ម៉ាថាយ 24:1-14

ម៉ាថាយ 24:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌យេស៊ូវ​កំពុង​យាង​ចេញ​ពី​ព្រះ‌វិហារ​ទៅ ពួក​សិស្ស​របស់​ព្រះ‌អង្គ​ចូល​មក​ជិត ហើយ​ចង្អុល​បង្ហាញ​អាគារ​ផ្សេងៗ​ក្នុង​បរិវេណ​ព្រះ‌វិហារ ថ្វាយ​ព្រះ‌អង្គ​ទត។ ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ឃើញ​របស់​អស់​ទាំង​នេះ​ឬ​ទេ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ទី​នេះ​នឹង​គ្មាន​ថ្ម​ណា​មួយ​នៅ​ត្រួត​លើ​គ្នា​ទៀត​ឡើយ ទាំង​អស់​នឹង​ត្រូវ​ទម្លាក់​ចុះ»។ កាល​ព្រះ‌អង្គ​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះ‌អង្គ​ដាច់​ដោយ​ឡែក ហើយ​ទូល​សួរ​ថា៖ «សូម​ប្រាប់​យើង​ខ្ញុំ​ផង តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​ពេល​ណា? ហើយ​តើ​នឹង​មាន​ទី​សម្គាល់​អ្វី​អំពី​ព្រះ‌អង្គ​យាង​មក និង​អំពី​គ្រា​ចុង​បំផុត?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​លេច​មក ដោយ​ប្រើ​ឈ្មោះ​របស់​ខ្ញុំ​ថា "ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រីស្ទ" ហើយ​គេ​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ អ្នក​រាល់​គ្នា​នឹង​ឮ​អំពី​សង្គ្រាម និង​ដំណឹង​អំពី​សង្គ្រាម ចូរ​ប្រយ័ត្ន​កុំ​ជ្រួល‌ច្របល់ ដ្បិត​ការ​នេះ​ត្រូវ​តែ​កើត​ឡើង តែ​មិន​ទាន់​ដល់​ចុង​បញ្ចប់​នៅ​ឡើយ​ទេ។ ដ្បិត​សាសន៍​មួយ​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​មួយ នគរ​មួយ​ទាស់​នឹង​នគរ​មួយ ហើយ​នឹង​កើត​មាន​អំណត់ [ជំងឺ​អាសន្ន‌រោគ] និង​រញ្ជួយ​ផែនដី​នៅ​កន្លែង​ផ្សេងៗ ប៉ុន្តែ ការ​ទាំង​អស់​នេះ ប្រៀប​បាន​នឹង​ការ​ចាប់​ផ្ដើម​របស់​ស្ត្រី​ដែល​ឈឺ​ចាប់​ហៀប​នឹង​សម្រាល​កូន។ ពេល​នោះ គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​គេ​ធ្វើ​ទារុណ‌កម្ម ហើយ​សម្លាប់​អ្នក​រាល់​គ្នា។ គ្រប់​ទាំង​សាសន៍​នឹង​ស្អប់​អ្នក​រាល់​គ្នា​ព្រោះ​តែ​នាម​ខ្ញុំ។ គ្រា​នោះ មនុស្ស​ជា​ច្រើន​នឹង​ឃ្លាត​ចេញ​ពី​ជំនឿ គេ​នឹង​ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក ក៏​នឹង​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​លេច​មក ហើយ​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​វង្វេង ហើយ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ចម្រើន​ឡើង​ជា​ច្រើន សេចក្តី​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន​នឹង​រសាយ​ទៅ។ ប៉ុន្តែ អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់ អ្នក​នោះ​នឹង​បាន​សង្គ្រោះ។ ដំណឹង​ល្អ​អំពី​ព្រះរាជ្យ​នេះ នឹង​ត្រូវ​ប្រកាស​ពាស‌ពេញ​ពិភព​លោក​ទាំង​មូល ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ ហើយ​ពេល​នោះ ទើប​ចុង​បញ្ចប់​មក​ដល់»។

