀបបានទៅនឹង ពេជ្រ អ៊ីចឹង។ បងប្អូនអាចសម្លឹងមើលមកកាន់វា តាមបំណែកជ្រុងជាច្រើន។

• ព្រះយេស៊ូបានយាងមក ដើម្បីរំដោះយើង។ យើងមិនអាចដោះស្រាយនូវបញ្ហារបស់យើង ដោយខ្លួនឯងបាននោះឡើយ។ ប្រសិនបើគ្មានអង្គព្រះយេស៊ូទេ យើងនឹងធ្លាក់ទៅក្នុងការគិតរំពឹងទុករបស់មនុស្សដទៃផ្សេងទៀត។ យើងនឹងស្ថិតនៅក្រោមការរស់នៅមួយ ដែលចាំតែការយោគយល់ និង ការទទួលស្គាល់អំពីមិត្ដដែលនៅជុំវិញខ្លួនយើង។ យើងនឹងស្ថិតនៅក្នុងភាពញៀនណាមួយ។ យើងនឹងព្យាយាមកែប្រែខ្លួនឯងម្ដងហើយម្ដងទៀត ប៉ុន្តែយើងមិនមានអំណាច ដែលយើងម្នាក់ៗត្រូវការសម្រាប់គេចចេញឲ្យផុតពីទង្វើទាំងនោះបានឡើយ។ ព្រះយេស៊ូទ្រង់បានយាងមក ដើម្បីឲ្យយើងអាចមានអំណាច។

• ព្រះយេស៊ូបានយាងមក ដើម្បីព្យាបាលយើង។ យើងរាល់គ្នាពិតជាមានបំណង ក្នុងការព្យាបាលផ្នែកមួយចំនួននៃជីវិតរបស់យើង ដែលរងនូវវិបត្តិ។ ប្រសិនបើគ្មានព្រះគ្រិស្ដ យើងនៅតែរងចាំ ការស្ដារកម្លាំង ទំនុកទុកចិត្ដ កត្តិយស ភាពដឹងក្ដី និង ទំនាក់ទំនងរបស់យើងជាមួយនឹងព្រះជាម្ចាស់ជានិច្ច។ មានតែអង្គព្រះយេស៊ូតែមួយប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការទាំងអស់នោះបាន។

• ព្រះយេស៊ូបានយាងមក ដើម្បីផ្សាភ្ជាប់យើងរាល់គ្នា។ មានមនុស្សជាច្រើនគិតថាព្រះជាម្ចាស់នឹងស្ដីបន្ទោសដល់ពួកគាត់ ប្រសិនបើពួកគាត់វិលត្រលប់មកកាន់ព្រះអង្គវិញ។ ប៉ុន្តែ ព្រះជាម្ចាស់ទ្រង់មិនមានការខឹងសម្បាចំពោះបងប្អូនរាល់គ្នាឡើយ។ តែជួសវិញ ទ្រង់ពិតជាចង់ឲ្យបងប្អូនរាល់គ្នាមកវិលមកវិញខ្លាំងណាស់។ ព្រះយេស៊ូ​ ទ្រង់បានយាងមកនៅលើផែនដី ក្នុងថ្ងៃណូអែលមុនដំបូង ដើម្បីផ្សះផ្សាបងប្អូនជាមួយនឹងព្រះជាម្ចាស់វិញ។ ហើយទ្រង់ក៏សព្វព្រះទ័យនឹងផ្ដល់ឲ្យយើងនូវសុខសន្តិភាពអំណរសប្បាយជាមួយនឹងព្រះអង្គវិញផងនោះដែរ។

ព្រះយេស៊ូទ្រង់បានយាងមកលើពិភពលោកនេះ ដើម្បីផ្ដល់ឲ្យយើងនូវកាដូ ដែលជាអង្គទ្រង់ផ្ទាល់ដល់យើងរាល់គ្នា។ មានមនុស្សជាច្រើនបានប្រារព្ធធ្វើពិធីខួបកំណើតរបស់ព្រះអង្គ ទាំងមិនព្រមទទួលនូវកាដូនៃសេចក្ដីសង្រ្គោះដ៏ឥតគិតថ្លៃរបស់ព្រះអង្គទេ។ កញ្ចប់កាដូនោះ នៅតែអត់មានអ្នកបើក ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះដូចជាពិបាកនឹងស្ដាប់ ហើយជឿណាស់! បងប្អូនត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ និង សម្រាប់ព្រះជាម្ចាស់។ រហូតណាដល់បងប្អូនយល់អំពីការនេះ នោះបងប្អូនក៏នឹងមិនយល់អំពីគោលបំណងនៃជីវិតរបស់បងប្អូននោះដែរ។

ថ្ងៃបុណ្យណូអែលនេះ ចូរបើកនូវកាដូដ៏សំខាន់បំផុតដែលបងប្អូនបានទទួលនោះទៅ៖ ដែលជាទំនាក់ទំនងថ្មីជាមួយនឹងព្រះជាម្ចាស់តាមរយៈអង្គព្រះយេស៊ូ។

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

The Hope Of Christmas

សម្រាប់មនុស្សជាច្រើន ថ្ងៃបុណ្យណូអែលបានក្លាយទៅជាថ្ងៃដែលត្រូវបំពេញភារកិច្ចជាច្រើនតាមបញ្ជីកិច្ចការ (ដូចជាការត្រូវទិញកាដូ គ្រឿងសម្ភារៈតុបតែង របស់របរផ្សេងៗ)។ ដោយហេតុនោះ អ្នកដែលត្រូវបំពេញ មានការនឿយណាយរហូតទាល់តែប៉ងឲ្យតែទៅដល់ថ្ងៃ ២៦ ខែធ្នូ (ថ្ងៃហួសបុណ្យណូអែល) ឲ្យបានឆាប់ៗ។ នៅក្នុងសារលើកទឹកចិត្ដប្រចាំថ្ងៃបន្តបន្ទាប់នេះ លោកគ្រូគង្វាល រីគ បានជួយឲ្យយើងចងចាំនូវហេតុផលពិតប្រាកដ ដែលនាំឲ្យយើងប្រារព្ធពិធីបុណ្យណូអែល ហើយចងចាំ ថាតើហេតុអ្វីបានជាយើងត្រូវផ្លាស់ប្ដូរ មិនត្រឹមតែរបៀបដែលយើងប្រារព្ធថ្ងៃដ៏វិសេសនេះ ប៉ុន្តែរបៀបរស់នៅពេញមួយជីវិតរបស់យើងផងនោះដែរ។

More

គម្រោងអានគម្ពីរជាមួយនិងការបរិយាយខ្លីនេះ © 2014 បានផ្ដល់ជូនដោយ លោក រីគ វរិន (Rick Warren). រក្សាសិទ្ធគ្រប់យ៉ាងដោយម្ចាស់និពន្ធ។ បានប្រើប្រាស់ដោយមានការអនុញ្ញាត។