ព័ត៌មានគម្រោងអាន

បានជ្រើសរើស៖ រំឭកខ្លួនអ្នកពីដំណឹងល្អជារៀងរាល់ថ្ងៃគំរូ

Chosen: Remind Yourself Of The Gospel Everyday

ថ្ងៃទី 2 ក្នុងចំណោម 7 ថ្ងៃ

លោក រ៉ាយអិន ដែលជាមិត្តរបស់ខ្ញុំ គាត់បានចែករំលែកអំពីរឿងរបស់បុរសម្នាក់ មានឈ្មោះថា លោក ប៊ី ដែលជាសាស្រ្តាចារ្យនៅឯសកលវិទ្យាល័យ ប៉េកាំង ដែលអ្នកខ្លះបានប្រសិទ្ធនាមឱ្យថាជា "សកលវិទ្យាល័យ ហាវឺត ប្រចាំស្រុកចិន"។ គាត់បាននិយាយរឿងលេងសើចមួយអំពី គណបក្សកុម្មុយនិស្ត ទៅកាន់ពួកសិស្សមួយក្រុម។ មានកូនសិស្សម្នាក់ក្នុងថ្នាក់របស់គាត់បានរាយការណ៍ពីរឿងនេះទៅឱ្យប៉ូលីសបានដឹង។ នៅថ្ងៃបន្ទាប់ មានក្រុមមន្ត្រីប៉ូលីសសម្រុកចូលការិយាល័យរបស់ លោក ប៊ី ហើយបានចាប់បញ្ជូនគាត់ទៅដាក់គុកត្រជាក់ និងដាច់ស្រយាលមួយរបស់ពួកក្រុមកុម្មុយនិស្ត—ដោយគ្មានការព្រមាន និងគ្មានការកាត់ក្ដីអ្វីទាំងអស់។ 



ព្រឹកនោះគាត់បានក្រោកឡើងក្នុងនាមជាសាស្រ្តាចារ្យដ៏ល្បីល្បាញនៅឯទីឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះក្នុងពិភពលោក។ តែដល់ព្រលប់ទៅ គាត់បានធ្លាក់ខ្លួន ជាប់ទោសនៅក្នុងគុកទៅវិញ។ គុកចិននៅសម័យនេះ គឺពិតជាទីកន្លែងដ៏ឃោរឃៅនៅលើលោក—វាជារូងផ្ទុកដោយជំងឺយ៉ាងរន្ធត់ មានទាំងការធ្វើទារុណកម្មយ៉ាងរណ្ដំ និងជាទីនៃក្ដីស្លាប់។ ភ្លាមៗនោះ លោក ប៊ី ធ្លាក់ខ្លួនទៅក្នុងជំងឺរោគចិត្ត ដោយគាត់ធ្លាក់បាក់ទឹកចិត្តនិងអស់សង្ឃឹមជាពន់ពេក។ ការធ្លាក់បាក់ទឹកចិត្តរបស់គាត់បានបណ្ដាលឱ្យគាត់គិតចង់សម្លាប់ខ្លួន នៅរយៈពេលប៉ុន្មានសប្ដាហ៍ក្រោយមក។ នៅរសៀលមួយ កប់ក្នុងពពកនៃទុក្ខសោក គាត់បានជំរុញខ្លួនឯងទៅរកទីមានបង្អួច នៅជាន់ទី ៨ នៃអគារគុកនោះ។ ពួកចិនកុម្មុយនិស្ដមិនដាក់កញ្ចក់នៅតាមបង្អួចក្នុងបន្ទប់ជាន់ខ្ពស់ៗទាំងនោះទេ ព្រោះប្រសិនបើអ្នកទោសណា គេគិតចង់លោតសម្លាប់ខ្លួន នោះវាមិនមែនជាបញ្ហាឡើយ។ 



បេះដូងរបស់លោក ប៊ី លោតយ៉ាងញាប់ក្នុងខណៈពេលគាត់បានសម្លឹងមើលទៅក្រោម ទាំងត្រៀមគិតថានឹងលោតចុះ។ ប៉ុន្តែមានការណ៍នេះបានកើតឡើង។ គាត់បានឮសំឡេងដ៏តូចមួយបានខ្សឹបប្រាប់ថា៖ «កុំលោត។ កុំទៅ។ កុំលោតអី»។ គាត់ក៏អង្គុយចុះ នៅកណ្ដាលគុកដ៏ត្រជាក់របស់គាត់ ទាំងអន្ទះអន្ទែង។ 



