រ៉ូម 1:24-31
រ៉ូម 1:24-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនេះហើយបានជាព្រះបណ្ដោយគេទៅក្នុងសេចក្តីស្មោកគ្រោក តាមចិត្តគេប្រាថ្នាចង់បាន ដែលបន្ថោករូបកាយរបស់ខ្លួនក្នុងចំណោមពួកគេ ព្រោះគេបានប្ដូរសេចក្តីពិតអំពីព្រះ យកសេចក្តីភូតភរ ហើយថ្វាយបង្គំ និងគោរពបម្រើរបស់ដែលកើតមក ជាជាងព្រះដែលបង្កើតរបស់ទាំងនោះ ជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច! អាម៉ែន។ ហេតុនេះហើយបានជាព្រះបណ្ដោយគេឲ្យងប់នឹងតណ្ហាថោកទាប គឺស្រីៗរបស់គេ បានប្ដូរការរួមបវេណីតាមរបៀបធម្មតា ឲ្យខុសពីធម្មតា ឯប្រុសៗក៏ដូច្នោះដែរ គេលះចោលការរួមបវេណីជាមួយស្រីៗតាមរបៀបធម្មតា ហើយពុះកញ្ជ្រោលនឹងតណ្ហាដល់គ្នាទៅវិញទៅមក គឺប្រុសប្រព្រឹត្តដោយឥតអៀនខ្មាសជាមួយប្រុសដូចគ្នា ហើយក៏ទទួលទោសចំពោះខ្លួនគេ ដែលសមនឹងកំហុសរបស់ខ្លួន។ ដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ព្រះសោះ ព្រះអង្គក៏បណ្ដោយគេទៅតាមគំនិតចោលម្សៀត និងទៅតាមការដែលមិនគួរគប្បីនឹងប្រព្រឹត្ត។ ពួកគេមានពេញដោយសេចក្តីទុច្ចរិតគ្រប់យ៉ាង សេចក្ដីអាក្រក់ សេចក្តីលោភលន់ និងសេចក្តីព្យាបាទ ក៏មានពេញដោយសេចក្តីឈ្នានីស ការកាប់សម្លាប់ ឈ្លោះប្រកែក បោកបញ្ឆោត កិច្ចកល ពួកគេចូលចិត្តនិយាយដើម និយាយបង្កាច់បង្ខូច ស្អប់ព្រះ ព្រហើនឆ្មើងឆ្មៃ អួតអាង បង្កើតការអាក្រក់ មិនស្តាប់បង្គាប់ឪពុកម្តាយ ជាមនុស្សល្ងីល្ងើ មិនស្មោះត្រង់ ជាមនុស្សគ្មានចិត្ត គ្មានសេចក្ដីមេត្តា។
រ៉ូម 1:24-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះហើយបានជាព្រះជាម្ចាស់បណ្ដោយឲ្យពួកគេប្រព្រឹត្តអំពើសៅហ្មង តាមទំនើងចិត្តលោភលន់របស់គេ រហូតដល់ទៅបន្ថោករូបកាយរបស់ខ្លួនឯងផ្ទាល់ទៀតផង។ ពួកគេនិយមព្រះក្លែងក្លាយជាជាងព្រះដ៏ពិតប្រាកដ ហើយនាំគ្នាថ្វាយបង្គំ និងគោរពបម្រើអ្វីៗដែលព្រះជាម្ចាស់បង្កើត មកជំនួសគោរពបម្រើព្រះដែលបានបង្កើតអ្វីៗទាំងអស់នោះវិញ។ សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច! អាម៉ែន!។ ហេតុនេះហើយបានជាព្រះជាម្ចាស់បណ្ដោយឲ្យពួកគេងប់នឹងតណ្ហាថោកទាប គឺស្រីៗនាំគ្នាលះបង់ការរួមបវេណីតាមរបៀបធម្មតា ទៅប្រព្រឹត្តផ្ទុយពីធម្មជាតិវិញ រីឯប្រុសៗក៏ដូច្នោះដែរ គេបានលះបង់ការរួមបវេណីជាមួយស្រីៗតាមរបៀបធម្មតា ហើយពុះកញ្ជ្រោលស្រើបស្រាលតែនឹងប្រុសៗគ្នាឯង។ គេប្រព្រឹត្តអំពើដែលគួរឲ្យអៀនខ្មាស