រ៉ូម 1

1
សេចក្ដី​ផ្ដើម
1ប៉ុល ជា​អ្នក​បម្រើ របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​សាវក ទាំង​ញែក​ចេញ​សម្រាប់​ដំណឹង​ល្អ​របស់​ព្រះ 2ដែល​ព្រះ‌អង្គ​បាន​សន្យា​ពី​មុន តាម​រយៈ​ពួក​ហោរា​ព្រះ‌អង្គ នៅ​ក្នុង​គម្ពីរ​បរិសុទ្ធ 3ជា​ដំណឹង​ល្អ​អំពី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ដែល​ខាង​សាច់​ឈាម ព្រះ‌អង្គ​បាន​ចាប់​កំណើត​ក្នុង​រាជ​វង្ស​ព្រះបាទ​ដាវីឌ 4តែ​ខាង​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​បរិសុទ្ធ ត្រូវ​បាន​តែង​តាំង​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ប្រកប​ដោយ​ព្រះ‌ចេស្តា ដោយ​ព្រះ‌អង្គ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​រាល់​គ្នា 5ដែល​តាម​រយៈ​ព្រះ‌អង្គ យើង​ខ្ញុំ​បាន​ទទួល​ព្រះ‌គុណ និង​មុខ​ងារ​ជា​សាវក ដើម្បី​នាំ​ឲ្យ​មាន​ការ​ស្ដាប់​បង្គាប់​តាម​ជំនឿ នៅ​កណ្តាល​អស់​ទាំង​សាសន៍ សម្រាប់​ព្រះ‌នាម​ព្រះ‌អង្គ 6ដែល​អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែរ ជា​អ្នក​ដែល​ទទួល​ការ​ត្រាស់​ហៅ​មក​ជា​កម្មសិទ្ធិ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។
7ជូន​ចំពោះ​បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​ព្រះ​ទាំង​អស់​នៅ​ក្រុង​រ៉ូម ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត​មក​ពី​ព្រះ ជា​ព្រះ‌វរបិតា​របស់​យើង និង​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។
ការ​អធិស្ឋាន​អរ​ព្រះគុណ
8ជា​បឋម ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​របស់​ខ្ញុំ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​អ្នក​ទាំង​អស់​គ្នា ព្រោះ​មាន​គេ​ប្រកាស​ពី​ជំនឿ​របស់​អ្នក​រាល់​គ្នា នៅ​ពាស​ពេញ​ពិភព‌លោក។ 9ព្រះ​ដែល​ខ្ញុំ​បម្រើ​ដោយ​វិញ្ញាណ​ខ្ញុំ ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ទ្រង់​ជា​ស្មរ​បន្ទាល់​របស់​ខ្ញុំ​ថា ខ្ញុំ​តែង​តែ​នឹក​ចាំ​ពី​អ្នក​រាល់​គ្នា​ជានិច្ច នៅ​ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ 10ទាំង​សូម​អង្វរ​ឲ្យ​ម្តង​នេះ បើ​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​ខ្ញុំ​មាន​ឱកាស​ល្អ​ដើម្បី​មក​ជួប​អ្នក​រាល់​គ្នា 11ព្រោះ​ខ្ញុំ​មាន​បំណង​ចង់​ឃើញ​អ្នក​រាល់​គ្នា​ជា​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចែក​អំណោយ‌ទាន​ខាង​វិញ្ញាណ​ខ្លះ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រឹង​មាំ 