ព័ត៌មានគម្រោងអាន

បានជ្រើសរើស៖ រំឭកខ្លួនអ្នកពីដំណឹងល្អជារៀងរាល់ថ្ងៃគំរូ

Chosen: Remind Yourself Of The Gospel Everyday

ថ្ងៃទី 7 ក្នុងចំណោម 7 ថ្ងៃ

«ល្មមហើយ ខ្ញុំត្រូវបញ្ចប់រាល់អ្វីៗទាំងអស់»។





សារនេះបានបង្ហាញនៅលើអេក្រង់ទូរស័ព្ទរបស់ រ៉ាយអិន ដែលគាត់ជាមិត្តរបស់ខ្ញុំ។ គាត់បានទទួលសារនេះពីលេខមិនស្គាល់អត្តសញ្ញាណមួយ នៅថ្ងៃអង្គារ វេលាម៉ោង ៨ យប់។ គាត់ទើបតែដាក់ខ្លួនអង្គុយចុះបន្ទាប់ពីបានថើបកូនៗ និងប្រាប់ពួកគេថារាត្រីសួស្ដីហើយ។ ថ្ងៃនោះគាត់ពិតជាហត់នឿយពីការងារគួរសម។



«ឱ្យខ្ញុំសុំទោសផង នរណាគេផ្ញើសារមកនេះ?» គាត់បានឆ្លើយតបទៅវិញ។ 



ឈ្មោះរបស់គាត់គឺ សារ៉ា។ គាត់ភ្ញាក់ខ្លួន ហើយតបសារមកវិញ ថាគាត់ផ្ញើទៅលេខទូរស័ព្ទច្រឡំទេ ហើយក៏សូមអភ័យទោសពីគាត់។

 



«ចាំមួយភ្លែត» រ៉ាយអិនតបទៅវិញ៖ «ខ្ញុំអាចជួយអ្នកបាន»។ 



ពួកគេក៏បានចាប់ផ្ដើមឆ្លើយឆ្លងសារចុះឡើងជិតកន្លះម៉ោង។ សារ៉ា បានប្រាប់ រ៉ាយអិន ពីសាច់រឿងរបស់គាត់។ វាគឺជារឿងមួយដ៏រន្ធត់។ ស្នាមរបួសដ៏ឈឺចុកចាប់ចុងក្រោយ នោះកើតឡើងដោយសារតែមិត្តប្រុសដ៏ឃោរឃៅ ហើយគេថែមទាំងបានសម្រេចចិត្តបែកផ្លូវគ្នាពីនាងទៀត។ រ៉ាយអិន ព្យាយាមប្រាប់ពីក្ដីស្រឡាញ់របស់ព្រះយេស៊ូវឱ្យ សារ៉ា បានដឹង។ ហើយក៏បានព្យាយាមនិយាយអំពីគុណតម្លៃរបស់គាត់នៅក្នុងព្រះ ទោះបីជាគាត់កំពុងតែមានអារម្មណ៍យ៉ាងច្របូកច្របល់យ៉ាងណាក៏ដោយ។ គាត់បានប្រាប់ទៅកាន់នាងថា កុំឱ្យគាត់ដាក់ជីវិតរបស់គាត់លើមតិយោបល់របស់ក្មេងប្រុសត្រឹមអាយុ ២២ ឆ្នាំនេះអី។ 



«ពូអើយ វាយឺតពេលពេកទៅហើយ» នាងតបមកវិញ៖ «ខ្ញុំទើបលេបថ្នាំអស់មួយកំប៉ុងបាត់ទៅហើយ»។ 



លោក រ៉ាយអិន បានសុំអង្វរគាត់ឱ្យប្រាប់គាត់ពីទីតាំងដែលនាងកំពុងតែស្នាក់នៅ។ គាត់បានប្រាប់ទៅនាងថា គាត់និងប្រពន្ធគាត់នឹងទៅយកនាងទៅមន្ទីរពេទ្យ។ នាងក៏បានប្រាប់គាត់។ ហើយពួកគេបានប្រញាប់ប្រញាល់ទៅរកនាង ហើយដឹកនាងទៅមន្ទីរពេទ្យ ដែលនៅទីនោះមានក្រុមគ្រូពេទ្យបានមើលថែទាំនាងភ្លាមៗ ហើយបានសង្គ្រោះជីវិតរបស់នាង។ 



