ព័ត៌មានគម្រោងអាន

បានជ្រើសរើស៖ រំឭកខ្លួនអ្នកពីដំណឹងល្អជារៀងរាល់ថ្ងៃគំរូ

Chosen: Remind Yourself Of The Gospel Everyday

ថ្ងៃទី 3 ក្នុងចំណោម 7 ថ្ងៃ

របៀបចម្បងមួយដែលយើងអាចបណ្ដុះបណ្ដាលព្រលឹងរបស់យើងឱ្យស្រឡាញ់ព្រះជាម្ចាស់ នោះគឺដោយការប្រកាសបង្រៀនពីដំណឹងល្អទៅកាន់ព្រលឹងរបស់យើង។ បើព្រលឹងរបស់យើងឃើញពីឈើឆ្កាងរបស់ព្រះយេស៊ូវកាន់តែច្រើនប៉ុណ្ណា នោះព្រលឹងរបស់យើងនឹងកាន់តែមានអំណរគុណនិងលើកសរសើរតម្កើង ចេញពីខាងក្នុងក្រអៅចិត្តរបស់យើងកាន់តែច្រើនយ៉ាងនោះដែរ។ មនុស្សលោកគឺបានតាក់តែងឡើងមកឱ្យមានការឆ្លើយតបក្នុងរបៀបយ៉ាងដូច្នេះ នៅពេលណាដែលគេសម្លឹងមើលឃើញពីការលះបង់។ ហើយវាពិបាកឱ្យយើងនឹកស្រមៃពីការលះបង់ណាផ្សេងដែលមានទំហំធំជាងអ្វីដែលព្រះយេស៊ូវបានធ្វើនោះណាស់។ 



ប្រសិនបើអ្នកធ្វើដំណើរទៅទីនានាក្នុងពិភពលោក នោះមានឃ្លាមួយដែលស្ដាប់ទៅគេអាចយល់ទូទាំងសកលលោក—គឺជ្រាបក្នុងគ្រប់វប្បធម៌—ហើយនោះគឺមានលក្ខណៈស្រដៀងទៅនឹងឃ្លាដែលបានដកស្រង់ចេញមកពីទំនុកតម្កើង ១០៣៖១ ដែលមានចែងថា៖ «ឱ ព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរដល់ព្រះជាអម្ចាស់»។



បើបំបែកឃ្លានេះជាកង់ៗ នោះយើងឃើញថា ដាវីឌកំពុងតែបណ្ដុះបណ្ដាលព្រលឹងរបស់គាត់ ដោយប្រកាសបង្រៀនដល់ព្រលឹងរបស់ខ្លួន។ ដាវីឌបានប្រាប់ទៅដល់ព្រលឹងរបស់គាត់អំពីរបៀបដែលព្រលឹងត្រូវទទួលអារម្មណ៍ និងពីរបៀបដែលព្រលឹងត្រូវឆ្លើយតបចំពោះដំណឹងល្អ៖ ព្រលឹងអើយ ចូរថ្វាយព្រះពរដល់ព្រះជាម្ចាស់ ទោះបីជាឯងចង់ ឬមិនចង់ក៏ដោយ។ គាត់មិនមែនគ្រាន់តែកំពុងច្រៀងវគ្គមួយដែលពិរោះនោះទេ តែគាត់កំពុងតែនិយាយទៅកាន់ខ្លួនគាត់ផ្ទាល់ ទាំងប្រឡងប្រជែងព្រលឹងគាត់ឱ្យក្រោកឡើង ប្រឹងឡើង។ អត្ថបទគម្ពីរបានពិពណ៌នាពីទម្លាប់នេះថា «ដាវីឌបានពង្រឹងខ្លួនឯងនៅក្នុងព្រះអម្ចាស់» (១ សាំយូអែល ៣០៖៦)។ 