កំពុងសញ្ជប់នៅលើឥដ្ឋស៊ីម៉ង់ នោះមានការចងចាំយ៉ាងច្រើនបានជន់ជោរពេញផ្ទៃគំនិតរបស់គាត់។ មានមិត្តរបស់គាត់ម្នាក់ ដែលជាសាស្រ្តាចារ្យបរទេស និងជាគ្រីស្ទបរិស័ទ គាត់ធ្លាប់បានចែករំលែកពីដំណឹងល្អជាមួយគាត់។ លោក ប៊ី បានអធិស្ឋាន៖ «ព្រះយេស៊ូវអើយ ប្រសិនបើព្រះអង្គមានពិតមែន សូមនាំការអត់ឱនទោសនិងក្ដីសុខសាន្ដដែលមិត្តរបស់ខ្ញុំធ្លាប់ប្រាប់ថាព្រះអង្គសន្យានោះ មកក្នុងជីវិតខ្ញុំផង។ ជួសវិញ នោះខ្ញុំនឹងថ្វាយជីវិតរបស់ខ្ញុំ និងការបម្រើថ្វាយទៅដល់ព្រះអង្គ»។ 



គាត់បានសម្លឹងមើលទៅលើ ហើយ "ផ្ទៃមេឃផ្លាស់ស្រឡះខុសពីធម្មតា។ ព្រះអាទិត្យរះយ៉ាងចិញ្ចែងចិញ្ចាចតាមចន្លោះរន្ធបង្អួច។ ហើយខ្ញុំមានអំណរដុះរោលឡើងក្នុងដួងចិត្ត ដែលរូបខ្ញុំមិនដែលធ្លាប់មានពីមុនមក"។ 



លោកសាស្រ្តាចារ្យដ៏ល្បីមួយរូបនេះបានប្រលែងចោលរាល់បន្ទុកលាក់ក្នុងចិត្ត ហើយបានស្រែកឡើងទៅថា៖ «ខ្ញុំមានអនាគតដ៏ភ្លឺស្វាងក្នុងអង្គព្រះយេស៊ូវគ្រីស្ទ!» ពួកអ្នកយាមបានឮសម្រែករបស់គាត់ ហើយពួកគេស្រែកគំហក ឱ្យគាត់ស្ងាត់។ ប៉ុន្តែអំណររបស់គាត់ធំធេងពេក រហូតដល់គាត់ពុំអាចទប់វាបាន។ គាត់នៅតែបន្តស្រែកហើយស្រែកទៀត រហូតដល់ពួកអ្នកយាមនាំគ្នាចូលមកក្នុងគុករបស់គាត់ ហើយវាយតប់ទៅលើរូបគាត់។ 



អ្នកជាប់ទោសក្នុងគុកដែលបានទទួលសេរីភាពដោយសារតែដំណឹងល្អរបស់ព្រះយេស៊ូវ នោះគេជាអ្នកមានសេរីភាពជាងនរណាៗនៅក្រៅគុក ដែលគ្មានដំណឹងល្អទៅទៀត។ 



តាមកាលកំណត់ លោក ប៊ី ក៏ត្រូវបានដោះលែង ហើយគាត់បានចាប់ផ្ដើមបង្កើតផ្ទះកុមារកំព្រាមួយចំនួននៅតាមតំបន់នៃផ្ទៃខាងក្នុងប្រទេសចិន ដោយគាត់មើលថែរក្សាដល់អ្នកក្រីក្រ និងនាំពួកគេឱ្យមកស្គាល់ព្រះគ្រីស្ទ។ គាត់ពិតជាមានអនាគតដ៏ភ្លឺស្វាងនៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទមែន។ មកដល់សព្វថ្ងៃនេះ អំណររបស់គាត់ នោះគឺងាយចម្លងមកឱ្យយើងណាស់ ប្រសិនបើយើងបានជួបគាត់។ ហើយគាត់នឹងប្រាប់ពីអំណរដែលគាត់មាននៅគ្រាដែលគាត់កំពុងជាប់គុក ហើយអំណរនោះនៅតែមានក្នុងគាត់រហូតមកដល់សព្វថ្ងៃនេះដែរ។ 