រវាងប្រុសនិងប្រុស។ ពួកគេទទួលទណ្ឌកម្មក្នុងរូបកាយគេផ្ទាល់ សមនឹងការវង្វេងរបស់គេ។ ដោយពួកគេយល់ថា មិនបាច់ស្គាល់ព្រះជាម្ចាស់យ៉ាងច្បាស់ ព្រះអង្គក៏បណ្ដោយគេទៅតាមគំនិតឥតពិចារណារបស់ខ្លួន គឺឲ្យគេប្រព្រឹត្តអំពើដែលមិនត្រូវប្រព្រឹត្ត។ ចិត្តរបស់ពួកគេពោរពេញដោយគំនិតទុច្ចរិតគ្រប់យ៉ាង គំនិតអាក្រក់ គំនិតលោភលន់ គំនិតពាល ពេញទៅដោយចិត្តច្រណែនឈ្នានីស ចង់សម្លាប់គេ ឈ្លោះប្រកែក ល្បិចកិច្ចកល និងអបាយមុខ។ ពួកគេចូលចិត្តបរិហារកេរ្តិ៍គ្នា និយាយដើមគ្នា តាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់ មានចិត្តកំរោលឃោរឃៅ មានអំនួតអួតបំប៉ោង ប្រសប់ខាងប្រព្រឹត្តអំពើអាក្រក់ មិនស្ដាប់បង្គាប់ឪពុកម្ដាយ។ ពួកគេជាមនុស្សល្ងីល្ងើមានចិត្តមិនទៀង ជាមនុស្សអត់ចិត្ត មិនចេះអាណិតអាសូរ។
រ៉ូម 1:24-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុនោះបានជាព្រះទ្រង់ប្រគល់គេទៅឯសេចក្ដីស្មោកគ្រោក តាមចិត្តគេប្រាថ្នាចង់បាន ឲ្យបានបង្អាប់ដល់រូបកាយគេទៅវិញទៅមក គេបានផ្លាស់សេចក្ដីពិតនៃព្រះ ឲ្យទៅជាសេចក្ដីភូតភរវិញ ក៏កោតខ្លាច ហើយគោរពបូជាដល់របស់ដែលកើតមក ជាជាងដល់ព្រះ ដែលបង្កើតរបស់ទាំងនោះមក ជាព្រះដែលមានព្រះពរអស់កល្បជានិច្ច អាម៉ែន ហេតុនោះបានជាព្រះទ្រង់ប្រគល់គេ ទៅក្នុងសេចក្ដីរំជួលដ៏អាស្រូវបារាយ ដ្បិតទាំងពួកស្រីៗរបស់គេ ក៏បានផ្លាស់ប្រែទំនៀមទំលាប់ពីបវេណីចេញ ឲ្យខុសពីធម្មតា ហើយពួកប្រុសៗក៏បែបដូច្នោះដែរ គេបានលះចោលទំនៀមទំលាប់របស់ស្ត្រីពីបវេណីចេញ ហើយបង្កើតឲ្យមានសេចក្ដីសំរើបរោលរាល ដល់គ្នាទៅវិញទៅមក គឺប្រុសប្រព្រឹត្តនឹងប្រុសៗ ជាការដ៏អាក្រក់ជួជាតិ នោះគេក៏ទទួលរង្វាន់ចំពោះខ្លួនគេ ដែលសំណំនឹងសេចក្ដីកំហុសរបស់ខ្លួន ហើយដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ដល់ព្រះសោះ បានជាទ្រង់ប្រគល់គេទៅតាមគំនិតចោលម្សៀតវិញ ដើម្បីឲ្យបានសំរេចការដែលមិនគួរគប្បីធ្វើ ជាមនុស្សមានពេញដោយសេចក្ដីទុច្ចរិតគ្រប់យ៉ាង គឺសេចក្ដីកំផិត សេចក្ដីកំណាច សេចក្ដីលោភ នឹងសេចក្ដីព្យាបាទ ក៏មានសេចក្ដីឈ្នានីស នឹងការកាប់សំឡាប់ ឈ្លោះប្រកែក កិច្ចកល គំនិតខិលខូចដ៏ពោរពេញផង ជាមនុស្សចែចូវ បេះបួយ ស្អប់ព្រះ ព្រហើនឈ្លានពាន មានះកាន់ខ្លួន អួតអាង ជាមេបង្កើតការអាក្រក់ ហើយមិនស្តាប់បង្គាប់តាមឪពុកម្តាយ ឥតយោបល់ មានចិត្តមិនទៀង មិនចេះស្រឡាញ់តាមធម្មតា ក៏ឥតមានសេចក្ដីមេត្តាករុណាសោះ