រ៉ូម 1:15-20
រ៉ូម 1:15-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ខ្ញុំក៏មានបំណងចង់ប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ដែលនៅក្រុងរ៉ូមនេះដែរ។ ដ្បិតខ្ញុំមិនខ្មាសអំពីដំណឹងល្អទេ ព្រោះជាព្រះចេស្តារបស់ព្រះ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺដំបូងដល់សាសន៍យូដា និងដល់សាសន៍ក្រិកផង។ ដ្បិតនៅក្នុងដំណឹងល្អនេះ សេចក្តីសុចរិតរបស់ព្រះបានសម្ដែងមក តាមរយៈជំនឿ សម្រាប់ជំនឿ ដូចមានសេចក្តីចែងទុកមកថា «មនុស្សសុចរិតនឹងរស់ដោយជំនឿ» ។ ដ្បិតសេចក្តីក្រោធរបស់ព្រះ បានសម្ដែងពីស្ថានសួគ៌មក ទាស់នឹងគ្រប់ទាំងសេចក្តីទមិឡល្មើស និងសេចក្តីទុច្ចរិតរបស់មនុស្ស ដែលបង្ខាំងសេចក្តីពិត ដោយសេចក្តីទុច្ចរិតរបស់គេ ដ្បិតអ្វីដែលគេអាចស្គាល់ពីព្រះបាន នោះជាក់ច្បាស់ដល់ពួកគេហើយ ព្រោះព្រះបានបង្ហាញឲ្យគេឃើញ។ តាំងពីកំណើតពិភពលោកមក ព្រះចេស្តាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ ដែលទោះជាគេមើលមិនឃើញក្ដី នោះក៏បានបង្ហាញឲ្យឃើញច្បាស់ ហើយយល់បាន តាមរយៈអ្វីៗដែលព្រះអង្គបង្កើតមកដែរ។ ដូច្នេះ គេមិនអាចដោះសាបានឡើយ
រ៉ូម 1:15-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ ខ្ញុំក៏មានបំណងនាំដំណឹងល្អមកជូនបងប្អូននៅក្រុងរ៉ូមនេះដែរ ដ្បិតខ្ញុំមិនខ្មាសនឹងប្រកាសដំណឹងល្អទេ ព្រោះដំណឹងល្អនេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺមុនដំបូងសាសន៍យូដា បន្ទាប់មក សាសន៍ក្រិក។ ដំណឹងល្អនេះសម្តែងឲ្យដឹងថា ព្រះជាម្ចាស់ប្រោសប្រទានឲ្យមនុស្សបានសុចរិត ដោយសារជំនឿ និងឲ្យគេកាន់តាមជំនឿ ដូចមានចែងទុកមកថា: «មនុស្សសុចរិតមានជីវិតរស់ ដោយសារជំនឿ» ។ ព្រះជាម្ចាស់សម្តែងព្រះពិរោធពីស្ថានបរមសុខ*មក ប្រឆាំងនឹងការមិនគោរពប្រណិប័តន៍ព្រះអង្គ ប្រឆាំងនឹងអំពើទុច្ចរិតគ្រប់យ៉ាងដែលមនុស្សលោកប្រព្រឹត្ត ទាំងយកអំពើទុច្ចរិតនោះខ្ទប់សេចក្ដីពិតមិនឲ្យលេចចេញមក ដ្បិតអ្វីៗដែលមនុស្សលោកអាចស្គាល់ពីព្រះជាម្ចាស់ នោះមានជាក់ច្បាស់ក្នុងចំណោមពួកគេហើយ ព្រោះព្រះអង្គបានសម្តែងឲ្យគេឃើញ។ លក្ខណៈដ៏ប្រសើរបំផុតរបស់ព្រះអង្គ ដែលមនុស្សមើលពុំឃើញ គឺឫទ្ធានុភាពដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្តី ឬឋានៈរបស់ព្រះអង្គជាព្រះជាម្ចាស់ក្តី ព្រះអង្គបានសម្តែងឲ្យគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះ នៅពេលណាដែលគេរិះគិតអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។ ដូច្នេះ គេពុំអាចដោះសាខ្លួនបានឡើយ
រ៉ូម 1:15-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ឯខ្ញុំៗប្រុងប្រៀបតែនឹងប្រាប់ដំណឹងល្អមកអ្នករាល់គ្នា ដែលនៅក្រុងរ៉ូមដែរ ដ្បិតខ្ញុំគ្មានសេចក្ដីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើម នឹងសាសន៍ក្រេកផង ដ្បិតសេចក្ដីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្ដីជំនឿ ហើយឲ្យបានសេចក្ដីជំនឿចំរើនច្រើនឡើងផង ដូចមានសេចក្ដីចែងទុកមកថា «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្ដីជំនឿ»។ ពីព្រោះសេចក្ដីក្រោធរបស់ព្រះ បានសំដែងមកពីស្ថានសួគ៌ ទាស់នឹងគ្រប់ទាំងសេចក្ដីទមិលល្មើស នឹងសេចក្ដីទុច្ចរិតរបស់មនុស្ស ដែលគេបង្ខាំងសេចក្ដីពិត ដោយសេចក្ដីទុច្ចរិត ព្រោះការអ្វីដែលអាចនឹងស្គាល់ពីព្រះបាន នោះបានសំដែងមកក្នុងពួកគេហើយ ដោយព្រះទ្រង់សំដែងការនោះឲ្យគេឃើញជាក់ ដ្បិតអ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយមក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច នឹងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក