រ៉ូម 1:8-13 - Compare All Versions
រ៉ូម 1:8-13 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ជាបឋម ខ្ញុំសូមអរព្រះគុណដល់ព្រះរបស់ខ្ញុំ តាមរយៈព្រះយេស៊ូវគ្រីស្ទ សម្រាប់អ្នកទាំងអស់គ្នា ព្រោះមានគេប្រកាសពីជំនឿរបស់អ្នករាល់គ្នា នៅពាសពេញពិភពលោក។ ព្រះដែលខ្ញុំបម្រើដោយវិញ្ញាណខ្ញុំ ក្នុងការប្រកាសដំណឹងល្អអំពីព្រះរាជបុត្រារបស់ព្រះអង្គ ទ្រង់ជាស្មរបន្ទាល់របស់ខ្ញុំថា ខ្ញុំតែងតែនឹកចាំពីអ្នករាល់គ្នាជានិច្ច នៅក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំ ទាំងសូមអង្វរឲ្យម្តងនេះ បើព្រះសព្វព្រះហឫទ័យ ឲ្យខ្ញុំមានឱកាសល្អដើម្បីមកជួបអ្នករាល់គ្នា ព្រោះខ្ញុំមានបំណងចង់ឃើញអ្នករាល់គ្នាជាខ្លាំង ដើម្បីឲ្យខ្ញុំបានចែកអំណោយទានខាងវិញ្ញាណខ្លះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានរឹងមាំ គឺថា ឲ្យយើងបានលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយសារជំនឿរបស់យើងម្នាក់ៗ ទាំងជំនឿរបស់អ្នករាល់គ្នា ទាំងជំនឿរបស់ខ្ញុំ។ បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមានបំណងចង់មកជួបអ្នករាល់គ្នាជាញឹកញាប់ ដើម្បីឲ្យខ្ញុំបានទទួលផលខ្លះក្នុងចំណោមអ្នករាល់គ្នា ដូចខ្ញុំធ្លាប់បានទទួលក្នុងចំណោមសាសន៍ដទៃឯទៀតដែរ ប៉ុន្តែ ចេះតែមានអ្វីរាំងរារហូតមកទល់ពេលនេះ។
រ៉ូម 1:8-13 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ជាបឋម ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំ តាមរយៈព្រះយេស៊ូគ្រិស្ត* ព្រោះតែបងប្អូនទាំងអស់គ្នា ដ្បិតគេតំណាលអំពីជំនឿរបស់បងប្អូនក្នុងសកលលោកទាំងមូល។ ព្រះជាម្ចាស់ដែលខ្ញុំគោរពបម្រើយ៉ាងស្មោះដោយប្រកាសដំណឹងល្អ*អំពីព្រះបុត្រារបស់ព្រះអង្គ ព្រះអង្គធ្វើជាសាក្សីស្រាប់ហើយថា ខ្ញុំតែងតែនឹកគិតដល់បងប្អូនជានិច្ច គ្រប់ពេលខ្ញុំអធិស្ឋាន* សូមព្រះអង្គប្រទានឲ្យខ្ញុំមានឱកាសមកសួរសុខទុក្ខបងប្អូន បើព្រះអង្គសព្វព្រះហឫទ័យ។ ខ្ញុំមានបំណងចង់ជួបមុខបងប្អូនយ៉ាងខ្លាំង ដើម្បីចែកព្រះអំណោយទានណាមួយរបស់ព្រះវិញ្ញាណជូនបងប្អូន ឲ្យបងប្អូនបានមាំមួនឡើង គឺថា ពេលយើងនៅជាមួយគ្នា យើងលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយជំនឿដែលយើងមានរួមគ្នា ទាំងបងប្អូនទាំងខ្ញុំ។ បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនបានជ្រាបយ៉ាងច្បាស់ថា ខ្ញុំមានគម្រោងការចង់មកជួបបងប្អូនច្រើនលើកច្រើនសាហើយ ដើម្បីទទួលផលខ្លះក្នុងចំណោមបងប្អូន ដូចខ្ញុំធ្លាប់បានទទួលក្នុងចំណោមសាសន៍ឯទៀតៗដែរ ក៏ប៉ុន្តែ មកទល់ពេលនេះ ខ្ញុំចេះតែខកខានមិនបានមក។
រ៉ូម 1:8-13 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
មុនដំបូងខ្ញុំសូមអរព្រះគុណដល់ព្រះនៃខ្ញុំ ដោយនូវព្រះយេស៊ូវគ្រីស្ទ ពីដំណើរអ្នករាល់គ្នា ដោយឮគេថ្លែងប្រាប់ នៅគ្រប់ក្នុងលោកីយទាំងមូល ពីសេចក្ដីជំនឿរបស់អ្នករាល់គ្នា ដ្បិតព្រះដែលខ្ញុំបំរើដោយវិញ្ញាណខ្ញុំ ក្នុងដំណឹងល្អពីព្រះរាជបុត្រាទ្រង់ នោះជាស្មរបន្ទាល់ពីខ្ញុំថា ខ្ញុំទូលដំណាលពីអ្នករាល់គ្នា ក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំជានិច្ច ព្រមទាំងសូមអង្វរជាដរាប ឲ្យខ្ញុំបានឱកាសស្រួលតាមព្រះហឫទ័យម្តងណេះ ដើម្បីនឹងមកឯអ្នករាល់គ្នា បើសិនជាបាន ដោយព្រោះខ្ញុំរឭកចង់ឃើញអ្នករាល់គ្នា ដើម្បីនឹងចែកអំណោយទានណាមួយ ខាងវិញ្ញាណមកអ្នករាល់គ្នា ប្រយោជន៍ឲ្យអ្នករាល់គ្នាបានតាំងនៅយ៉ាងខ្ជាប់ខ្ជួន គឺថា ឲ្យយើងបានសេចក្ដីកំសាន្តចិត្តគ្នាទៅវិញទៅមក ក្នុងពួកអ្នករាល់គ្នា ដោយសារសេចក្ដីជំនឿរបស់យើងនិមួយៗ គឺរបស់អ្នករាល់គ្នា នឹងរបស់ខ្ញុំផង តែបងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំបានគិតមកឯអ្នករាល់គ្នាជារឿយៗ ដើម្បីឲ្យបានផលខ្លះ ក្នុងពួកអ្នករាល់គ្នា ដូចជាក្នុងពួកសាសន៍ឯទៀតដែរ តែខ្ញុំមានសេចក្ដីឃាត់ឃាំង ដរាបមកដល់ឥឡូវនេះ