រ៉ូម 1
1
សេចក្ដីផ្ដើម
1ខ្ញុំ ប៉ូល ជាអ្នកបម្រើ#១.១ ពាក្យដើម: ខ្ញុំបម្រើ ឬទាសករ។របស់ព្រះគ្រិស្តយេស៊ូ ព្រះជាម្ចាស់*បានត្រាស់ហៅខ្ញុំឲ្យធ្វើជាសាវ័ក* និងជ្រើសរើសខ្ញុំឲ្យប្រកាសដំណឹងល្អរបស់ព្រះអង្គ។ 2ដំណឹងល្អនេះ ព្រះជាម្ចាស់បានសន្យាទុកជាមុនក្នុងព្រះគម្ពីរ តាមរយៈពួកព្យាការី*របស់ព្រះអង្គ 3ស្ដីអំពីព្រះបុត្រារបស់ព្រះអង្គ។ បើគិតតាមមនុស្ស ព្រះបុត្រាប្រសូតមកក្នុងព្រះរាជវង្សរបស់ព្រះបាទដាវីឌ 4តែបើគិតតាមព្រះវិញ្ញាណ ដែលផ្ដល់ឲ្យមនុស្សបានវិសុទ្ធ*វិញ#១.៤ យើងអាចបកប្រែម្យ៉ាងទៀតថា: «តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ»។ ព្រះជាម្ចាស់បានតែងតាំងព្រះអង្គ ជាព្រះបុត្រាប្រកបដោយឫទ្ធានុភាព ដោយប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ។ 5តាមរយៈព្រះបុត្រា គឺព្រះអម្ចាស់យេស៊ូគ្រិស្ត យើងខ្ញុំបានទទួលព្រះគុណ និងមុខងារជាសាវ័ក ដើម្បីនាំជាតិសាសន៍ទាំងអស់ប្រតិបត្តិតាមជំនឿ សម្រាប់លើកតម្កើងព្រះនាមព្រះអង្គ។ 6បងប្អូនដែលព្រះយេស៊ូគ្រិស្តបានត្រាស់ហៅ ក៏នៅក្នុងចំណោមជាតិសាសន៍ទាំងនោះដែរ។
7សូមជម្រាបមកបងប្អូនទាំងអស់នៅក្រុងរ៉ូម ជាអ្នកដែលព្រះជាម្ចាស់ស្រឡាញ់ និងត្រាស់ហៅឲ្យធ្វើជាប្រជាជនដ៏វិសុទ្ធ។
សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះយេស៊ូគ្រិស្តជាអម្ចាស់ ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន!។
លោកប៉ូលមានបំណងទៅសួរសុខទុក្ខគ្រិស្តបរិស័ទនៅក្រុងរ៉ូម
8ជាបឋម ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំ តាមរយៈព្រះយេស៊ូគ្រិស្ត* ព្រោះតែបងប្អូនទាំងអស់គ្នា ដ្បិតគេតំណាលអំពីជំនឿរបស់បងប្អូនក្នុងសកលលោកទាំងមូល។ 9ព្រះជាម្ចាស់ដែលខ្ញុំគោរពបម្រើយ៉ាងស្មោះដោយប្រកាសដំណឹងល្អ*អំពីព្រះបុត្រារបស់ព្រះអង្គ ព្រះអង្គធ្វើជាសាក្សីស្រាប់ហើយថា ខ្ញុំតែងតែនឹកគិតដល់បងប្អូនជានិច្ច 10គ្រប់ពេលខ្ញុំអធិស្ឋាន* សូមព្រះអង្គប្រទានឲ្យខ្ញុំមានឱកាសមកសួរសុខទុក្ខបងប្អូន បើព្រះអង្គសព្វព្រះហឫទ័យ។ 11ខ្ញុំមានបំណងចង់ជួបមុខបងប្អូនយ៉ាងខ្លាំង ដើម្បីចែកព្រះអំណោយទានណាមួយរបស់ព្រះវិញ្ញាណជូនបងប្អូន ឲ្យបងប្អូនបានមាំមួនឡើង 12គឺថា ពេលយើងនៅជាមួយគ្នា យើងលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយជំនឿដែលយើងមានរួមគ្នា ទាំងបងប្អូនទាំងខ្ញុំ។
13 #
កក. ១៩.២១
បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនបានជ្រាបយ៉ាងច្បាស់ថា ខ្ញុំមានគម្រោងការចង់មកជួបបងប្អូនច្រើនលើកច្រើនសាហើយ ដើម្បីទទួលផលខ្លះក្នុងចំណោមបងប្អូន ដូចខ្ញុំធ្លាប់បានទទួលក្នុងចំណោមសាសន៍ឯទៀតៗដែរ ក៏ប៉ុន្តែ មកទល់ពេលនេះ ខ្ញុំចេះតែខកខានមិនបានមក។ 14ខ្ញុំត្រូវតែបំពេញកិច្ចការក្នុងចំណោមសាសន៍ក្រិក#១.១៤ សាសន៍ក្រិកចង់សង្កត់ទៅលើសាសន៍ដែលមានអរិយធម៌ខ្ពង់ខ្ពស់នៅសម័យនោះ។ និងក្នុងចំណោមសាសន៍ដទៃទៀត ក្នុងចំណោមអ្នកប្រាជ្ញ និងក្នុងចំណោមអ្នកល្ងង់។ 15ដូច្នេះ ខ្ញុំក៏មានបំណងនាំដំណឹងល្អមកជូនបងប្អូននៅក្រុងរ៉ូមនេះដែរ 16#មក. ៨.៣៨ដ្បិតខ្ញុំមិនខ្មាសនឹងប្រកាសដំណឹងល្អទេ ព្រោះដំណឹងល្អនេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺមុនដំបូងសាសន៍យូដា បន្ទាប់មក សាសន៍ក្រិក។ 17#ហគ. ២.៤ដំណឹងល្អនេះសម្តែងឲ្យដឹងថា ព្រះជាម្ចាស់ប្រោសប្រទានឲ្យមនុស្សបានសុចរិត ដោយសារជំនឿ និងឲ្យគេកាន់តាមជំនឿ#១.១៧ ឃ្លាដើម «មកពីជំនឿទៅកាន់ជំនឿ» ដែលអាចបកស្រាយបានច្រើនយ៉ាង: «ពីព្រះហឫទ័យស្មោះត្រង់របស់ព្រះជាម្ចាស់ ទៅជំនឿរបស់អ្នកជឿ» ឬ«ជំនឿអ្នកផ្សាយដំណឹងល្អទៅដល់ជំនឿរបស់អ្នកស្ដាប់» ឬ«ជំនឿចាស់ទៅជំនឿថ្មី» ឬ«ជំនឿដើមដំបូងដល់ជំនឿពេញលក្ខណៈ» ឬ«ជំនឿដែលចម្រើនឡើងជារៀងរាល់ថ្ងៃ»។ ដូចមានចែងទុកមកថា: «មនុស្សសុចរិតមានជីវិតរស់ ដោយសារជំនឿ»#១.១៧ ហគ. ២.៤។។
ទោសរបស់មនុស្សលោក
18ព្រះជាម្ចាស់សម្តែងព្រះពិរោធ#១.១៨ គម្ពីរប្រើពាក្យ «ព្រះពិរោធរបស់ព្រះជាម្ចាស់» សំដៅទៅលើការវិនិច្ឆ័យទោសមនុស្សលោក គឺមិនមែនចង់សំដៅទៅលើកំហឹងដែលជាសន្ដានចិត្តអាក្រក់នោះឡើយ។ពីស្ថានបរមសុខ*មក ប្រឆាំងនឹងការមិនគោរពប្រណិប័តន៍ព្រះអង្គ ប្រឆាំងនឹងអំពើទុច្ចរិតគ្រប់យ៉ាងដែលមនុស្សលោកប្រព្រឹត្ត ទាំងយកអំពើទុច្ចរិតនោះខ្ទប់សេចក្ដីពិតមិនឲ្យលេចចេញមក 19ដ្បិតអ្វីៗដែលមនុស្សលោកអាចស្គាល់ពីព្រះជាម្ចាស់ នោះមានជាក់ច្បាស់ក្នុងចំណោមពួកគេហើយ ព្រោះព្រះអង្គបានសម្តែងឲ្យគេឃើញ។ 20លក្ខណៈដ៏ប្រសើរបំផុតរបស់ព្រះអង្គ ដែលមនុស្សមើលពុំឃើញ គឺឫទ្ធានុភាពដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្តី ឬឋានៈរបស់ព្រះអង្គជាព្រះជាម្ចាស់ក្តី#១.២០ យើងអាចបកប្រែតាមរបៀបផ្សេងៗថា: សភាវៈរបស់ព្រះជាម្ចាស់ក្តី និស្ស័យជាព្រះជាម្ចាស់ក្តី ឬទេវតាក្តី…។ ព្រះអង្គបានសម្តែងឲ្យគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះ នៅពេលណាដែលគេរិះគិតអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។ ដូច្នេះ គេពុំអាចដោះសាខ្លួនបានឡើយ 21#អភ. ៤.១៧-១៨ដ្បិតគេបានស្គាល់ព្រះជាម្ចាស់ តែពុំបានលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ឲ្យសមនឹងឋានៈរបស់ព្រះជាម្ចាស់ទេ ហើយគេក៏ពុំបានអរព្រះគុណព្រះអង្គទៀតផង។ ផ្ទុយទៅវិញ គេបានវង្វេងទៅតាមការរិះគិតរបស់ខ្លួន ហើយចិត្តល្ងីល្ងើរបស់គេក៏បែរទៅជាងងឹតសូន្យសុងដែរ។ 22គេអួតអាងថាខ្លួនមានប្រាជ្ញា តែបែរជាលេលាទៅវិញ។ 23#ទក. ៤.