ម៉ាថាយ 24:1-14

ម៉ាថាយ 24:1-14 ពគប

កាល​ព្រះ‌យេស៊ូវ ទ្រង់​កំពុង​តែ​យាង​ចេញ​ពី​ព្រះ‌វិហារ​ទៅ នោះ​ពួក​សិស្ស​ក៏​មក​ចង្អុល​បង្ហាញ​អស់​ទាំង​មន្ទីរ​នៃ​ព្រះ‌វិហារ ថ្វាយ​ទ្រង់​ទត តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ឃើញ​វត្ថុ​ទាំង​នេះ​ឬ​ទេ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ទី​នេះ​នឹង​គ្មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម ដែល​មិន​ត្រូវ​ទំលាក់​ចុះ​នោះ​ទេ រួច​កាល​ទ្រង់​គង់​លើ​ភ្នំ​ដើម​អូលីវ នោះ​ពួក​សិស្ស​មក​ឯ​ទ្រង់​ដោយ‌ឡែក ទូល​សួរ​ថា សូម​ប្រាប់​យើង​ខ្ញុំ តើ​ការ​ទាំង​នេះ​កាល​ណា​នឹង​មក​ដល់ តើ​មាន​ទី​សំគាល់​ណា​ពី​ទ្រង់​យាង​មក ហើយ​ពី​បំផុត​កល្ប ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ប្រយ័ត ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន យក​ឈ្មោះ​ខ្ញុំ​មក​និយាយ​ថា ខ្ញុំ​នេះ​ជា​ព្រះ‌គ្រីស្ទ ហើយ​អ្នក​ទាំង​នោះ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង​ចេញ​ផង អ្នក​រាល់​គ្នា​នឹង​ឮ​និយាយ​ពី​ចំបាំង នឹង​ដំណឹង​ពី​ចំបាំង នោះ​កុំ​ឲ្យ​មាន​ចិត្ត​ថប់​បារម្ភ​ឡើយ ដ្បិត​ការ​ទាំង​នោះ​ត្រូវ​តែ​មក​ដល់ តែ​នោះ​ពុំ​ទាន់​ដល់​ចុង​បំផុត​នៅ​ឡើយ​ទេ ពី​ព្រោះ​សាសន៍​១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​១ នគរ​១​ទាស់​នឹង​នគរ​១ ហើយ​នឹង​កើត​មាន​អំណត់ ជំងឺ​អាសន្ន‌រោគ នឹង​កក្រើក​ដី​នៅ​កន្លែង​ផ្សេងៗ តែ​ការ​ទាំង​នោះ​ជា​ដើម​ចម​នៃ​សេចក្ដី​ទុក្ខ​ទេ គ្រា​នោះ គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​មាន​សេចក្ដី​វេទនា ព្រម​ទាំង​សំឡាប់​អ្នក​រាល់​គ្នា ហើយ​គ្រប់​ទាំង​សាសន៍​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ នៅ​គ្រា​នោះ មនុស្ស​ជា​ច្រើន​នឹង​រវាត​ចិត្ត​ចេញ គេ​នឹង​បញ្ជូន​គ្នា ហើយ​នឹង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក ក៏​នឹង​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​កើត​ឡើង នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​វង្វេង​ដែរ រួច​ដោយ​ព្រោះ​ការ​ទទឹង​ច្បាប់​នឹង​ចំរើន​ជា​ច្រើន​ឡើង បាន​ជា​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន​នឹង​រសាយ​អស់​ទៅ តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​វិញ អ្នក​នោះ​នឹង​បាន​សង្គ្រោះ ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទួទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត។

អាន ម៉ាថាយ 24