ចែក​រំលែក
អាន ម៉ាថាយ 24

ម៉ាថាយ 24:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្រះ‌យេស៊ូ​កំពុង​យាង​ចេញ​ពី​ព្រះ‌វិហារ ពួក​សិស្ស​ចូល​មក​ជិត ចង្អុល​បង្ហាញ​វិមាន​ផ្សេងៗ​ក្នុង​ព្រះ‌វិហារ ថ្វាយ​ព្រះអង្គ​ទត។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ពេល​នេះ នឹង​ត្រូវ​រលំ​បាក់​បែក​អស់ លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ!»។ កាល​ព្រះ‌យេស៊ូ​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​សិស្ស*​នាំ​គ្នា​ចូល​ទៅ​គាល់​ព្រះអង្គ ដាច់​ឡែក​ពី​គេ ហើយ​ទូល​ថា៖ «សូម​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​អ្វី​ជា​សម្គាល់​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ដល់​ពេល​ព្រះអង្គ​យាង​មក និង​ដល់​អវសាន​កាល​នៃ​ពិភព​លោក?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន កុំ​បណ្ដោយ​នរណា​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ឡើយ ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​ទៅ​ប្រើ ដោយ​ពោល​ថា: “ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រិស្ត*”។ គេ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ អ្នក​រាល់​គ្នា​នឹង​ឮ​គេ​និយាយ​អំពី​សង្គ្រាម និង​ឮ​ដំណឹង​ថា មាន​សង្គ្រាម​ផ្ទុះ​ឡើង​ហើយ។ កុំ​ជ្រួល‌ច្របល់​ឡើយ ដ្បិត​ហេតុ‌ការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង តែ​មិន​ទាន់​ដល់​អវសាន‌កាល​នៃ​ពិភព​លោក​នៅ​ឡើយ​ទេ។ ប្រជា‌ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​តទល់​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត ។ នៅ​តាម​តំបន់​ផ្សេងៗ​នឹង​មាន​កើត​ទុរ្ភិក្ស និង​រញ្ជួយ​ផែនដី។ ប៉ុន្តែ ហេតុ‌ការណ៍​ទាំង​នេះ​ប្រៀប​បាន​ទៅ​នឹង​ការ​ឈឺ​ចាប់​ដើម​ដំបូង​របស់​ស្ត្រី ដែល​ហៀប​នឹង​សម្រាល​កូន។ គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ទុក្ខ​ទោស ព្រម​ទាំង​ឲ្យ​គេ​សម្លាប់​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។ ជាតិ​សាសន៍​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ នៅ​ពេល​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​បែក​ចិត្ត​ឃ្លាត​ចេញ​ពី​ជំនឿ ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្អប់​គ្នា​ផង។ ព្យាការី*​ក្លែងក្លាយ​ជា​ច្រើន​នឹង​មក​ដល់ ហើយ​បញ្ឆោត​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ អំពើ​ទុច្ចរិត​នឹង​រីក​ចម្រើន​ឡើង​ជា​ខ្លាំង បណ្ដាល​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​មួយ​ចំនួន​ធំ​ត្រូវ​ធ្លាក់​ចុះ​អន់‌ថយ។ ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ។ គេ​នឹង​ប្រកាស​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ*​នេះ ពាស‌ពេញ​សកល​លោក​ទាំង​មូល ទុក​ជា​សក្ខីភាព​ដល់​ជាតិ​សាសន៍​ទាំង​អស់។ ពេល​នោះ ទើប​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។

ចែក​រំលែក
អាន ម៉ាថាយ 24

ម៉ាថាយ 24:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ព្រះ‌យេស៊ូវ ទ្រង់​កំពុង​តែ​យាង​ចេញ​ពី​ព្រះ‌វិហារ​ទៅ នោះ​ពួក​សិស្ស​ក៏​មក​ចង្អុល​បង្ហាញ​អស់​ទាំង​មន្ទីរ​នៃ​ព្រះ‌វិហារ ថ្វាយ​ទ្រង់​ទត តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ឃើញ​វត្ថុ​ទាំង​នេះ​ឬ​ទេ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ទី​នេះ​នឹង​គ្មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម ដែល​មិន​ត្រូវ​ទំលាក់​ចុះ​នោះ​ទេ រួច​កាល​ទ្រង់​គង់​លើ​ភ្នំ​ដើម​អូលីវ នោះ​ពួក​សិស្ស​មក​ឯ​ទ្រង់​ដោយ‌ឡែក ទូល​សួរ​ថា សូម​ប្រាប់​យើង​ខ្ញុំ តើ​ការ​ទាំង​នេះ​កាល​ណា​នឹង​មក​ដល់ តើ​មាន​ទី​សំគាល់​ណា​ពី​ទ្រង់​យាង​មក ហើយ​ពី​បំផុត​កល្ប ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ប្រយ័ត ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន យក​ឈ្មោះ​ខ្ញុំ​មក​និយាយ​ថា ខ្ញុំ​នេះ​ជា​ព្រះ‌គ្រីស្ទ ហើយ​អ្នក​ទាំង​នោះ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង​ចេញ​ផង អ្នក​រាល់​គ្នា​នឹង​ឮ​និយាយ​ពី​ចំបាំង នឹង​ដំណឹង​ពី​ចំបាំង នោះ​កុំ​ឲ្យ​មាន​ចិត្ត​ថប់​បារម្ភ​ឡើយ ដ្បិត​ការ​ទាំង​នោះ​ត្រូវ​តែ​មក​ដល់ តែ​នោះ​ពុំ​ទាន់​ដល់​ចុង​បំផុត​នៅ​ឡើយ​ទេ ពី​ព្រោះ​សាសន៍​១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​១ នគរ​១​ទាស់​នឹង​នគរ​១ ហើយ​នឹង​កើត​មាន​អំណត់ ជំងឺ​អាសន្ន‌រោគ នឹង​កក្រើក​ដី​នៅ​កន្លែង​ផ្សេងៗ តែ​ការ​ទាំង​នោះ​ជា​ដើម​ចម​នៃ​សេចក្ដី​ទុក្ខ​ទេ គ្រា​នោះ គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​មាន​សេចក្ដី​វេទនា ព្រម​ទាំង​សំឡាប់​អ្នក​រាល់​គ្នា ហើយ​គ្រប់​ទាំង​សាសន៍​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ នៅ​គ្រា​នោះ មនុស្ស​ជា​ច្រើន​នឹង​រវាត​ចិត្ត​ចេញ គេ​នឹង​បញ្ជូន​គ្នា ហើយ​នឹង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក ក៏​នឹង​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​កើត​ឡើង នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​វង្វេង​ដែរ រួច​ដោយ​ព្រោះ​ការ​ទទឹង​ច្បាប់​នឹង​ចំរើន​ជា​ច្រើន​ឡើង បាន​ជា​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន​នឹង​រសាយ​អស់​ទៅ តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​វិញ អ្នក​នោះ​នឹង​បាន​សង្គ្រោះ ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទួទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត។

ចែក​រំលែក
អាន ម៉ាថាយ 24