រ៉ូម 1:28-32

រ៉ូម 1:28-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដោយ​ព្រោះ​គេ​មិន​ចូល​ចិត្ត​នឹង​ស្គាល់​ព្រះ​សោះ ព្រះ‌អង្គ​ក៏​បណ្ដោយ​គេ​ទៅ​តាម​គំនិត​ចោល​ម្សៀត និង​ទៅ​តាម​ការ​ដែល​មិន​គួរ​គប្បី​នឹង​ប្រព្រឹត្ត។ ពួកគេ​មាន​ពេញ​ដោយ​សេចក្តី​ទុច្ចរិត​គ្រប់​យ៉ាង សេចក្ដី​អាក្រក់ សេចក្តី​លោភ​លន់ និង​សេចក្តី​ព្យាបាទ ក៏​មាន​ពេញ​ដោយ​សេចក្តី​ឈ្នានីស ការ​កាប់​សម្លាប់ ឈ្លោះ​ប្រកែក បោក​បញ្ឆោត កិច្ច‌កល ពួក​គេ​ចូល​ចិត្ត​និយាយ​ដើម និយាយ​បង្កាច់​បង្ខូច ស្អប់​ព្រះ ព្រហើន​ឆ្មើង​ឆ្មៃ អួត​អាង បង្កើត​ការ​អាក្រក់ មិន​ស្តាប់​បង្គាប់​ឪពុក‌ម្តាយ ជា​មនុស្ស​ល្ងី​ល្ងើ មិន​ស្មោះ​ត្រង់ ជា​មនុស្ស​គ្មាន​ចិត្ត គ្មាន​សេចក្ដី​មេត្តា។ គេ​ស្គាល់​ច្បាប់​ដ៏​សុចរិត​របស់​ព្រះ​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​ការ​ដូច្នោះ សម​នឹង​ស្លាប់ ប៉ុន្តែ គេ​មិន​ត្រឹម​តែ​ប្រព្រឹត្ត​ការ​ទាំង​នោះ​ប៉ុណ្ណោះ​ទេ គឺ​គេ​ថែម​ទាំង​យល់​ព្រម​ជា​មួយ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នោះ​ទៀត​ផង។

ចែក​រំលែក
អាន រ៉ូម 1

រ៉ូម 1:28-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដោយ​ពួក​គេ​យល់​ថា មិន​បាច់​ស្គាល់​ព្រះ‌ជា‌ម្ចាស់​យ៉ាង​ច្បាស់ ព្រះអង្គ​ក៏​បណ្ដោយ​គេ​ទៅ​តាម​គំនិត​ឥត​ពិចារណា​របស់​ខ្លួន គឺ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​ដែល​មិន​ត្រូវ​ប្រព្រឹត្ត។ ចិត្ត​របស់​ពួក​គេ​ពោរ‌ពេញ​ដោយ​គំនិត​ទុច្ចរិត​គ្រប់​យ៉ាង គំនិត​អាក្រក់ គំនិត​លោភ‌លន់ គំនិត​ពាល ពេញ​ទៅ​ដោយ​ចិត្ត​ច្រណែន‌ឈ្នានីស ចង់​សម្លាប់​គេ ឈ្លោះ​ប្រកែក ល្បិច​កិច្ចកល និង​អបាយ‌មុខ។ ពួក​គេ​ចូល​ចិត្ត​បរិហារ​កេរ្តិ៍​គ្នា និយាយ​ដើម​គ្នា តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះ‌ជា‌ម្ចាស់ មាន​ចិត្ត​កំរោល​ឃោរ‌ឃៅ មាន​អំនួត​អួត​បំប៉ោង ប្រសប់​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ។ ពួក​គេ​ជា​មនុស្ស​ល្ងី‌ល្ងើ​មាន​ចិត្ត​មិន​ទៀង ជា​មនុស្ស​អត់​ចិត្ត មិន​ចេះ​អាណិត​អាសូរ។ ពួក​គេ​ស្គាល់​ការ​វិនិច្ឆ័យ​របស់​ព្រះ‌ជា‌ម្ចាស់​យ៉ាង​ច្បាស់​ស្រាប់​ហើយ​ថា អ្នក​ណា​ប្រព្រឹត្ត​បែប​នេះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ គេ​មិន​ត្រឹម​តែ​ប្រព្រឹត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​យល់​ស្រប​ជា​មួយ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែប​នោះ​ផង​ដែរ។

ចែក​រំលែក
អាន រ៉ូម 1

រ៉ូម 1:28-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​ដោយ​ព្រោះ​គេ​មិន​ចូល​ចិត្ត​នឹង​ស្គាល់​ដល់​ព្រះ​សោះ បាន​ជា​ទ្រង់​ប្រគល់​គេ​ទៅ​តាម​គំនិត​ចោល‌ម្សៀត​វិញ ដើម្បី​ឲ្យ​បាន​សំរេច​ការ​ដែល​មិន​គួរ​គប្បី​ធ្វើ ជា​មនុស្ស​មាន​ពេញ​ដោយ​សេចក្ដី​ទុច្ចរិត​គ្រប់​យ៉ាង គឺ​សេចក្ដី​កំផិត សេចក្ដី​កំណាច សេចក្ដី​លោភ នឹង​សេចក្ដី​ព្យាបាទ ក៏​មាន​សេចក្ដី​ឈ្នានីស នឹង​ការ​កាប់​សំឡាប់ ឈ្លោះ​ប្រកែក កិច្ច‌កល គំនិត​ខិល‌ខូច​ដ៏​ពោរ‌ពេញ​ផង ជា​មនុស្ស​ចែ‌ចូវ បេះ‌បួយ ស្អប់​ព្រះ ព្រហើន​ឈ្លាន‌ពាន មានះ​កាន់​ខ្លួន អួត​អាង ជា​មេ​បង្កើត​ការ​អាក្រក់ ហើយ​មិន​ស្តាប់​បង្គាប់​តាម​ឪពុក​ម្តាយ ឥត​យោបល់ មាន​ចិត្ត​មិន​ទៀង មិន​ចេះ​ស្រឡាញ់​តាម​ធម្មតា ក៏​ឥត​មាន​សេចក្ដី​មេត្តា‌ករុណា​សោះ គេ​ក៏​ស្គាល់​សេចក្ដី​ជំនុំ‌ជំរះ​ដ៏​សុចរិត​របស់​ព្រះ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​ការ​យ៉ាង​ដូច្នោះ នោះ​គួរ​នឹង​ស្លាប់​ហើយ ប៉ុន្តែ​គេ​មិន​គ្រាន់​តែ​ប្រព្រឹត្ត​យ៉ាង​នោះ​ប៉ុណ្ណោះ គឺ​គេ​ចូល​ចិត្ត​យល់​ព្រម​នឹង​អស់​អ្នក​ណា ដែល​ប្រព្រឹត្ត​ដូច្នោះ​ផង​ដែរ។

ចែក​រំលែក
អាន រ៉ូម 1