ម៉ាថាយ 24
24
ព្រះយេស៊ូប្រកាសអំពីការបំផ្លាញព្រះវិហារ*
(ម៉ាកុស ១៣.១-២ លូកា ២១.៥-៦)
1ពេលនោះ ព្រះយេស៊ូកំពុងយាងចេញពីព្រះវិហារ ពួកសិស្សចូលមកជិត ចង្អុលបង្ហាញវិមានផ្សេងៗក្នុងព្រះវិហារ ថ្វាយព្រះអង្គទត។ 2ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវរលំបាក់បែកអស់ លែងមានថ្មត្រួតពីលើថ្មទៀតហើយ!»។
ហេតុការណ៍នៅគ្រាចុងក្រោយ
(ម៉ាកុស ១៣.៣-១៣ លូកា ២១.៧-១៩)
3កាលព្រះយេស៊ូគង់នៅលើភ្នំដើមអូលីវ ពួកសិស្ស*នាំគ្នាចូលទៅគាល់ព្រះអង្គ ដាច់ឡែកពីគេ ហើយទូលថា៖ «សូមប្រាប់ឲ្យយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសម្គាល់ឲ្យយើងខ្ញុំដឹងថា ដល់ពេលព្រះអង្គយាងមក និងដល់អវសានកាលនៃពិភពលោក?»។ 4ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងឡើយ 5ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំទៅប្រើ ដោយពោលថា: “ខ្ញុំនេះហើយជាព្រះគ្រិស្ត*”។ គេនឹងនាំមនុស្សជាច្រើនឲ្យវង្វេង។ 6អ្នករាល់គ្នានឹងឮគេនិយាយអំពីសង្គ្រាម និងឮដំណឹងថា មានសង្គ្រាមផ្ទុះឡើងហើយ។ កុំជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង តែមិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។ 7ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត#២៤.៧ អេសាយ ១៩.២។។ នៅតាមតំបន់ផ្សេងៗនឹងមានកើតទុរ្ភិក្ស និងរញ្ជួយផែនដី។ 8ប៉ុន្តែ ហេតុការណ៍ទាំងនេះប្រៀបបានទៅនឹងការឈឺចាប់ដើមដំបូងរបស់ស្ត្រី ដែលហៀបនឹងសម្រាលកូន។
9 #
មថ. ១០.២២
គេនឹងបញ្ជូនអ្នករាល់គ្នាទៅធ្វើទុក្ខទោស ព្រមទាំងឲ្យគេសម្លាប់អ្នករាល់គ្នាថែមទៀតផង។ ជាតិសាសន៍ទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ 10នៅពេលនោះ នឹងមានមនុស្សជាច្រើនបែកចិត្តឃ្លាតចេញពីជំនឿ ក្បត់គ្នាទៅវិញទៅមក និងស្អប់គ្នាផង។ 11ព្យាការី*ក្លែងក្លាយជាច្រើននឹងមកដល់ ហើយបញ្ឆោតមនុស្សជាច្រើនឲ្យវង្វេង។ 12អំពើទុច្ចរិតនឹងរីកចម្រើនឡើងជាខ្លាំង បណ្ដាលឲ្យសេចក្ដីស្រឡាញ់របស់មនុស្សមួយចំនួនធំត្រូវធ្លាក់ចុះអន់ថយ។ 13#មថ. ១០.២២ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។ 14គេនឹងប្រកាសដំណឹងល្អ*អំពីព្រះរាជ្យ*នេះ ពាសពេញសកលលោកទាំងមូល ទុកជាសក្ខីភាពដល់ជាតិសាសន៍ទាំងអស់។ ពេលនោះ ទើបដល់អវសានកាលនៃពិភពលោក»។
គ្រាមានទុក្ខលំបាក
(ម៉ាកុស ១៣.១៤-២៣ លូកា ២១.២០-២៤)
15 #
ដន. ៩.២៧, ១១.៣១, ១២.១១ «ពេលណាអ្នករាល់គ្នាឃើញ វត្ថុចង្រៃដ៏គួរស្អប់ខ្ពើម#២៤.១៥ ពាក្យនេះសំដៅលើរូបសំណាករបស់ព្រះនានា ដែលស្ដេចអន់ទីគូស-អេពីផានបានយកមកតម្កល់ក្នុងព្រះវិហារនៅក្រុងយេរូសាឡឹម នៅឆ្នាំ១៦៥ មុនគ.ស.។ ព្រះយេស៊ូមានព្រះបន្ទូលទុកអំពីរូបសំណាកដែលជនជាតិរ៉ូម៉ាំងយកមកដាក់ក្នុងព្រះវិហារ នៅគ.ស ៧០។ តាំងនៅក្នុងទីសក្ការៈ ដូចព្យាការីដានីយ៉ែលបានថ្លែងទុក (សូមឲ្យអ្នកអានយល់ពាក្យនេះចុះ!) 16ពេលនោះ អ្នកដែលរស់ក្នុងស្រុកយូដា ត្រូវនាំគ្នារត់ទៅជ្រកនៅតាមភ្នំ។ 17#លក. ១៧.៣១រីឯអ្នកនៅលើដំបូលផ្ទះ មិនត្រូវចុះមកយកអ្វីៗនៅក្នុងផ្ទះឡើយ 18ហើយអ្នកដែលនៅឯចម្ការ ក៏មិនត្រូវវិលទៅផ្ទះយកអាវធំរបស់ខ្លួនដែរ។ 19គ្រានោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនមុខជាត្រូវវេទនាពុំខាន។ 20ចូរទូលអង្វរព្រះជាម្ចាស់ សូមកុំឲ្យអ្នករាល់គ្នាត្រូវរត់ភៀសខ្លួននៅរដូវត្រជាក់ ឬនៅថ្ងៃសប្ប័ទ*ឡើយ 21#ដន. ១២.១; វវ. ៧.១៤ដ្បិតពេលនោះ ជាពេលមានទុក្ខលំបាកយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោកមកទល់សព្វថ្ងៃ ហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមានទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ។ 22ប្រសិនបើព្រះជាម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណារួចជីវិតឡើយ ប៉ុន្តែ ព្រះអង្គបន្ថយចំនួនថ្ងៃទាំងនោះ ដោយយោគយល់ដល់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស។
23ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា “ព្រះគ្រិស្ត*គង់នៅទីនេះ ឬនៅទីនោះ” កុំជឿគេឡើយ 24ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាព្រះគ្រិស្ត ព្រមទាំងមានព្យាការី*ក្លែងក្លាយនាំគ្នាសម្តែងទីសម្គាល់ធំអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ ដើម្បីបញ្ឆោតមនុស្ស រហូតដល់ទៅនាំពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើសឲ្យវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។ 25ខ្ញុំនិយាយប្រាប់ឲ្យអ្នករាល់គ្នាដឹងជាមុនឲ្យហើយ។
26 #
លក. ១៧.២៣-២៤
បើមានគេប្រាប់អ្នករាល់គ្នាថា “ព្រះអង្គនៅវាលរហោស្ថានឯណោះ!” កុំចេញទៅតាមគេឡើយ ឬមួយបើគេថា “ព្រះអង្គនៅក្នុងបន្ទប់ឯណេះ!” ក៏កុំជឿពាក្យគេដែរ 27ដ្បិតបុត្រមនុស្ស*នឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីទិសខាងកើតទៅទិសខាងលិច។ 28#លក. ១៧.៣៧សាកសពនៅទីណា ត្មាតក៏មកប្រមូលផ្ដុំគ្នានៅទីនោះដែរ#២៤.២៨ យ៉ូប ៣៩.៣០។»។
បុត្រមនុស្សនឹងយាងមក
(ម៉ាកុស ១៣.២៤-២៧; លូកា ២១.២៥-២៨)
29 #
អស. ១៣.១០, ៣៤.៤; អគ. ៣២.៧; យអ. ២.១០, ៣១, ៣.១៥; វវ. ៦.១២-១៣ «លុះគ្រាមានទុក្ខវេទនានេះកន្លងផុតទៅ ភ្លាមនោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ។ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ#២៤.២៩ អេសាយ ១៣.១០។ អំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក។ 30#ដន. ៧.១៣; សក. ១២.១០-១៤; វវ. ១.៧ពេលនោះ ទីសម្គាល់របស់បុត្រមនុស្ស*នឹងលេចចេញពីផ្ទៃមេឃមក។ កុលសម្ព័ន្ធ*ទាំងប៉ុន្មាននៅលើផែនដីនឹងនាំគ្នាយំគក់ទ្រូង គេនឹងឃើញបុត្រមនុស្សយាងមកលើពពក*ក្នុងផ្ទៃមេឃ#២៤.៣០ ដានីយ៉ែល ៧.១៣។ ប្រកបដោយឫទ្ធានុភាព និងសិរីរុងរឿងដ៏អស្ចារ្យ។ 31ពេលនោះ មានសំឡេងត្រែលាន់ឮរំពងឡើង លោកក៏ចាត់ពួកទេវតា*របស់លោកឲ្យទៅទិសទាំងបួន ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ចាប់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាង»។
ព្រះបន្ទូលអំពីដើមឧទុម្ពរ
(ម៉ាកុស ១៣.២៨-៣១ លូកា ២១.២៩-៣៣)
32«ចូរអ្នករាល់គ្នាយកប្រស្នា*ស្ដីអំពីដើមឧទុម្ពរ*ទៅរិះគិតចុះ។ កាលណាមែករបស់វាមានស្លឹកលាស់ខៀវខ្ចី អ្នករាល់គ្នាដឹងថា រដូវប្រាំង#២៤.៣២ ពាក្យដើម «រដូវក្ដៅ»។ជិតមកដល់ហើយ។ 33ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្តិការណ៍ទាំងអស់នោះកើតឡើង ត្រូវដឹងថា បុត្រមនុស្សក៏ជិតមកដល់ហើយដែរ គឺលោកមកជិតបង្កើយហើយ។ 34ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង ក្នុងពេលដែលមនុស្សជំនាន់នេះ មានជីវិតនៅឡើយ។ 35ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ»។
ការត្រៀមខ្លួនរង់ចាំទទួលព្រះគ្រិស្ត
(ម៉ាកុស ១៣.៣២-៣៧; លូកា ១៧.២៦-៣០, ៣៤-៣៦)
36«រីឯថ្ងៃកំណត់ និងពេលវេលា គ្មាននរណាដឹងឡើយ ទោះបីទេវតា*នៅស្ថានបរមសុខ* ឬព្រះបុត្រាក៏ពុំជ្រាបដែរ មានតែព្រះបិតាមួយព្រះអង្គប៉ុណ្ណោះដែលជ្រាប។ 37#លប. ៦.៥-៨នៅគ្រាបុត្រមនុស្សយាងមក ក៏ដូចកាលនៅសម័យលោកណូអេដែរ 38គឺមុនពេលទឹកជំនន់ធំ មនុស្សម្នាតែងតែនាំគ្នាស៊ីផឹក រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃដែលលោកណូអេចូលក្នុងទូកធំ។ 39#លប. ៧.៦-២៤គេមិនបានចាប់អារម្មណ៍អ្វីសោះ ទាល់តែទឹកជំនន់ឡើងមកដល់បំផ្លាញគេអស់ទៅ។ នៅគ្រាដែលបុត្រមនុស្សយាងមក ក៏កើតមានដូច្នោះដែរ។ 40បើមានមនុស្សពីរនាក់ធ្វើការក្នុងចម្ការជាមួយគ្នា ព្រះជាម្ចាស់នឹងយកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។ 41បើមានស្ត្រីពីរនាក់កិនស្រូវជាមួយគ្នា ព្រះជាម្ចាស់នឹងយកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។ 42ដូច្នេះ ចូរប្រុងស្មារតីឲ្យមែនទែន ដ្បិតអ្នករាល់គ្នាពុំដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកដល់នៅពេលណាឡើយ។ 43#លក. ១២.៣៩-៤០អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់មុខជាប្រុងស្មារតីពុំខាន មិនបណ្ដោយឲ្យចោរចូលមកប្លន់ផ្ទះគាត់ឡើយ។ 44ដូច្នេះ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្សនឹងមកដល់នៅវេលា ដែលអ្នករាល់គ្នាពុំបានគិត»។
ប្រស្នាអំពីអ្នកបម្រើស្មោះត្រង់ និងអ្នកបម្រើមិនស្មោះត្រង់
(លូកា ១២.៤១-៤៨)
45«បើអ្នកបម្រើណាមានចិត្តស្មោះត្រង់ ហើយឈ្លាសវៃ ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យអ្នកបម្រើនោះមើលខុសត្រូវលើអ្នកបម្រើឯទៀតៗ ក្នុងការចែកម្ហូបអាហារឲ្យគេ តាមពេលកំណត់ពុំខាន។ 46ពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ ឃើញអ្នកបម្រើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកបម្រើនោះប្រាកដជាមានសុភមង្គលហើយ។ 47ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យគាត់មើលខុសត្រូវលើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់លោកថែមទៀតផង។ 48ផ្ទុយទៅវិញ បើអ្នកបម្រើនោះមានចិត្តអាក្រក់ ហើយគិតថា “ម្ចាស់អញក្រមកដល់ណាស់” 49គាត់វាយអ្នកបម្រើឯទៀតៗ ព្រមទាំងទៅស៊ីផឹកជាមួយអ្នកប្រមឹក។ 50ពេលម្ចាស់វិលត្រឡប់មកផ្ទះវិញ នៅថ្ងៃដែលអ្នកបម្រើនោះមិនបានរង់ចាំ ឬនៅពេលដែលគាត់មិនដឹង 51លោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយឲ្យគាត់ទទួលទោសរួមជាមួយពួកមានពុតត្បុតដែរ គឺឲ្យទៅនៅកន្លែងយំសោកខឹងសង្កៀតធ្មេញ»។
ទើបបានជ្រើសរើសហើយ៖
ម៉ាថាយ 24: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.