រ៉ូម 1

1
1សំបុត្រ​ប៉ុល​ខ្ញុំ ជា​បាវ​បំរើ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ជា​សាវក ទាំង​ញែក​ចេញ​ទុក​សំរាប់​ដំណឹង​ល្អ​នៃ​ព្រះ 2(ជា​ដំណឹង​ល្អ​ដែល​ទ្រង់​បាន​សន្យា​ពី​ដើម ដោយ‌សារ​ពួក​ហោរា​ទ្រង់ ទុក​ក្នុង​គម្ពីរ​បរិសុទ្ធ 3គឺ​ពី​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​ខាង​ឯ​សាច់​ឈាម ទ្រង់​បាន​ចាប់​កំណើត​ក្នុង​ព្រះ‌វង្សា​ហ្លួង​ដាវីឌ 4តែ​ខាង​ឯ​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​បរិសុទ្ធ នោះ​បាន​សំដែង​មក​ច្បាស់​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​ពិត ទាំង​មាន​ព្រះ‌ចេស្តា​ផង ដោយ​ទ្រង់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា 5ដែល​យើង​ខ្ញុំ​បាន​ទទួល​ព្រះ‌គុណ នឹង​ងារ​ជា​សាវក ដោយ‌សារ​ទ្រង់ សំរាប់​ឲ្យ​មាន​មនុស្ស​ចុះ​ចូល តាម​សេចក្ដី​ជំនឿ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ទុក​ជា​ប្រយោជន៍​ដល់​ព្រះ‌នាម​ទ្រង់ 6ដែល​អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​ពួក​អ្នក​ទាំង​នោះ ជា​ពួក​អ្នក​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​ហៅ​ដែរ) 7ខ្ញុំ​ផ្ញើ​មក​អស់​អ្នក នៅ​ក្រុង​រ៉ូម ជា​ពួក​ស្ងួន‌ភ្ងា​នៃ​ព្រះ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​នូវ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង​រាល់​គ្នា ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។
8មុន​ដំបូង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដោយ​នូវ​ព្រះ‌យេស៊ូវ​គ្រីស្ទ ពី​ដំណើរ​អ្នក​រាល់​គ្នា ដោយ​ឮ​គេ​ថ្លែង​ប្រាប់ នៅ​គ្រប់​ក្នុង​លោកីយ​ទាំង​មូល ពី​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា 9ដ្បិត​ព្រះ​ដែល​ខ្ញុំ​បំរើ​ដោយ​វិញ្ញាណ​ខ្ញុំ ក្នុង​ដំណឹង​ល្អ​ពី​ព្រះ‌រាជ‌បុត្រា​ទ្រង់ នោះ​ជា​ស្មរ​បន្ទាល់​ពី​ខ្ញុំ​ថា ខ្ញុំ​ទូល​ដំណាល​ពី​អ្នក​រាល់​គ្នា ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​ជានិច្ច 10ព្រម​ទាំង​សូម​អង្វរ​ជា​ដរាប ឲ្យ​ខ្ញុំ​បាន​ឱកាស​ស្រួល​តាម​ព្រះ‌ហឫទ័យ​ម្តង​ណេះ ដើម្បី​នឹង​មក​ឯ​អ្នក​រាល់​គ្នា បើ​សិន​ជា​បាន 11ដោយ​ព្រោះ​ខ្ញុំ​រឭក​ចង់​ឃើញ​អ្នក​រាល់​គ្នា ដើម្បី​នឹង​ចែក​អំណោយ​ទាន​ណា​មួយ ខាង​វិញ្ញាណ​មក​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​តាំង​នៅ​យ៉ាង​ខ្ជាប់‌ខ្ជួន 12គឺ​ថា ឲ្យ​យើង​បាន​សេចក្ដី​កំសាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ពួក​អ្នក​រាល់​គ្នា ដោយ‌សារ​សេចក្ដី​ជំនឿ​របស់​យើង​និមួយៗ គឺ​របស់​អ្នក​រាល់​គ្នា នឹង​របស់​ខ្ញុំ​ផង 13តែ​បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​បាន​គិត​មក​ឯ​អ្នក​រាល់​គ្នា​ជា​រឿយៗ ដើម្បី​ឲ្យ​បាន​ផល​ខ្លះ ក្នុង​ពួក​អ្នក​រាល់​គ្នា ដូច​ជា​ក្នុង​ពួក​សាសន៍​ឯ​ទៀត​ដែរ តែ​ខ្ញុំ​មាន​សេចក្ដី​ឃាត់‌ឃាំង ដរាប​មក​ដល់​ឥឡូវ​នេះ 14ខ្ញុំ​មាន​សេចក្ដី​ជំពាក់​ទាំង​សាសន៍​ក្រេក នឹង​សាសន៍​ដទៃ ទាំង​អ្នក​ប្រាជ្ញ នឹង​អ្នក​ខ្លៅ​ផង 15ដូច្នេះ ឯ​ខ្ញុំៗ​ប្រុង​ប្រៀប​តែ​នឹង​ប្រាប់​ដំណឹង​ល្អ​មក​អ្នក​រាល់​គ្នា ដែល​នៅ​ក្រុង​រ៉ូម​ដែរ 16ដ្បិត​ខ្ញុំ​គ្មាន​សេចក្ដី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ​ទេ ពី​ព្រោះ​ជា​ព្រះ‌ចេស្តា​នៃ​ព្រះ សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ គឺ​ដល់​ទាំង​សាសន៍​យូដា​ជា​ដើម នឹង​សាសន៍​ក្រេក​ផង 17ដ្បិត​សេចក្ដី​សុចរិត​នៃ​ព្រះ បាន​សំដែង​មក​ក្នុង​ដំណឹង​ល្អ​នោះ ដោយ‌សារ​សេចក្ដី​ជំនឿ ហើយ​ឲ្យ​បាន​សេចក្ដី​ជំនឿ​ចំរើន​ច្រើន​ឡើង​ផង ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ​អាង​សេចក្ដី​ជំនឿ»។
18ពី​ព្រោះ​សេចក្ដី​ក្រោធ​របស់​ព្រះ បាន​សំដែង​មក​ពី​ស្ថាន‌សួគ៌ ទាស់​នឹង​គ្រប់​ទាំង​សេចក្ដី​ទមិល​ល្មើស នឹង​សេចក្ដី​ទុច្ចរិត​របស់​មនុស្ស ដែល​គេ​បង្ខាំង​សេចក្ដី​ពិត ដោយ​សេចក្ដី​ទុច្ចរិត 19ព្រោះ​ការ​អ្វី​ដែល​អាច​នឹង​ស្គាល់​ពី​ព្រះ​បាន នោះ​បាន​សំដែង​មក​ក្នុង​ពួក​គេ​ហើយ ដោយ​ព្រះ‌ទ្រង់​សំដែង​ការ​នោះ​ឲ្យ​គេ​ឃើញ​ជាក់ 20ដ្បិត​អ្វីៗ​របស់​ទ្រង់ ដែល​រក​មើល​មិន​ឃើញ តាំង​ពី​កំណើត​លោកីយ​មក ទោះ​ទាំង​ព្រះ‌ចេស្តា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច នឹង​និស្ស័យ​ជា​ព្រះ​របស់​ទ្រង់ នោះ​ឃើញ​ច្បាស់​វិញ ដោយ​ពិចារណា​យល់​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​មក 21ព្រោះ​កាល​គេ​បាន​ស្គាល់​ព្រះ នោះ​គេ​មិន​បាន​ដំកើង​ទ្រង់ ទុក​ជា​ព្រះ​ទេ ក៏​មិន​ដឹង​គុណ​ទ្រង់​ដែរ គេ​កើត​មាន​គំនិត​ឥត​ប្រយោជន៍​វិញ ហើយ​ចិត្ត​គេ ដែល​ឥត​យោបល់ ក៏​បាន​ត្រឡប់​ជា​ងងឹត​ទៅ 22គេ​អួត​ខ្លួន​ថា មាន​ប្រាជ្ញា បាន​ជា​គេ​ត្រឡប់​ទៅ​ជា​ល្ងង់‌ល្ងើ​វិញ 23គឺ​គេ​បំផ្លាស់​សិរី‌ល្អ​នៃ​ព្រះ​ដែល​មិន​ចេះ​ខូច