នៅពេលខ្លះ មនុស្សម្នាក់ៗអាចមានអារម្មណ៍ថាខ្លួនស្ថិតក្នុងគុក ដែលជាទីគេបង្កើតឡើងដោយខ្លួនឯង—គេអាចជាប់ក្នុងអន្ទាក់នៃគំនិត ទម្លាប់ សកម្មភាព និងរឿងអតីតដ៏ជូរចត់ ដែលគេពុំអាចលះបង់វាចោលបាន។ 



ដំណឹងល្អបង្រៀនដល់យើងថាគុកដ៏ងងឹតនិងឃោរឃៅបំផុត នោះគឺជាគុកដែលបង្កើតឡើងដោយខ្លួនយើងផ្ទាល់។ បន្ទប់គុកនីមួយៗមានរបាំង ធ្វើឡើងពី ភាពអសន្តិសុខទាំងឡាយ ដែលយើងដឹងក្នុងក្រអៅចិត្ត ថាមានរឿងជាច្រើនមិនប្រក្រតី មិនត្រឹមត្រូវ នៅខាងក្នុងរូបយើង។ យើងជ្រាបដឹងថាមានអ្វីមួយកំពុងតែបែកបាក់នៅទីជម្រៅរបស់ខ្លួនយើង។ យើងចងវាភ្ជាប់ដូចជាច្រវាក់ជុំវិញ ក របស់យើង។ នេះគឺជាស្ថានភាពរបស់មនុស្សលោក។ 



ស្ថានភាពនេះអាចបំផ្លាស់បំប្រែបាន តែនៅពេលណាមានរឿងដ៏សាហាវ តានតឹងកើតឡើងតែប៉ុណ្ណោះ។ 



ដំណឹងល្អនោះគឺជាហេតុដ៏សាហាវ និងរន្ធត់មែន។ ព្រោះមានរឿងបង្ហូរឈាមកើតឡើងនៅឯឈើឆ្កាង។ នោះគឺជាគ្រាដែលព្រះផ្ទាល់ត្រូវបានសុគត ដោយព្រោះដើម្បីបានជាប្រយោជន៍ឱ្យយើង។ វាជាគ្រាដែលក្ដីស្លាប់ត្រូវផ្កាប់មុខយ៉ាងអាម៉ាស់ ដោយសេចក្ដីរស់ឡើងវិញយ៉ាងរុងរឿង ដែលព្រះបានបង្ហាញពីក្ដីស្រឡាញ់និងអំណាចចេស្ដាដ៏នៅអស់កល្បជានិច្ចរបស់ព្រះអង្គ។ 



អត្ថបទគម្ពីររំឭកដល់យើងថាយើងត្រូវតែយកចិត្តទុកដាក់ឱ្យមែនទែន ចំពោះអ្វីដែលយើងបានឮ ជាពិសេសចំពោះរឿងដំណឹងល្អ (ហេព្រើរ ២៖១)។ សេចក្ដីអធិប្បាយដ៏សំខាន់បំផុតដែលអ្នកអាចថ្លែងប្រកាស នោះគឺជាសេចក្ដីអធិប្បាយដែលយើងថ្លែងបង្រៀនទៅដល់ដួងចិត្តផ្ទាល់របស់យើង ដោយរំឭកដល់ដួងចិត្តផ្ទាល់របស់យើងជាប្រចាំថ្ងៃថា៖ «ខ្ញុំមានអនាគតភ្លឺស្វាងនៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទ»។ 


អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Chosen: Remind Yourself Of The Gospel Everyday

តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលអ្នកក្រោកឡើងពីដំណេក ហើយរំឭកខ្លួនអ្នកអំពីដំណឹងល្អជាប្រចាំថ្ងៃនោះ? គម្រោងអានចំណាយពេលស្មឹងស្មាធិ៍​ជាមួយ​ព្រះរយៈពេល ៧ថ្ងៃ នេះ បានតាក់តែងឡើងដើម្បីបានជាប្រយោជន៍សម្រាប់ជាជំនួយដល់អ្នក ឱ្យសញ្ជឹងគិតទៅល...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច គិតអំពីភាពអស់កល្បជានិច្ច (Think Eternity) ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហ៍ទំព័រ៖ https://www.thinke.org

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