រ៉ូម 1:1-6
រ៉ូម 1:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុល ជាអ្នកបម្រើ របស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះអង្គបានត្រាស់ហៅឲ្យធ្វើជាសាវក ទាំងញែកចេញសម្រាប់ដំណឹងល្អរបស់ព្រះ ដែលព្រះអង្គបានសន្យាពីមុន តាមរយៈពួកហោរាព្រះអង្គ នៅក្នុងគម្ពីរបរិសុទ្ធ ជាដំណឹងល្អអំពីព្រះរាជបុត្រារបស់ព្រះអង្គ ដែលខាងសាច់ឈាម ព្រះអង្គបានចាប់កំណើតក្នុងរាជវង្សព្រះបាទដាវីឌ តែខាងព្រះវិញ្ញាណនៃសេចក្ដីបរិសុទ្ធ ត្រូវបានតែងតាំងជាព្រះរាជបុត្រារបស់ព្រះ ប្រកបដោយព្រះចេស្តា ដោយព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា ដែលតាមរយៈព្រះអង្គ យើងខ្ញុំបានទទួលព្រះគុណ និងមុខងារជាសាវក ដើម្បីនាំឲ្យមានការស្ដាប់បង្គាប់តាមជំនឿ នៅកណ្តាលអស់ទាំងសាសន៍ សម្រាប់ព្រះនាមព្រះអង្គ ដែលអ្នករាល់គ្នាក៏នៅក្នុងចំណោមអ្នកទាំងនោះដែរ ជាអ្នកដែលទទួលការត្រាស់ហៅមកជាកម្មសិទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ។
រ៉ូម 1:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំ ប៉ូល ជាអ្នកបម្រើរបស់ព្រះគ្រិស្តយេស៊ូ ព្រះជាម្ចាស់*បានត្រាស់ហៅខ្ញុំឲ្យធ្វើជាសាវ័ក* និងជ្រើសរើសខ្ញុំឲ្យប្រកាសដំណឹងល្អរបស់ព្រះអង្គ។ ដំណឹងល្អនេះ ព្រះជាម្ចាស់បានសន្យាទុកជាមុនក្នុងព្រះគម្ពីរ តាមរយៈពួកព្យាការី*របស់ព្រះអង្គ ស្ដីអំពីព្រះបុត្រារបស់ព្រះអង្គ។ បើគិតតាមមនុស្ស ព្រះបុត្រាប្រសូតមកក្នុងព្រះរាជវង្សរបស់ព្រះបាទដាវីឌ តែបើគិតតាមព្រះវិញ្ញាណ ដែលផ្ដល់ឲ្យមនុស្សបានវិសុទ្ធ*វិញ ព្រះជាម្ចាស់បានតែងតាំងព្រះអង្គ ជាព្រះបុត្រាប្រកបដោយឫទ្ធានុភាព ដោយប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ។ តាមរយៈព្រះបុត្រា គឺព្រះអម្ចាស់យេស៊ូគ្រិស្ត យើងខ្ញុំបានទទួលព្រះគុណ និងមុខងារជាសាវ័ក ដើម្បីនាំជាតិសាសន៍ទាំងអស់ប្រតិបត្តិតាមជំនឿ សម្រាប់លើកតម្កើងព្រះនាមព្រះអង្គ។ បងប្អូនដែលព្រះយេស៊ូគ្រិស្តបានត្រាស់ហៅ ក៏នៅក្នុងចំណោមជាតិសាសន៍ទាំងនោះដែរ។
រ៉ូម 1:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សំបុត្រប៉ុលខ្ញុំ ជាបាវបំរើរបស់ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានហៅមកធ្វើជាសាវក ទាំងញែកចេញទុកសំរាប់ដំណឹងល្អនៃព្រះ (ជាដំណឹងល្អដែលទ្រង់បានសន្យាពីដើម ដោយសារពួកហោរាទ្រង់ ទុកក្នុងគម្ពីរបរិសុទ្ធ គឺពីព្រះរាជបុត្រានៃព្រះ ដែលខាងឯសាច់ឈាម ទ្រង់បានចាប់កំណើតក្នុងព្រះវង្សាហ្លួងដាវីឌ តែខាងឯព្រះវិញ្ញាណនៃសេចក្ដីបរិសុទ្ធ នោះបានសំដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះពិត ទាំងមានព្រះចេស្តាផង ដោយទ្រង់បានរស់ពីស្លាប់ឡើងវិញ គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលយើងខ្ញុំបានទទួលព្រះគុណ នឹងងារជាសាវក ដោយសារទ្រង់ សំរាប់ឲ្យមានមនុស្សចុះចូល តាមសេចក្ដីជំនឿ នៅកណ្តាលអស់ទាំងសាសន៍ ទុកជាប្រយោជន៍ដល់ព្រះនាមទ្រង់ ដែលអ្នករាល់គ្នាក៏នៅក្នុងពួកអ្នកទាំងនោះ ជាពួកអ្នកដែលព្រះយេស៊ូវគ្រីស្ទទ្រង់បានហៅដែរ)