រ៉ូម 1:19-22
រ៉ូម 1:19-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតអ្វីដែលគេអាចស្គាល់ពីព្រះបាន នោះជាក់ច្បាស់ដល់ពួកគេហើយ ព្រោះព្រះបានបង្ហាញឲ្យគេឃើញ។ តាំងពីកំណើតពិភពលោកមក ព្រះចេស្តាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ ដែលទោះជាគេមើលមិនឃើញក្ដី នោះក៏បានបង្ហាញឲ្យឃើញច្បាស់ ហើយយល់បាន តាមរយៈអ្វីៗដែលព្រះអង្គបង្កើតមកដែរ។ ដូច្នេះ គេមិនអាចដោះសាបានឡើយ ដ្បិតទោះជាគេបានស្គាល់ព្រះ ក៏គេមិនបានតម្កើងព្រះអង្គជាព្រះ ឬអរព្រះគុណព្រះអង្គដែរ ផ្ទុយទៅវិញ គេបែរជាមានគំនិតឥតប្រយោជន៍ ហើយចិត្តល្ងង់ខ្លៅរបស់គេ ក៏ត្រឡប់ជាងងឹត។ គេអួតអាងថាខ្លួនមានប្រាជ្ញា តែគេបែរជាល្ងីល្ងើ
រ៉ូម 1:19-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតអ្វីៗដែលមនុស្សលោកអាចស្គាល់ពីព្រះជាម្ចាស់ នោះមានជាក់ច្បាស់ក្នុងចំណោមពួកគេហើយ ព្រោះព្រះអង្គបានសម្តែងឲ្យគេឃើញ។ លក្ខណៈដ៏ប្រសើរបំផុតរបស់ព្រះអង្គ ដែលមនុស្សមើលពុំឃើញ គឺឫទ្ធានុភាពដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្តី ឬឋានៈរបស់ព្រះអង្គជាព្រះជាម្ចាស់ក្តី ព្រះអង្គបានសម្តែងឲ្យគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះ នៅពេលណាដែលគេរិះគិតអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។ ដូច្នេះ គេពុំអាចដោះសាខ្លួនបានឡើយ ដ្បិតគេបានស្គាល់ព្រះជាម្ចាស់ តែពុំបានលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ឲ្យសមនឹងឋានៈរបស់ព្រះជាម្ចាស់ទេ ហើយគេក៏ពុំបានអរព្រះគុណព្រះអង្គទៀតផង។ ផ្ទុយទៅវិញ គេបានវង្វេងទៅតាមការរិះគិតរបស់ខ្លួន ហើយចិត្តល្ងីល្ងើរបស់គេក៏បែរទៅជាងងឹតសូន្យសុងដែរ។ គេអួតអាងថាខ្លួនមានប្រាជ្ញា តែបែរជាលេលាទៅវិញ។
រ៉ូម 1:19-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រោះការអ្វីដែលអាចនឹងស្គាល់ពីព្រះបាន នោះបានសំដែងមកក្នុងពួកគេហើយ ដោយព្រះទ្រង់សំដែងការនោះឲ្យគេឃើញជាក់ ដ្បិតអ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយមក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច នឹងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក ព្រោះកាលគេបានស្គាល់ព្រះ នោះគេមិនបានដំកើងទ្រង់ ទុកជាព្រះទេ ក៏មិនដឹងគុណទ្រង់ដែរ គេកើតមានគំនិតឥតប្រយោជន៍វិញ ហើយចិត្តគេ ដែលឥតយោបល់ ក៏បានត្រឡប់ជាងងឹតទៅ គេអួតខ្លួនថា មានប្រាជ្ញា បានជាគេត្រឡប់ទៅជាល្ងង់ល្ងើវិញ