12គឺ​ថា ឲ្យ​យើង​បាន​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សារ​ជំនឿ​របស់​យើង​ម្នាក់ៗ ទាំង​ជំនឿ​របស់​អ្នក​រាល់​គ្នា ទាំង​ជំនឿ​របស់​ខ្ញុំ។ 13បង‌ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​មាន​បំណង​ចង់​មក​ជួប​អ្នក​រាល់​គ្នា​ជា​ញឹក​ញាប់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ទទួល​ផល​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដូច​ខ្ញុំ​ធ្លាប់​បាន​ទទួល​ក្នុង​ចំណោម​សាសន៍​ដទៃ​ឯ​ទៀត​ដែរ ប៉ុន្តែ ចេះ​តែ​មាន​អ្វី​រាំងរា​រហូត​មក​ទល់​ពេល​នេះ។ 14ខ្ញុំ​មាន​ការ​ជាប់​ជំពាក់​ទាំង​សាសន៍​ក្រិក និង​សាសន៍​ដទៃ ទាំង​អ្នក​ប្រាជ្ញ និង​អ្នក​ខ្លៅ។ 15ដូច្នេះ ខ្ញុំ​ក៏​មាន​បំណង​ចង់​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់​គ្នា ដែល​នៅ​ក្រុង​រ៉ូម​នេះ​ដែរ។
ព្រះចេស្ដា​នៃ​ដំណឹងល្អ
16ដ្បិត​ខ្ញុំ​មិន​ខ្មាស​អំពី​ដំណឹង​ល្អ​ទេ ព្រោះ​ជា​ព្រះ‌ចេស្តា​របស់​ព្រះ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​ដំបូង​ដល់​សាសន៍​យូដា និង​ដល់​សាសន៍​ក្រិក​ផង។ 17ដ្បិត​នៅ​ក្នុង​ដំណឹង​ល្អ​នេះ សេចក្តី​សុចរិត​របស់​ព្រះ​បាន​សម្ដែង​មក តាម​រយៈ​ជំនឿ សម្រាប់​ជំនឿ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ» ។
ទោស​របស់​មនុស្ស​ជាតិ
18ដ្បិត​សេចក្តី‌ក្រោធ​របស់​ព្រះ បាន​សម្ដែង​ពី​ស្ថាន‌សួគ៌​មក ទាស់​នឹង​គ្រប់​ទាំង​សេចក្តី​ទមិឡ​ល្មើស និង​សេចក្តី​ទុច្ចរិត​របស់​មនុស្ស ដែល​បង្ខាំង​សេចក្តី​ពិត ដោយ​សេចក្តី​ទុច្ចរិត​របស់​គេ 19ដ្បិត​អ្វី​ដែល​គេ​អាច​ស្គាល់​ពី​ព្រះ​បាន នោះ​ជាក់​ច្បាស់​ដល់​ពួក​គេ​ហើយ ព្រោះ​ព្រះ​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ។ 20តាំង​ពី​កំណើត​ពិភព‌លោក​មក ព្រះ‌ចេស្តា​ដ៏​អស់​កល្ប និង​និស្ស័យ​ជា​ព្រះ​របស់​ព្រះ‌អង្គ ដែល​ទោះ​ជា​គេ​មើល​មិន​ឃើញ​ក្ដី នោះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ ហើយ​យល់​បាន តាម​រយៈ​អ្វីៗ​ដែល​ព្រះ‌អង្គ​បង្កើត​មក​ដែរ។ ដូច្នេះ គេ​មិន​អាច​ដោះ‌សា​បាន​ឡើយ 21ដ្បិត​ទោះ​ជា​គេ​បាន​ស្គាល់​ព្រះ ក៏​គេ​មិន​បាន​តម្កើង​ព្រះ‌អង្គ​ជា​ព្រះ ឬ​អរ​ព្រះ​គុណ​ព្រះ‌អង្គ​ដែរ ផ្ទុយ​ទៅ​វិញ គេ​បែរ​ជា​មាន​គំនិត​ឥត​ប្រយោជន៍ ហើយ​ចិត្ត​ល្ងង់​ខ្លៅ​របស់​គេ ក៏​ត្រឡប់​ជា​ងងឹត។ 22គេ​អួត​អាង​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​គេ​បែរ​ជា​ល្ងី‌ល្ងើ 23គេ​បាន​ប្តូរ​សិរី‌ល្អ​របស់​ព្រះ​ដែល​មិន​ចេះ​ខូច យក​រូប​សំណាក មើល​ទៅ​ដូច​ជា​មនុស្ស​ដែល​តែង​តែ​ស្លាប់ ឬ​ដូច​ជា​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ​ជំនួស​វិញ។
24ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​បណ្ដោយ​គេ​ទៅ​ក្នុង​សេចក្តី​ស្មោក‌គ្រោក តាម​ចិត្ត​គេ​ប្រាថ្នា​ចង់​បាន ដែល​បន្ថោក​រូប‌កាយ​របស់​ខ្លួន​ក្នុង​ចំណោម​ពួក​គេ 25ព្រោះ​គេ​បាន​ប្ដូរ​សេចក្តី​ពិត​អំពី​ព្រះ យក​សេចក្តី​ភូត‌ភរ ហើយ​ថ្វាយ​បង្គំ និង​គោរព​បម្រើ​របស់​ដែល​កើត​មក ជា​ជាង​ព្រះ​ដែល​បង្កើត​របស់​ទាំង​នោះ ជា​ព្រះ​ដែល​ប្រកប​ដោយ​ព្រះ‌ពរ​អស់​កល្ប‌ជានិច្ច! អាម៉ែន។
26ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​បណ្ដោយ​គេ​ឲ្យ​ងប់​នឹង​តណ្ហា​ថោក​ទាប គឺ​ស្រីៗ​របស់​គេ បាន​ប្ដូរ​ការ​រួម​បវេណី​តាម​របៀប​ធម្មតា ឲ្យ​ខុស​ពី​ធម្មតា 27ឯ​ប្រុសៗ​ក៏​ដូច្នោះ​ដែរ គេ​លះ​ចោល​ការ​រួម​បវេណី​ជាមួយ​ស្រីៗ​តាម​របៀប​ធម្មតា ហើយ​ពុះ​កញ្ជ្រោល​នឹង​តណ្ហា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ប្រុស​ប្រព្រឹត្ត​ដោយ​ឥត​អៀន​ខ្មាស​ជាមួយ​ប្រុស​ដូច​គ្នា ហើយ​ក៏​ទទួល​ទោស​ចំពោះ​ខ្លួន​គេ ដែល​សម​នឹង​កំហុស​របស់​ខ្លួន។
28ដោយ​ព្រោះ​គេ​មិន​ចូល​ចិត្ត​នឹង​ស្គាល់​ព្រះ​សោះ ព្រះ‌អង្គ​ក៏​បណ្ដោយ​គេ​ទៅ​តាម​គំនិត​ចោល​ម្សៀត និង​ទៅ​តាម​ការ​ដែល​មិន​គួរ​គប្បី​នឹង​ប្រព្រឹត្ត។ 29ពួកគេ​មាន​ពេញ​ដោយ​សេចក្តី​ទុច្ចរិត​គ្រប់​យ៉ាង សេចក្ដី​អាក្រក់ សេចក្តី​លោភ​លន់ និង​សេចក្តី​ព្យាបាទ ក៏​មាន​ពេញ​ដោយ​សេចក្តី​ឈ្នានីស ការ​កាប់​សម្លាប់ ឈ្លោះ​ប្រកែក បោក​បញ្ឆោត កិច្ច‌កល ពួក​គេ​ចូល​ចិត្ត​និយាយ​ដើម 30និយាយ​បង្កាច់​បង្ខូច ស្អប់​ព្រះ ព្រហើន​ឆ្មើង​ឆ្មៃ អួត​អាង បង្កើត​ការ​អាក្រក់ មិន​ស្តាប់​បង្គាប់​ឪពុក‌ម្តាយ 31ជា​មនុស្ស​ល្ងី​ល្ងើ មិន​ស្មោះ​ត្រង់ ជា​មនុស្ស​គ្មាន​ចិត្ត គ្មាន​សេចក្ដី​មេត្តា។ 32គេ​ស្គាល់​ច្បាប់​ដ៏​សុចរិត​របស់​ព្រះ​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​ការ​ដូច្នោះ សម​នឹង​ស្លាប់ ប៉ុន្តែ គេ​មិន​ត្រឹម​តែ​ប្រព្រឹត្ត​ការ​ទាំង​នោះ​ប៉ុណ្ណោះ​ទេ គឺ​គេ​ថែម​ទាំង​យល់​ព្រម​ជា​មួយ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នោះ​ទៀត​ផង។

ទើបបានជ្រើសរើសហើយ៖

រ៉ូម 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