វាជាប្រពៃណីមួយដែលបាត់បង់នៅក្នុងជំនឿរបស់គ្រីស្ទបរិស័ទ ហើយវាក៏ជាការលត់ដំមួយដ៏ស្រស់បំព្រងដែរ។ ជំនួសដោយការទទួលយកតម្រុយពីស្ថានភាពអារម្មណ៍បច្ចុប្បន្នរបស់ខ្លួន វប្បធម៌សង្គមប្រែប្រួល មនុស្សជុំវិញ ឬសម្បីតែបណ្ដាញសង្គមដ៏គួរឱ្យសោកសង្រេង នោះចូរមើលទៅក្នុងកែវភ្នែកព្រលឹងរបស់អ្នកឱ្យចំៗ ហើយប្រាប់វាឱ្យសម្លឹងមើលទៅឯឈើឆ្កាង។ ចូរប្រកាសបញ្ជាព្រលឹងរបស់អ្នកឱ្យទៅទទួលទានពីក្ដីសប្បុរសរបស់ព្រះគ្រីស្ទ ដែលជាអង្គបានទទួលរងរាល់ស្លាកស្នាមរបួស និងទាំងស្មាបានបាក់ដោយសារតែព្រះអង្គបានសែងទម្ងន់បាបរបស់អ្នក។ 



ពេលខ្លះអ្នកត្រូវតែបង្ខំឱ្យព្រលឹងរបស់អ្នកសម្លឹងមើលឱ្យចំៗ។ លោក យ៉ូហានបាទីស្ដបានស្រែកប្រកាសទៅដល់សកលលោកថា៖ «ចូរមើល!» ឬថា «អ្នកត្រូវតែមើលៗ!» គឺលោកបានប្រកាសថា៖ «ចូរមើល នោះន៎! កូនចៀមនៃព្រះជាម្ចាស់ ដែលជាអង្គនឹងយកបាបចេញពីពិភពលោក!» (យ៉ូហាន ១៖២៩)។ នេះគឺជាការបង្គាប់បញ្ជាជារៀងរាល់ថ្ងៃ។ យើងត្រូវតែសម្លឹងមើល! ចូរសម្លឹងមើលទៅកាន់ឈើឆ្កាងដែលជាទីព្រះយេស៊ូវបានរងទុក្ខយ៉ាងដំណំ សម្រាប់បាបដែលព្រះអង្គមិនបានប្រព្រឹត្ដទាល់តែសោះ។ ប៉ុន្តែទ្រង់ទទួលរងនេះ គឺដើម្បីឱ្យអ្នកអាចមកអបអររីករាយនៅក្នុងភាពសុចរិតដ៏អស្ចារ្យ ដែលអ្នកពុំសមនឹងទទួលបាននោះវិញ។ 



ដំណឹងល្អក្លាយទៅជាអាហារប្រចាំថ្ងៃសម្រាប់ព្រលឹងរបស់យើង ទាំងពង្រឹងទៅដល់ដួងចិត្តរបស់យើងផង។ វាពិតជាធ្វើឱ្យយើងពិបាកក្នុងការរអ៊ូរទាំ មានអារម្មណ៍អាណិតខ្លួនឯង ឬពេញដោយភាពភ័យព្រួយថប់បារម្ភ ប្រសិនបើព្រលឹងរបស់យើង សម្លឹងមើលឃើញពីព្រះលោហិត ដែលបានហូរចុះមកពីលើផ្ទៃព្រះភក្រ្តរបស់ព្រះគ្រីស្ទនោះ។ អំណរគុណនឹងកសាងឡើងដោយធម្មជាតិ នៅក្នុងដួងចិត្តរបស់យើង នៅពេលណាដែលយើងបានប្រកាសបង្រៀនដល់ព្រលឹងរបស់យើងអស់ពេញមួយថ្ងៃអំពីដំណឹងល្អ។ 


ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Chosen: Remind Yourself Of The Gospel Everyday

តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលអ្នកក្រោកឡើងពីដំណេក ហើយរំឭកខ្លួនអ្នកអំពីដំណឹងល្អជាប្រចាំថ្ងៃនោះ? គម្រោងអានចំណាយពេលស្មឹងស្មាធិ៍​ជាមួយ​ព្រះរយៈពេល ៧ថ្ងៃ នេះ បានតាក់តែងឡើងដើម្បីបានជាប្រយោជន៍សម្រាប់ជាជំនួយដល់អ្នក ឱ្យសញ្ជឹងគិតទៅល...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច គិតអំពីភាពអស់កល្បជានិច្ច (Think Eternity) ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហ៍ទំព័រ៖ https://www.thinke.org

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