ប៉ុន្មានខែជាបន្តបន្ទាប់ ភ្នែកនៃចិត្តរបស់ សារ៉ា ចាប់ផ្ដើមបើកបន្តិចម្ដងៗ ទៅឃើញពីគុណតម្លៃរបស់នាងនៅក្នុងអង្គព្រះគ្រីស្ទ រហូតដល់នាងបានសម្រេចចិត្តទៅរៀននៅឯសកលវិទ្យាល័យគ្រីស្ទបរិស័ទមួយ ដើម្បីដេញតាមផែនការរបស់ព្រះសម្រាប់ជីវិតរបស់នាង។ ព្រះជាម្ចាស់បានរំដោះរូបនាង។ ព្រះអង្គបានទទួលយកជីវិតដែលលោកិយនេះបានរាប់ថាជាជីវិតគ្មានតម្លៃសោះ—សូម្បីតែខ្លួននាងផ្ទាល់បានគិតយ៉ាងដូច្នេះ—រួចព្រះអង្គបានប្រែត្រឡប់ជីវិតនោះឱ្យស្រស់បំព្រងវិញ។ នាងពិតជាសក្ដិសមឱ្យព្រះអង្គលះបង់ព្រះជន្មសុគតដើម្បីនាងមែន។ 



ក្នុងខណៈពេលដែលពួកគេកំពុងព្យាយាមរៀនយក អនុបណ្ឌិត ខាងផ្នែកភាពជាសហគ្រិន នោះសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច បានខួងទៅក្នុងចិត្តគំនិតរបស់ពួកគេពីគោលគំនិតគ្រឹះមូលដ្ឋានមួយ៖ តម្លៃនៃអ្វីមួយ នោះត្រូវបានកំណត់ដោយអ្វីដែលនរណាម្នាក់ទៀត បានបង់ថ្លៃឱ្យ។ 



តម្លៃនៃថ្លៃដែលបានបង់ហើយ សម្រាប់ការប្រោសលោះរបស់យើង នោះគឺជាព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះបុត្រានៃព្រះជាម្ចាស់។ តើមានការបង់ថ្លៃណាអាចធំធេងជាងនេះដែរឬទេ? តើមានអ្វីផ្សេងអាចធ្វើទៅបាន ដើម្បីនាំឱ្យអ្នកមានតម្លៃធំជាងនេះដែរឬទេ? 



យើងម្នាក់ៗសុទ្ធតែតយុទ្ធនឹងសង្គ្រាមជារៀងរាល់ថ្ងៃ ដោយប្រឹងឱ្យគុណតម្លៃលើខ្លួនឯង ទោះបើព្រះជាម្ចាស់បានបង់ថ្លៃជំនួសរូបយើងរួចជាស្រេចទៅហើយក៏ដោយ។ យើងម្នាក់ៗសុទ្ធតែបានប្រើរូបិយប័ណ្ណនានា ដើម្បីមកវាស់គុណតម្លៃរបស់ខ្លួន។ យើងប្រើប្រាស់រូបិយប័ណ្ណដែលមានដូចជា ភាពជោគជ័យ ស្ថានភាពគ្រួសារ រូបសម្រស់ ទ្រព្យសម្បត្តិ សញ្ជាតិសាសន៍ កម្រិតសិក្សា សមត្ថភាពដឹកនាំ ចំនួនមនុស្សដែលដើរតាមខ្លួន ឬ "អ្វីៗផ្សេងទៀត អាចដាក់បំពេញនៅទីនេះ"។ 



មនុស្សលោក បើមិនប្រឹងទាំងអន្ទះអន្ទែងបញ្ជាក់ពីគុណតម្លៃរបស់ខ្លួនទេ ក៏រស់នៅក្នុងការធ្លាក់បាក់ទឹកចិត្ត ដោយសារតែខ្លួនមានអារម្មណ៍ថាមិនមានតម្លៃអ្វីសោះនោះដែរ។ 



នេះហើយគឺជាឥទ្ធិពលមានពេញដោយចេស្ដា ក្នុងការប្រកាសបង្រៀនពីដំណឹងល្អទៅកាន់ព្រលឹងរបស់អ្នក។ អ្នកកំពុងតែរំឭកដល់ព្រលឹងរបស់អ្នកពីគុណតម្លៃរបស់អ្នកក្នុងអង្គព្រះគ្រីស្ទ ដោយការរំឭកខ្លួនអ្នកពីតម្លៃដ៏ថ្លៃមហាសាល ដែលព្រះបានបង់ថ្លៃសង ដើម្បីរំដោះរូបអ្នក។ 


អត្ថបទគម្ពីរ

ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Chosen: Remind Yourself Of The Gospel Everyday

តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលអ្នកក្រោកឡើងពីដំណេក ហើយរំឭកខ្លួនអ្នកអំពីដំណឹងល្អជាប្រចាំថ្ងៃនោះ? គម្រោងអានចំណាយពេលស្មឹងស្មាធិ៍​ជាមួយ​ព្រះរយៈពេល ៧ថ្ងៃ នេះ បានតាក់តែងឡើងដើម្បីបានជាប្រយោជន៍សម្រាប់ជាជំនួយដល់អ្នក ឱ្យសញ្ជឹងគិតទៅល...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច គិតអំពីភាពអស់កល្បជានិច្ច (Think Eternity) ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហ៍ទំព័រ៖ https://www.thinke.org

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