ឲ្យ​ទៅ​ជា​រូប មើល​ទៅ​ដូច​ជា​មនុស្ស ដែល​តែង‌តែ​ខូច​វិញ ហើយ​ដូច​ជា​សត្វ​ស្លាប សត្វ​ជើង​៤ នឹង​សត្វ​លូន​វារ​ដែរ 24ហេតុ​នោះ​បាន​ជា​ព្រះ‌ទ្រង់​ប្រគល់​គេ​ទៅ​ឯ​សេចក្ដី​ស្មោក‌គ្រោក តាម​ចិត្ត​គេ​ប្រាថ្នា​ចង់​បាន ឲ្យ​បាន​បង្អាប់​ដល់​រូប‌កាយ​គេ​ទៅ​វិញ​ទៅ​មក 25គេ​បាន​ផ្លាស់​សេចក្ដី​ពិត​នៃ​ព្រះ ឲ្យ​ទៅ​ជា​សេចក្ដី​ភូត‌ភរ​វិញ ក៏​កោត‌ខ្លាច ហើយ​គោរព​បូជា​ដល់​របស់​ដែល​កើត​មក ជា​ជាង​ដល់​ព្រះ ដែល​បង្កើត​របស់​ទាំង​នោះ​មក ជា​ព្រះ​ដែល​មាន​ព្រះ‌ពរ​អស់​‌កល្ប​ជានិច្ច អាម៉ែន 26ហេតុ​នោះ​បាន​ជា​ព្រះ‌ទ្រង់​ប្រគល់​គេ ទៅ​ក្នុង​សេចក្ដី​រំជួល​ដ៏​អាស្រូវ​បារាយ ដ្បិត​ទាំង​ពួក​ស្រីៗ​របស់​គេ ក៏​បាន​ផ្លាស់​ប្រែ​ទំនៀម‌ទំលាប់​ពី​បវេណី​ចេញ ឲ្យ​ខុស​ពី​ធម្មតា 27ហើយ​ពួក​ប្រុសៗ​ក៏​បែប​ដូច្នោះ​ដែរ គេ​បាន​លះ​ចោល​ទំនៀម‌ទំលាប់​របស់​ស្ត្រី​ពី​បវេណី​ចេញ ហើយ​បង្កើត​ឲ្យ​មាន​សេចក្ដី​សំរើប​រោល‌រាល ដល់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ប្រុស​ប្រព្រឹត្ត​នឹង​ប្រុសៗ ជា​ការ​ដ៏​អាក្រក់​ជួ‌ជាតិ នោះ​គេ​ក៏​ទទួល​រង្វាន់​ចំពោះ​ខ្លួន​គេ ដែល​សំណំ​នឹង​សេចក្ដី​កំហុស​របស់​ខ្លួន 28ហើយ​ដោយ​ព្រោះ​គេ​មិន​ចូល​ចិត្ត​នឹង​ស្គាល់​ដល់​ព្រះ​សោះ បាន​ជា​ទ្រង់​ប្រគល់​គេ​ទៅ​តាម​គំនិត​ចោល‌ម្សៀត​វិញ ដើម្បី​ឲ្យ​បាន​សំរេច​ការ​ដែល​មិន​គួរ​គប្បី​ធ្វើ 29ជា​មនុស្ស​មាន​ពេញ​ដោយ​សេចក្ដី​ទុច្ចរិត​គ្រប់​យ៉ាង គឺ​សេចក្ដី​កំផិត សេចក្ដី​កំណាច សេចក្ដី​លោភ នឹង​សេចក្ដី​ព្យាបាទ ក៏​មាន​សេចក្ដី​ឈ្នានីស នឹង​ការ​កាប់​សំឡាប់ ឈ្លោះ​ប្រកែក កិច្ច‌កល គំនិត​ខិល‌ខូច​ដ៏​ពោរ‌ពេញ​ផង 30ជា​មនុស្ស​ចែ‌ចូវ បេះ‌បួយ ស្អប់​ព្រះ ព្រហើន​ឈ្លាន‌ពាន មានះ​កាន់​ខ្លួន អួត​អាង ជា​មេ​បង្កើត​ការ​អាក្រក់ ហើយ​មិន​ស្តាប់​បង្គាប់​តាម​ឪពុក​ម្តាយ 31ឥត​យោបល់ មាន​ចិត្ត​មិន​ទៀង មិន​ចេះ​ស្រឡាញ់​តាម​ធម្មតា ក៏​ឥត​មាន​សេចក្ដី​មេត្តា‌ករុណា​សោះ 32គេ​ក៏​ស្គាល់​សេចក្ដី​ជំនុំ‌ជំរះ​ដ៏​សុចរិត​របស់​ព្រះ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​ការ​យ៉ាង​ដូច្នោះ នោះ​គួរ​នឹង​ស្លាប់​ហើយ ប៉ុន្តែ​គេ​មិន​គ្រាន់​តែ​ប្រព្រឹត្ត​យ៉ាង​នោះ​ប៉ុណ្ណោះ គឺ​គេ​ចូល​ចិត្ត​យល់​ព្រម​នឹង​អស់​អ្នក​ណា ដែល​ប្រព្រឹត្ត​ដូច្នោះ​ផង​ដែរ។

ទើបបានជ្រើសរើសហើយ៖

រ៉ូម 1: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