រ៉ូម 1:26-32
រ៉ូម 1:26-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនេះហើយបានជាព្រះបណ្ដោយគេឲ្យងប់នឹងតណ្ហាថោកទាប គឺស្រីៗរបស់គេ បានប្ដូរការរួមបវេណីតាមរបៀបធម្មតា ឲ្យខុសពីធម្មតា ឯប្រុសៗក៏ដូច្នោះដែរ គេលះចោលការរួមបវេណីជាមួយស្រីៗតាមរបៀបធម្មតា ហើយពុះកញ្ជ្រោលនឹងតណ្ហាដល់គ្នាទៅវិញទៅមក គឺប្រុសប្រព្រឹត្តដោយឥតអៀនខ្មាសជាមួយប្រុសដូចគ្នា ហើយក៏ទទួលទោសចំពោះខ្លួនគេ ដែលសមនឹងកំហុសរបស់ខ្លួន។ ដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ព្រះសោះ ព្រះអង្គក៏បណ្ដោយគេទៅតាមគំនិតចោលម្សៀត និងទៅតាមការដែលមិនគួរគប្បីនឹងប្រព្រឹត្ត។ ពួកគេមានពេញដោយសេចក្តីទុច្ចរិតគ្រប់យ៉ាង សេចក្ដីអាក្រក់ សេចក្តីលោភលន់ និងសេចក្តីព្យាបាទ ក៏មានពេញដោយសេចក្តីឈ្នានីស ការកាប់សម្លាប់ ឈ្លោះប្រកែក បោកបញ្ឆោត កិច្ចកល ពួកគេចូលចិត្តនិយាយដើម និយាយបង្កាច់បង្ខូច ស្អប់ព្រះ ព្រហើនឆ្មើងឆ្មៃ អួតអាង បង្កើតការអាក្រក់ មិនស្តាប់បង្គាប់ឪពុកម្តាយ ជាមនុស្សល្ងីល្ងើ មិនស្មោះត្រង់ ជាមនុស្សគ្មានចិត្ត គ្មានសេចក្ដីមេត្តា។ គេស្គាល់ច្បាប់ដ៏សុចរិតរបស់ព្រះហើយថា អស់អ្នកដែលប្រព្រឹត្តការដូច្នោះ សមនឹងស្លាប់ ប៉ុន្តែ គេមិនត្រឹមតែប្រព្រឹត្តការទាំងនោះប៉ុណ្ណោះទេ គឺគេថែមទាំងយល់ព្រមជាមួយអស់អ្នកដែលប្រព្រឹត្តដូច្នោះទៀតផង។
រ៉ូម 1:26-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះហើយបានជាព្រះជាម្ចាស់បណ្ដោយឲ្យពួកគេងប់នឹងតណ្ហាថោកទាប គឺស្រីៗនាំគ្នាលះបង់ការរួមបវេណីតាមរបៀបធម្មតា ទៅប្រព្រឹត្តផ្ទុយពីធម្មជាតិវិញ រីឯប្រុសៗក៏ដូច្នោះដែរ គេបានលះបង់ការរួមបវេណីជាមួយស្រីៗតាមរបៀបធម្មតា ហើយពុះកញ្ជ្រោលស្រើបស្រាលតែនឹងប្រុសៗគ្នាឯង។ គេប្រព្រឹត្តអំពើដែលគួរឲ្យអៀនខ្មាស រវាងប្រុសនិងប្រុស។ ពួកគេទទួលទណ្ឌកម្មក្នុងរូបកាយគេផ្ទាល់ សមនឹងការវង្វេងរបស់គេ។ ដោយពួកគេយល់ថា មិនបាច់ស្គាល់ព្រះជាម្ចាស់យ៉ាងច្បាស់ ព្រះអង្គក៏បណ្ដោយគេទៅតាមគំនិតឥតពិចារណារបស់ខ្លួន គឺឲ្យគេប្រព្រឹត្តអំពើដែលមិនត្រូវប្រព្រឹត្ត។ ចិត្តរបស់ពួកគេពោរពេញដោយគំនិតទុច្ចរិតគ្រប់យ៉ាង គំនិតអាក្រក់ គំនិតលោភលន់ គំនិតពាល ពេញទៅដោយចិត្តច្រណែនឈ្នានីស ចង់សម្លាប់គេ ឈ្លោះប្រកែក ល្បិចកិច្ចកល និងអបាយមុខ។ ពួកគេចូលចិត្តបរិហារកេរ្តិ៍គ្នា និយាយដើមគ្នា តាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់ មានចិត្តកំរោលឃោរឃៅ មានអំនួតអួតបំប៉ោង ប្រសប់ខាងប្រព្រឹត្តអំពើអាក្រក់ មិនស្ដាប់បង្គាប់ឪពុកម្ដាយ។ ពួកគេជាមនុស្សល្ងីល្ងើមានចិត្តមិនទៀង ជាមនុស្សអត់ចិត្ត មិនចេះអាណិតអាសូរ។ ពួកគេស្គាល់ការវិនិច្ឆ័យរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ស្រាប់ហើយថា អ្នកណាប្រព្រឹត្តបែបនេះនឹងត្រូវទទួលទោសដល់ស្លាប់។ គេមិនត្រឹមតែប្រព្រឹត្តខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងយល់ស្របជាមួយអ្នកដែលប្រព្រឹត្តអំពើបែបនោះផងដែរ។
រ៉ូម 1:26-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុនោះបានជាព្រះទ្រង់ប្រគល់គេ ទៅក្នុងសេចក្ដីរំជួលដ៏អាស្រូវបារាយ ដ្បិតទាំងពួកស្រីៗរបស់គេ ក៏បានផ្លាស់ប្រែទំនៀមទំលាប់ពីបវេណីចេញ ឲ្យខុសពីធម្មតា ហើយពួកប្រុសៗក៏បែបដូច្នោះដែរ គេបានលះចោលទំនៀមទំលាប់របស់ស្ត្រីពីបវេណីចេញ ហើយបង្កើតឲ្យមានសេចក្ដីសំរើបរោលរាល ដល់គ្នាទៅវិញទៅមក គឺប្រុសប្រព្រឹត្តនឹងប្រុសៗ ជាការដ៏អាក្រក់ជួជាតិ នោះគេក៏ទទួលរង្វាន់ចំពោះខ្លួនគេ ដែលសំណំនឹងសេចក្ដីកំហុសរបស់ខ្លួន ហើយដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ដល់ព្រះសោះ បានជាទ្រង់ប្រគល់គេទៅតាមគំនិតចោលម្សៀតវិញ ដើម្បីឲ្យបានសំរេចការដែលមិនគួរគប្បីធ្វើ ជាមនុស្សមានពេញដោយសេចក្ដីទុច្ចរិតគ្រប់យ៉ាង គឺសេចក្ដីកំផិត សេចក្ដីកំណាច សេចក្ដីលោភ នឹងសេចក្ដីព្យាបាទ ក៏មានសេចក្ដីឈ្នានីស នឹងការកាប់សំឡាប់ ឈ្លោះប្រកែក កិច្ចកល គំនិតខិលខូចដ៏ពោរពេញផង ជាមនុស្សចែចូវ បេះបួយ ស្អប់ព្រះ ព្រហើនឈ្លានពាន មានះកាន់ខ្លួន អួតអាង ជាមេបង្កើតការអាក្រក់ ហើយមិនស្តាប់បង្គាប់តាមឪពុកម្តាយ ឥតយោបល់ មានចិត្តមិនទៀង មិនចេះស្រឡាញ់តាមធម្មតា ក៏ឥតមានសេចក្ដីមេត្តាករុណាសោះ គេក៏ស្គាល់សេចក្ដីជំនុំជំរះដ៏សុចរិតរបស់ព្រះថា អស់អ្នកដែលប្រព្រឹត្តការយ៉ាងដូច្នោះ នោះគួរនឹងស្លាប់ហើយ ប៉ុន្តែគេមិនគ្រាន់តែប្រព្រឹត្តយ៉ាងនោះប៉ុណ្ណោះ គឺគេចូលចិត្តយល់ព្រមនឹងអស់អ្នកណា ដែលប្រព្រឹត្តដូច្នោះផងដែរ។