១៦-១៨គេមិនបានលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជានិច្ចទេ គឺបែរជាយករូបសំណាកដូចជារូបតំណាងមនុស្សដែលតែងតែស្លាប់#១.២៣ ពាក្យដើម: «រូបកាយដែលតែងតែរលួយ»។ យករូបតំណាងសត្វស្លាប សត្វជើងបួន និងសត្វលូនវារ មកគោរពថ្វាយបង្គំជំនួសវិញ។ 24ហេតុនេះហើយបានជាព្រះជាម្ចាស់បណ្ដោយឲ្យពួកគេប្រព្រឹត្តអំពើសៅហ្មង តាមទំនើងចិត្តលោភលន់របស់គេ រហូតដល់ទៅបន្ថោករូបកាយរបស់ខ្លួនឯងផ្ទាល់ទៀតផង។ 25ពួកគេនិយមព្រះក្លែងក្លាយជាជាងព្រះដ៏ពិតប្រាកដ#១.២៥ ឃ្លាដើម: «ពួកគេយកការកុហកមកជំនួសសេចក្ដីពិតរបស់ព្រះជាម្ចាស់»។ ហើយនាំគ្នាថ្វាយបង្គំ និងគោរពបម្រើអ្វីៗដែលព្រះជាម្ចាស់បង្កើត មកជំនួសគោរពបម្រើព្រះដែលបានបង្កើតអ្វីៗទាំងអស់នោះវិញ។ សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច! អាម៉ែន!។ 26ហេតុនេះហើយបានជាព្រះជាម្ចាស់បណ្ដោយឲ្យពួកគេងប់នឹងតណ្ហាថោកទាប គឺស្រីៗនាំគ្នាលះបង់ការរួមបវេណីតាមរបៀបធម្មតា ទៅប្រព្រឹត្តផ្ទុយពីធម្មជាតិវិញ 27រីឯប្រុសៗក៏ដូច្នោះដែរ គេបានលះបង់ការរួមបវេណីជាមួយស្រីៗតាមរបៀបធម្មតា ហើយពុះកញ្ជ្រោលស្រើបស្រាលតែនឹងប្រុសៗគ្នាឯង។ គេប្រព្រឹត្តអំពើដែលគួរឲ្យអៀនខ្មាស រវាងប្រុសនិងប្រុស។ ពួកគេទទួលទណ្ឌកម្មក្នុងរូបកាយគេផ្ទាល់ សមនឹងការវង្វេងរបស់គេ។
28ដោយពួកគេយល់ថា មិនបាច់ស្គាល់ព្រះជាម្ចាស់យ៉ាងច្បាស់ ព្រះអង្គក៏បណ្ដោយគេទៅតាមគំនិតឥតពិចារណារបស់ខ្លួន គឺឲ្យគេប្រព្រឹត្តអំពើដែលមិនត្រូវប្រព្រឹត្ត។ 29ចិត្តរបស់ពួកគេពោរពេញដោយគំនិតទុច្ចរិតគ្រប់យ៉ាង គំនិតអាក្រក់ គំនិតលោភលន់ គំនិតពាល ពេញទៅដោយចិត្តច្រណែនឈ្នានីស ចង់សម្លាប់គេ ឈ្លោះប្រកែក ល្បិចកិច្ចកល និងអបាយមុខ។ ពួកគេចូលចិត្តបរិហារកេរ្តិ៍គ្នា 30និយាយដើមគ្នា តាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់ មានចិត្តកំរោលឃោរឃៅ មានអំនួតអួតបំប៉ោង ប្រសប់ខាងប្រព្រឹត្តអំពើអាក្រក់ មិនស្ដាប់បង្គាប់ឪពុកម្ដាយ។ 31ពួកគេជាមនុស្សល្ងីល្ងើមានចិត្តមិនទៀង ជាមនុស្សអត់ចិត្ត មិនចេះអាណិតអាសូរ។ 32ពួកគេស្គាល់ការវិនិច្ឆ័យរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ស្រាប់ហើយថា អ្នកណាប្រព្រឹត្តបែបនេះនឹងត្រូវទទួលទោសដល់ស្លាប់។ គេមិនត្រឹមតែប្រព្រឹត្តខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងយល់ស្របជាមួយអ្នកដែលប្រព្រឹត្តអំពើបែបនោះផងដែរ។
ទើបបានជ្រើសរើសហើយ៖
រ៉ូម 1: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.